​ប្រវត្តិ​គ្រូ​បង្វឹក SCG Muangthong ​ធ្លាប់​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម​៤​ដង មុន​មក​ប៉ះ​ All Stars ​កម្ពុជា

  • 2017-07-05 02:47:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Totchtawan Sripan ​គ្រូ​បង្វឹក​ក្រុម SCG Muangthong United ​នឹង​ដឹក​នាំ​កូន​ក្រុម​របស់​ខ្លួន​មក​ប្រកួត​ជាមួយ​ក្រុម Cambodian All Stars ​នៅ​ថ្ងៃ​ទី​១៦​ខាង​មុខ​នេះ ​ក្នុង​ដំណើរ ​SCG Muangthong United ASEAN Tour 2017។

ដោយ​ការ​ប្រកួត​នេះ​ទៀត​សោត ​អាច​និយាយ​បាន​ថា​ជា​ការ​សងសឹក​គ្នា​មួយ ព្រោះ​ថា​កាល​ពី​ឆ្នាំ​មុន​នោះ ​ក្រុម​ជើង​ឯក​ថៃ​មួយ​នេះ ​បាន​បរាជ័យ​ម្ដង​មក​ហើយ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ​ក្រោម​ថ្វី​ជើង​របស់ All Stars ​របស់​កម្ពុជា​ក្នុង​លទ្ធផល ៤-៣។ ដោយ​ឡែក​នៅ​គ្រា​នោះ ​មិន​មែន​ដឹក​នាំ​ដោយ​លោក Totchtawan ​ទេ ​ដូច្នេះ​លទ្ធផល​លើក​នេះ​អាច​នឹង​ប្រែប្រួល​ខ្លះ​ព្រោះ​ក្រុម Muangthong ​ក្រោម​គ្រូ​បង្វឹក​ម្នាក់​នេះ ឃើញ​ថា​មាន​លទ្ធផល​ច្រើន​។

បើ​និយាយ​ពី​ប្រវត្តិ​របស់​គ្រូ​បង្វឹក​វ័យ​៤៥​ឆ្នាំ​នេះ​វិញ ​លោក​គឺ​ជា​អតីត​កីឡាករ​ល្បី​ឈ្មោះ​ម្នាក់ ដោយ​ធ្លាប់​លេង​ឱ្យ​ជម្រើស​ជាតិ​វិញ​តាំង​ពី​ឆ្នាំ​១៩៩២​ដល់​ឆ្នាំ​២០០៨។ លេង​ក្នុង​តំបន់​បម្រើ​ប្រយុទ្ធ ​លោក Totchtawan ​មាន​សមត្ថភាព​ខ្ពស់​ដោយ​ធ្លាប់​ទៅ​លេង​នៅ​ក្រៅ​ប្រទេស ​ដូចជា​ថៃ​និង​សិង្ហបុរី​ជា​ដើម។ អ្វី​ដែល​បុរស​រូប​នេះ ​កាន់​តែ​ល្បីល្បាញ​ថែម​ទៀត​នោះ​គឺ​អំឡុង​ពេល​លេង​ឱ្យ​ជម្រើស​ជាតិ ​ទល់​ក្រុម Manchester United ​ក្នុង​ប្រកួត​មិត្តភាព​ឆ្នាំ​២០០១​នោះ ​លោក​អាច​រក​គ្រាប់​បាល់​បាន​យ៉ាង​ស្អាត។ នៅ​ព្រឹត្តិការណ៍ Sea Games ​វិញ ​លោក​បាន​ជួយ​ជម្រើស​ជាតិ​ថៃ​ឈ្នះ​មេដាយ​មាស​ដល់​ទៅ​៤​ដង​ឯ​ណោះ ​ក្នុង​ឆ្នាំ​១៩៩៣ ១៩៩៥ ១៩៩៧ ​និង​១៩៩៩។

មិន​ត្រឹម​តែ​ប៉ុណ្ណឹង​នៅ​ឆ្នាំ​២០០៧ Totchtawan ​ក៏​នៅ​ធ្វើ​បាន​ល្អ​ដែរ ​ដោយ​អាច​ស៊ុត​បាល់​ពិន័យ​ចម្ងាយ​ជាង​៣០​ម៉ែត្រ​បញ្ចូល​ទី​ក្រុម​ហុល្លង់​ថែម​ទៀត។ ដូច្នេះ​ហើយ ទើប​បាន​ជា​អ្នក​គាំទ្រ​វិស័យ​កីឡា​នៅ​ប្រទេស​ថៃ ​កោតសរសើរ​អ្វី​ដែល​គ្រូ​បង្វឹក​រូប​នេះ​ធ្វើ​បាន​ខ្លាំង​ណាស់ ​ក្នុង​អាជីព​ជា​កីឡាករ​របស់​លោក។

​នៅ​ឆ្នាំ​២០០៩ ​បុរស​ខាង​លើ​នេះ​បាន​ធ្វើ​ជា​គ្រូ​បង្វឹក​របស់​ក្រុម BEC Tero Sasana ​ក្នុង​នាម​ជា​កីឡាករ​ផង ​និង​បង្ហាត់​ផង។ ដល់​ឆ្នាំ​២០១០ ​លោក​បាន​បញ្ចប់​អាជីព​ជា​កីឡាករ ​និង​ក្លាយ​ជា​គ្រូ​បង្វឹក​ក្លឹប​មួយ​នេះ​ពេញលេញ​តែ​ម្ដង។ ដឹក​នាំ​បាន​១​ឆ្នាំ ​ Totchtawan ​​បាន​ផ្លាស់​ទៅ​ដឹក​នាំ​ក្រុម Saraburi ​វិញ ​រហូត​ដល់​ឆ្នាំ​២០១៥។ ក្នុង​ឆ្នាំ​នេះ ​លោក​បាន​សម្រេច​ចិត្ត​ផ្លាស់​ទៅ​ដឹក​នាំ​ក្រុម Police United ​វិញ ​មុន​បន្ដ​ទៅ​ដឹក​នាំ​ក្រុម SCG Muangthong United ​នៅ​ឆ្នាំ​២០១៦។ ​ត្រឹម​១​រដូវ​កាល​កន្លង​ទៅ ​គ្រូ​បង្វឹក​រូប​នេះ​ធ្វើ​បាន​ល្អ​មែនទែន ​ដោយ​អាច​នាំ​ក្រុម Muangthong ​ឈ្នះ​ពាន​៣​មក​ហើយ គឺ Thai League Thai League Cup ​និង Thailand Champions Cup ។

ដោយ​ឡែក​នៅ​ថ្ងៃ​ទី​១៦​នេះ លោក​នឹង​ដឹក​នាំ​ក្រុម​កីឡាករ​របស់​ខ្លួន​មក​ប្រកួត​ត​ទល់​ជាមួយ​ក្រុម Cambodian All Stars ​បន្ដ​ទៀត។ ចាំ​មើល​ថា​គ្រូ​បង្វឹក​មួយ​នេះ​អាច​ជួយ​ក្រុម​សងសឹក​បាន​ដែរ​ឬ​អត់? ខណៈ​ដែល​ប្រាក់​បាន​មក​ពី​ការ​ប្រកួត​នេះ​នឹង​យក​ទៅ​ជួយ​អភិវឌ្ឍ​បាល់ទាត់​យុវជន​ទូទាំង​ប្រទេស​កម្ពុជា៕

អត្ថបទ៖ មុន្នីរម្យ