ពលករខ្មែរ សម្រុកចេញពីថៃច្រើនលំដាប់ទី២ បន្ទាប់ពីមីយ៉ាន់ម៉ា (វីដេអូ)
- 2017-07-03 04:37:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពលករខ្មែរ សម្រុកចេញពីថៃច្រើនលំដាប់ទី២ បន្ទាប់ពីមីយ៉ាន់ម៉ា (វីដេអូ)
ចន្លោះមិនឃើញ
ពលករខុសច្បាប់ក្នុងប្រទេសថៃជាច្រើនលាននាក់ កំពុងរងផលប៉ះពាល់ខ្លាំង ក្រោយរដ្ឋាភិបាលយោធាថៃ បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹង និងចាប់ផ្ដើមពង្រឹង រឹតបន្តឹងច្បាប់អន្តោប្រវេសន៍របស់ខ្លួនឡើងវិញ។
យោងតាមមន្ត្រីអន្តោប្រវេសន៍ថៃ ពលករខុសច្បាប់ជាច្រើនម៉ឺននាក់ ដែលសម្រុកចេញពីថៃ ត្រឡប់ទៅកាន់ប្រទេសកំណើតខ្លួនក្នុងមួយថ្ងៃៗ ភាគច្រើន ជាពលរដ្ឋមីយ៉ាន់ម៉ា និងកម្ពុជា ប៉ុន្តែប្រភពមិនបានបញ្ជាក់ពីតួលេខឡើយ។
បទបញ្ជាថ្មីនេះ ត្រូវបានដាក់ចេញចាប់តាំងពីថ្ងៃ ១៧ មិថុនា ដើម្បីគ្រប់គ្រងពលករបរទេស ចូលមកធ្វើការក្នុងទឹកដីខ្លួន ចំណែកថៅកែ ដែលទទួលពលករគ្មានឯកសារគ្រប់គ្រាន់មកបម្រើការងារក្នុងអាជីវកម្មរបស់ខ្លួន ត្រូវពិន័យជាប្រាក់ប្រមាណ ៨ សែនបាត ស្មើជាង ២៣ ៥០០ ដុល្លារអាមេរិក។
បទបញ្ជានេះដែរ ធ្វើឲ្យអ្នករកស៊ីជាច្រើនក្នុងប្រទេសថៃ បង្ខំចិត្តបញ្ឈប់ពលករខុសច្បាប់របស់ខ្លួនទាំងអស់ មុននឹងអាជ្ញាធរចាប់ផ្ដើមវិធានការក្ដៅ។
ទោះបីជាយ៉ាងណា រដ្ឋាភិបាលយោធាថៃ អះអាងថា បទបញ្ជានេះ គឺធ្វើឲ្យមានភាពស្របច្បាប់ សម្រាប់ពលករបរទេស មកបម្រើការក្នុងប្រទេសខ្លួន ខណៈប៉ូលិសអន្តោប្រវេសន៍ថៃ ទទួលស្គាល់ថា ពលករបរទេស គឺជាគ្រឹះមួយផ្នែកដ៏សំខាន់ សម្រាប់សង្វាក់ពលកម្មក្នុងប្រទេស។
ពលរដ្ឋនៃបណ្ដាប្រទេសភូមិផងរបងជាមួយថៃ រាប់បញ្ចូលទាំង មីយ៉ាន់ម៉ា កម្ពុជា ឡាវ គឺជាឆ្អឹងខ្នងដ៏រឹងមាំ សម្រាប់កម្លាំងពលកម្មស្នូល ក្នុងឧស្សាហកម្មជាច្រើនរាប់បញ្ចូលទាំង ឧស្សាហកម្មគ្រឿងសមុទ្រ ដែលមានតម្លៃរាប់ពាន់លានដុល្លារ៕