រៀន​ពេល​យ​ប់ និង​រៀន​ពេល​ថ្ងៃ​ មួយ​ណា​ល្អ​ជាង​?​

  • 2017-06-29 03:39:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​បច្ចុប្បន្ន​នេះ​ភាព​រីកចម្រើន​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​បម្រើ​ឲ្យ​វិស័យ​សិក្សាធិការ ក៏​​​ដូច​​​ជា​​​បច្ចេកវិទ្យា​​​បាន​​​ធ្វើ​ឲ្យ​ការសិក្សា​របស់​សិស្ស​និស្សិត​កាន់តែ​ មាន​ការ​ងាយស្រួល​។ ដោយ​​​គេ​​​អាច​​​ជ្រើស​​​រើស​​​ពេល​​​វេលា ​​នៃ​ការសិក្សា​បាន​ទៅតាម​លទ្ធភាព និង​ពេលវេលា ​ដែល​គេ​ម្នាក់ៗ​មាន មិន​ថា​យប់​ឬក៏​ថ្ងៃ​នោះ​ឡើយ។​

ជា​និស្សិត​ឆ្នាំ​ទី​៤ ​ផ្នែក​ធានា​គារ នៃ​សកលវិទ្យាល័យ​ចេនឡា អាយុ ២៣​ឆ្នាំ កញ្ញា ងិន សុ​ដា​ណែ​ត បាន​​​​​លើក​ឡើង​ថា សម្រាប់​ខ្ញុំ​រៀន​នៅ​ពេល​ថ្ងៃ​ល្អ​ជាង ព្រោះ​យើង​មាន​កម្លាំងកាយ​ពេញលេញ មាន​​​ពេល​​​វេលា​​​ច្រើន​ក្នុង​ការសិក្សា​ស្រាវជ្រាវ នឹង​អាច​រៀន​ជាមួយ​មិត្ត​ច្រើន​នាក់ ងាយស្រួល​អាច​សួរ សំណួរ​​​ឬ​​​ក៏​​​ស្វែង​​​រក​​​ជំនួយ​​​នៅ​ពេល​មាន​ចម្ងល់​បាន​។

កញ្ញា ដា​ណែ​ត បន្ត​ថា ដោយ​គ្រួសារ​មាន​ជីវភាព​មិនសូវ​ធូរធារ​ ខ្ញុំ​ត្រូវ​ធ្វើការ​នៅ​ពេល​ថ្ងៃ ដើម្បី​​​បាន​​​ប្រាក់​​​ខ្លះ​​​មក​ជួយ​បង់ថ្លៃ​សាលា ទើប​ខ្ញុំ​ជ្រើសរើស​ពេលវេលា​សិក្សា​នៅ​ពេល​យប់ ដែល​​​វា​​​មាន​​​ការ​​​លំបាក​​​បន្តិច​​ ព្រោះថា ពេល​ដែល​យើង​គេង​មិនបាន​ស្កប់ស្កល់​នៅ​ពេល​យ​ប់ នោះ​​​យើង​​​នឹង​​​មិន​​​មាន​​​ថា​ម​​​ពល​​​គ្រប់​​​គ្រាន់​​ ដែល​ធ្វើ​ឲ្យ​យើង​មិន​អាច ផ្ដោត​អារម្មណ៍​ទៅលើ​ការសិក្សា​បាន​ល្អ​ដូច​រៀន​នៅ​ពេល​ថ្ងៃ​នោះ​ទេ​។​

​ចំណែក​យុវជន សុខ ជីវ័ន្ត អាយុ​២៦​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​ ២ ​​ផ្នែក​IT នៃ​សកលវិទ្យាល័យ​​ន័រ​តុ​ន បាន និយាយ​​​ថា ការ​សិក្សា​ពេល​យប់ ឫ​នៅ​ពេល​ថ្ងៃ គឺ​មាន​ហេតុផល​រៀង​ខ្លួន​។ សម្រាប់​ខ្ញុំ​ការសិក្សា​ពេល​យ​ប់ ខ្ញុំ​គិត​ថា ល្អ​​​ជាង​ព្រោះ​វា​មាន​ភាព​ស្ងប់ស្ងាត់ ងាយ​តាំង​អារម្មណ៍​ផ្តោត​ទៅលើ​ការសិក្សា អាច​​​ផ្ចង់​​​ស្មារតី​​​បាន​​​ច្រើន​​​ព្រោះ​​​គ្មាន​​​ភាព​​​រំខាន​ច្រើន​ដូច​នៅ​ពេល​ថ្ងៃ ដែល​មនុស្ស​យើង​មាន​សកម្មភាព​ច្រើន​។

​សម្រាប់​យុវជន ហួរ គឹម​ហេង អាយុ​២៨ ជា​និស្សិត​ច្បាប់ បាន​ឲ្យ​ដឹងថា កាល​​​ដែល​​​និស្សិត​​​ជ្រើស​​​រើស​​​ពេល​​​វេលា​​​សិក្សា​​​យប់ ឫ​ថ្ងៃ គឺ​មាន​ហេតុផល​របស់​គេ​រៀង​ៗ​ខ្លួន ដោយ​ខ្លះ​ថា ពេល​​​យប់​​​ល្អ​​​ជាង​​​ព្រោះ​​​ស្ងប់​​​ស្ងាត់ ងាយ​តាំង​អារម្មណ៍​ផ្ដោត​ទៅ​លើ​ការសិក្សា​ជាដើម​។ ចំណែក​ខ្លះ​ទៀ​ត​ថា រៀន​​​ថ្ងៃ​​​ល្អ​​​ជាង​​​ព្រោះ​​​ងាយ​​​ស្រួល​​​ក្នុង​​​ការ​​​មាន​​​ទំនាក់ទំនង​ជាមួយ​គ្រូ​បង្រៀន​ និង​មិត្ត​រួម​ថ្នាក់​ព្រោះថា​មនុស្ស ភាគ​​​ច្រើន​​​អាច​​​ទាក់​​​ទង​​​បាន​​​តែ​​​ពេល​​​ថ្ងៃ​។ ​​​

​យុវជន គឹម​ ហេង បន្តថា តាម​ការ​គិត​របស់​ខ្ញុំ ការសិក្សា​នៅ​ពេល​ថ្ងៃ ​គឺ​ល្អ​ជាង​ពេល​យប់ គឺ​វា​​​មិន​​​មាន​​​បញ្ហា​​​ដល់​​​ភ្នែក ​​ព្រោះ​​​ថា​​​​ ពន្លឺ​​​ពី​​​ធម្មជាតិ​​​ មិន​​​ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​ដល់​​​ភ្នែក​​​របស់​​​យើង ​​នោះ​​​ឡើយ ​​ម្យ៉ាង​​​រៀន​​​នៅ​​​ពេល​​​ថ្ងៃ ​​យើង​​​មាន​​​ពេល​​​គេង​​​យ៉ាង ​​ស្កប់ស្កល់​នៅ​ពេល​យ​ប់​រួច​ហើយ​នោះ លោក​អ្នក​នឹង​មាន​ថា​ម​ពល​គ្រប់​គ្រាន់ និង​អាច ផ្តោត​អារម្មណ៍​ទៅលើ​ការសិក្សា​បាន​យ៉ាង​ល្អ​នៅ​ថ្ងៃ​បន្ទាប់​៕

ចុចអាន៖

អត្ថបទ៖ ហេង នាង (CCJ)