៦ចំណុច​សំខាន់ៗ​អ្នក​គាំទ្រ​​គួរ​ដឹង​​មុន​ទស្សនា​​វីដេអូ​ភាគ​ "ស្រទន់​មន្ត​ស្នេហ៍" ​

  • 2017-06-26 06:09:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ភាគ​ខ្នាត​ធំ​ "ស្រទន់​មន្ត​ស្នេហ៍​" ត្រៀម​ចាក់​បញ្ចាំង​ជា​ផ្លូវការ​ហើយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ CTN។ ៦​ចំណុច​ខាង​ក្រោម​នេះ​អ្នក​គាំទ្រ​គួរ​ដឹង​មុន​ទស្សនា​វីដេអូ​ភាគ​​ទូរទស្សន៍​ខ្នាត​ធំ​ដំបូង​បង្អស់​នៅ​កម្ពុជា៖

​​​​​​១. ក្រុម​ការងារ​ចំណាយ​ពេល​ផលិត​ពេញ​១​ឆ្នាំ

ទម្រាំ​ស្វែង​រក​ទីតាំង​ ជ្រើស​រើស​តួ សរសេរ​អត្ថបទ​រឿង និង​ដំណើរ​ការ​ថត​ ក្រុម​ការងារ​ចំណាយ​ពេល​មិន​ជាង​១​ឆ្នាំ​នោះ​ទេ​ទម្រាំ​ផលិត​រឿង​នេះ​បាន​ជោគជ័យ។

២. ប្រមូល​ផ្ដុំ​ដោយ​តារា​ឯក

អាច​និយាយ​បាន​ថា​​វីដេអូ​ភាគ "ស្រទន់​មន្ត​ស្នេហ៍​" ជា​វីដេអូ​ភាគ​ដំបូង​គេ​ដែល​មាន​តួ​ធំៗ​សម្ដែង​រួម​គ្នា​ជាង​១០​រូប​ដែល​សុទ្ធ​សឹង​តែ​ជាតួ​សំខាន់​ដូចជា ប៊ឺរី, នៅ ម៉ារីសា, សៀម ស្រនិច, វី យ៉ារ៉ូ, គួង, ពុធ ស្រីខួច ជាដើម ជាពិសេស​តួអង្គ​នីមួយ​ៗ​មាន​អត្តចរិត​តួអង្គ​សម្ដែង​ប្លែក​គ្នា​ទៀត​ផង។

៣. ថត​ចេញ​ពី​ប្រលោម​លោក​ដ៏​ពេញ​និយម​បំផុត

មុន​នឹង​ក្លាយ​ជា​វីដេអូ​ភាគ​ដែល​ផលិត​ដោយ Studio4 “ស្រទន់​មន្ត​ស្នេហ៍​" មាន​អ្នក​អាន​ជាង​៣​លាន​នាក់​រួច​មក​ហើយ​ពេល​​នៅ​ ប្រលោម​លោក​ Sabay។ ចំនួន​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ "ស្រទន់​មន្ត​ស្នេហ៍​" ក្លាយ​ជា​ប្រលោម​លោក​ពេញ​និយម​បំផុត​​របស់​យុវវ័យ។ ​

៤. បច្ចេកទេស​បទដ្ឋាន​ភាពយន្ត​ខ្នាត​ធំ អ្នក​ដឹក​នាំ​បច្ចេកទេស​ថត​របស់​វីដេអូ​ភាគ​នេះ​គឺ​បាន​បញ្ចប់​​ការ​សិក្សា​មក​ពី​ប្រទេស​កូរ៉េ គ្រប់​ប្លង់​ថត​ភាគ​ច្រើន​គឺ​គុណភាព​ប្រហាក់​ប្រហែល​នឹង​ប្លង់​ថត​របស់​ភាពយន្ត​ខ្នាត​ធំ មិន​មែន​ភាពយន្ត​ភាគ​ទូរទស្សន៍​ធម្មតា​ឡើយ។ ​

៥. លំដាប់​កំពូល​នៃ​សិល្បៈ​រចនា​ម៉ូដ

សិល្បៈ​រចនា​ម៉ូដ​គឺ​ដើរ​ឈាន​មុខ​ជានិច្ច​សម្រាប់​ "ស្រទន់​មន្ត​ស្នេហ៍" ព្រោះ​សាច់​រឿង​ភាគ​ច្រើន​គឺ​និយាយ​អំពី​ Fashion។ ក្នុង​នោះ​ផង​ដែរ​​រឿង​នេះ​មាន​កម្មវិធី​ប្រឡង​៣​ធំៗ​ដែល​និយាយ​ពី​ភាព​លេចធ្លោ​របស់​ម៉ូដ​សំលៀក​បំពាក់​គឺ "តួ​ឯក​ឆោម​គន់" “រាត្រី​គជ​ខ្យង" និង "រាត្រី​ម៉ូដ​សូត្រ"។

៦. នេះ​ជា​ការ​វិនិយោគ​ដ៏​ធំ​​លើ​ភាពយន្ត​ភាគ

នេះ​ជា​លើក​ដំបូង​បង្អស់​​របស់​ក្រុមហ៊ុន Sabay ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន CBS ដើម្បី​ផលិត​វីដេអូ​ភាគ​លំដាប់ A នេះ​ឡើង។ បើ​តាម​ការ​បញ្ជាក់​របស់​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន Sabay Digital ថា​វីដេអូ​ភាគ​លំដាប់​ A នេះ​គឺ​ចំណាយ​ច្រើន​ជាង​ប្រមាណ​ជា​២​ដង​បើ​ធៀប​ទៅ​នឹង​វីដេអូ​ភាគ​មុន​ៗ​របស់ Sabay៕​​​​

អត្ថបទ៖ Samedy