ទី​បំផុត ហ្វៃ សំអាង ត្រឡប់​មក​វិញ​មែន​ជាមួយ​រឿង​ល្បី​របស់​លោក​កាល​ជាង ១០​ឆ្នាំ​មុន

  • 2017-06-27 01:50:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហ្វៃ សំអាង ដែល​បាន​លា​ឈប់​ពី​តួនាទី​ជា​អ្នក​ផលិត និង​គ្រប់គ្រង​កម្មវិធី​សិល្បៈ​របស់​ទូរទស្សន៍​អប្សរា កាល​ពី​អំឡុង​ខែ​មីនា​នោះ បាន​ព្រលយ​ឲ្យ​ដឹង​ថា មិន​ទៅ​ណា​ចោល​សិល្បៈ​ទេ នឹង​ត្រឡប់​មក​ម្ដង​ទៀត​ជាមួយ​រឿង​ភ្ញាក់​ផ្អើល​មួយ ឥឡូវ​គឺ​លោក​ត្រឡប់​មក​វិញ​មែន ជាមួយ​រឿង "កូន​ពស់​កេង​កង"។

រឿង "កូន​ពស់​កេងកង" គឺ​ជា​ខ្សែ​ភាពយន្ត​ខ្នាត​ធំ ដែល​ធ្លាប់​ធ្វើ​ឲ្យ​លោក​ ហ្វៃ សំអាង ល្បី​ខ្ទរខ្ទា កាល​ពី​ជាង​១០​ឆ្នាំ​មុន។ ឥឡូវ រឿង​នេះ​ត្រូវ​បាន​លោក​យក​មក​ថត​សា​ជា​ថ្មី ដោយ​បម្លែង​ទៅ​ជា​រឿង​ភាគ​សម្រាប់​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​វិញ ដោយ​បាន​បើក​ក្រុង​ពាលី​ចាប់​ផ្ដើម​ថត​ព្រឹក​មិញ។

អ្នក​និពន្ធ​ល្បី​ឈ្មោះ​រូប​នេះ បាន​ប្រាប់​ថា រឿង​នេះ លោក និង​អ្នក​និពន្ធ ប៉ុល ពិសី បាន​និពន្ធ​រួម​គ្នា ទុក​សម្រាប់​​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ហង្សមាស ក្រោយ​ថត​ចប់ និង​មាន ៦០ភាគ។ ក្រៅ​ពី​ច្នៃ​ចេញ​ជា​វីដេអូ​ភាគ​សម្រាប់​ទូរទស្សន៍ លោក ហ្វៃ សំអាង បាន​ប្រាប់​ទៀត​ថា ភាពយន្ត​និយាយ​ពី​ស្នេហា​ពស់ និង​មនុស្ស​មួយ​នេះ នឹង​មាន​ការ​ចូល​រួម​ដោយ​តារា​ល្បី​ៗ​ចាស់​ថ្មី​រួម​គ្នា​ចំនួន​៦០ដួង​ ដែល​លោក​អ្នក​មិន​ធ្លាប់​បាន​ទស្សនា​កន្លង​មក​។

លោក​លើក​ឡើង​ទៀត​ថា កូន​ពស់​កេង​កង គឺ​ជា​រឿង​ភាគ​ដែល​មាន​សាច់​រឿង​ខុស​ប្លែក​ពី​រឿង​ដុំ​ ដោយ​សារ​រឿង​នេះ​មាន​បន្ថែម​តួអង្គ​ជា​ច្រើន​ទៀត "កូន​ពស់​កេងកង" របស់​លោក បាន​ច្នៃ​បញ្ចូល​តួ​ថ្មី​មួយ​ទៀត ដើម្បី​ឲ្យ​សាច់​រឿង​កាន់​តែ​ទាក់​ទាញ។តួ​នោះ គឺ​តួ​អង្គ​ពស់វែក ដែល​មិន​មាន​ទេ​ក្នុង​រឿង "កូន​ពស់​កេង​កង" សម្រាប់​បញ្ចាំង​នៅ​រោង​កុន​កាល​ជាង​១០​ឆ្នាំ​មុន។

ក្រៅ​ពី​នេះ​ ឈុត​ឆាក​ពិសេស​ៗ​ដែល​ទំនើប​ផ្នែក​បច្ចេកទេស​ ជា​ពិសេស​សំលៀក​បំពាក់​ គ្រឿង​អលង្ការ​សុទ្ធ​តែ​កាត់​ថ្មី​ថែម​ទៀត​នឹង​មាន​បន្ថែម​ក្នុង​ខ្សែ​ភាពយន្ត "កូន​ពស់​កេង​កង" នា​ឆ្នាំ ២០១៨​នេះ។ លោក ហ្វៃ សំអាង អះអាង​ថា វីដេអូ​ភាគ​របស់​លោក​មួយ​នេះ គឺ​ជា​ខ្សែ​រឿង​ភាគ​ដែល​បាន​ដាក់​ទុន​ផលិត​យ៉ាង​ច្រើន​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ យ៉ាង​ណា លោក​មិន​បញ្ចេញ​តួលេខ​ពិត​ប្រាកដ​ពី​ទំហំ​ទឹក​ប្រាក់​វិនិយោគ​នោះ​ទេ។

តាម​ផែន​ការ រឿង​ភាគ "កូន​ពស់​កេង​កង" គ្រោង​ចំណាយ​ពេល​ថត​ប្រមាណ​ជា ៦ខែ មុន​ដាក់​បញ្ចាំង​ជូន​ប្រិយមិត្ត​បាន​ទស្សនា​នៅ​ដើម​ឆ្នាំ ២០១៨ ខាង​មុខ៕

អត្ថបទ៖ ស៊ុនហួត