ផលិត​ករ និង​តារា​សម្ដែង​លើក​ពី​មូលហេតុ​សំខាន់ ដែល​ទស្សនិកជន​មិន​គួរ​រំលង​រឿង​ភាគ​ "ពស់​កេងកង​"

  • 2017-06-27 02:24:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិត​ករ និង​តារា​សម្ដែង ៤រូប ដែល​ជា​តួ​សម្ដែង​ក្នុង​រឿង​ភាគ​ពស់​កេងកង​របស់​ស្ថានីយ​ទូរទស្សន៍​​ PNN បាន​លើក​ឡើង​ពី​លក្ខណៈ​ពិសេស​របស់​រឿង​ភាគ​ដែល​បាន​កែច្នៃ​ពី​រឿង​ដុំ​មក​ជា​រឿង​ភាគ​មួយ​នេះ​ថា​ជា​ការ​សម្រិត​សម្រាំង​ដ៏​ល្អ​ដែល​ទស្សនិកជន​មិន​គួរ​រំលង​ក្នុង​ការ​ទស្សនា​នោះ​ទេ។

ការ​ជជែក និង​ពិភាក្សា​ជាមួយ​តារា​ទាំង​ ៣ដួង រួម​នឹង​ផលិតករ​រឿង​ពស់​កេងកង​នេះ ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ មិថុនា​កន្លង​ទៅ​នេះ ក្នុង​កម្មវិធី​សន្ទនា​ថ្ងៃ​សៅរ៍​របស់ PNN ដោយ​មាន​ការ​ចូលរួម​ពី​ផលិតករ​លោក ដើង ពុទ្ធ​ពណ៌ តារា​ជើងចាស់​លោក ជា សំណាង តារា​សម្ដែង​ស៊ិចស៊ី​កញ្ញា ឌួង ម៉ា​និច្ច និង​តួឯក​របាំ​អប្សរា​កញ្ញា ស៊ិន សក្កដា។

លោក ដើង ពុទ្ធ​ពណ៌ ផលិតករ​រឿង​ពស់​កេងកង​បាន​ឲ្យ​ដឹង​ថា​៖ "ពស់​កេងកង ជា​រឿង​ដែល​ផ្ដល់​ការ​អប់រំ​ច្រើន​ដល់​សង្គម​ខ្មែរ​យើង និង​បង្ហាញ​ពី​មនុស្ស​អាច​និយាយ​ជាមួយ​ពស់ មនុស្ស​អាច​និយាយ​ជាមួយ​ចាប ចំណុច​ផិត​ក្បត់ ចំណុច​កម្ម​ពៀរ​វេរា​មាន​អ្វី​ខ្លះ ចំណុច​ទាំងអស់​នេះ​ហើយ​ដែល​ខ្ញុំ​គិត​ថា​ជា​ចំណុច​ពិសេស​របស់​រឿង​ពស់​កេងកង"។

ដោយឡែក​តារា​សម្ដែង​ជើងចាស់​លោក ជា សំណាង ក៏​បាន​លើក​ឡើង​ថា ទាំង​តួ​សម្ដែង និង​ផលិតករ រួម​ទាំង​ក្រុម​ការងារ​ទាំងអស់ មាន​ការ​ប្រឹង​ប្រែ​ង និង​ស្វិតស្វាញ​ខ្លាំង បើ​ទោះ​បី​ជា​ត្រូវ​ថត​ទាំង​ថ្ងៃ ទាំង​យប់​ក៏ដោយ ព្រោះ​ចង់​ឲ្យ​សាច់​រឿង​ទាំងមូល​ទទួល​បាន​លទ្ធ​ផល​ល្អ។

រីឯ​កញ្ញា ឌួង ម៉ា​និច្ច ក៏​បាន​លើក​ឡើង​ស្រដៀង​គ្នា​ដែរ​ថា សម្រាប់​កញ្ញា និង​តារា​ផ្សេងៗ​ទៀត​ក្នុង​រឿង​ពស់​កេងកង​នេះ ជួប​ការ​លំបាក​ច្រើន តែ​នៅ​តែ​ប្រឹង​ប្រែង​ថត​រហូតដល់​ចប់។ មួយ​ទៀត​គឺ​ការ​សម្ដែង​ជាមួយ​សត្វ​ពស់ ដែល​ជា​លើក​ទីមួយ​សម្រាប់​កញ្ញា។

មិន​ខុសគ្នា​ប៉ុន្មាន​កញ្ញា ស៊ិន សក្កដា ក៏​បាន​ពុះពារ​ច្រើន​ក្នុង​ការ​សម្ដែង​នេះ​ផង​ដែរ ដោយ​កញ្ញា​ត្រូវ​ថត​ទាំង​ឈឺ​ទាំង​ជា ធ្វើ​យ៉ាង​ណា​ឲ្យ​ខ្សែ​ភាពយន្ត​នេះ​បញ្ចប់​ទៅ​ដោយ​រលូន និង​ទទួល​បាន​គុណភាព​សម្រាប់​ទស្សនិកជន។

ខ្សែ​ភាពយន្ត​ភាគ​ដ៏​ល្អ​ប្រចាំ​ឆ្នាំ​រឿង "ពស់​កេងកង" នឹង​ចាក់​ផ្សាយ​ទស្សនា​ចាប់​ពី​ថ្ងៃ​ទី​១២ កក្កដា ម៉ោង ៨-៩យប់ រៀង​រាល់​ថ្ងៃ​ចន្ទ-ពុធ លើ​កញ្ចក់​ទូរទស្សន៍ PNN បន្ទាប់​ពី​រឿង "មន្ត​សេ្នហ៍​លេខា"។ ចង់​ដឹង​រឿង​នេះ​ទាក់​ទាញ​យ៉ាង​ណា មើល​វីដេអូ​ខាង​ក្រោម៖

​ ​

ដោយ៖ វិទូ

អត្ថបទថ្មី