តារា​ចម្រៀង​ និង​សម្ដែង​ ​ធ្លាប់​​​​ទទួល​រង​ព័ត៌មាន​​អាស្រូវ​ស្រឡាញ់​ភេទ​ដូច​គ្នា

  • 2017-07-05 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​​ និង​សម្ដែង​ប្រុស​១៣រូប​​នេះ​ធ្លាប់​ទទួល​រង​ព័ត៌មាន​អាស្រូវ​ស្រឡាញ់​ភេទ​ដូច​គ្នា​​កន្លង​មក​នៅ​ពេល​ដែល​ពួក​គេ​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​សិល្បៈ​​ តែ​​ព័ត៌មាន​ទាំង​នោះ​ត្រូវ​បាន​ពួក​គេ​ច្រាន​ចោល​​ ថា​មិន​មែន​ជា​ការពិត​ឡើយ​។ ​ ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់​ថា​​តើ​តារា​ចម្រៀង​ និង​សម្ដែង​ទាំង​១៣​ រូប​នេះ​មាន​អ្នក​ណា​ខ្លះ​ទៅ​តាម​ដាន​ជាមួយ​Sabay ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖​

១/ ឆន សុវណ្ណ​រាជ កន្លង​មក​ធ្លាប់​​មាន​ព័ត៌មាន​លេច​ឮ​ថា​ លោក​មាន​ទំនាក់​ទំនង​ស្នេហា​ភេទ​ដូច​គ្នា​ ។​ព័ត៌មាន​​នេះ​ត្រូវ​បាន​​តារា​ចម្រៀង​រូប​នេះ​ចេញ​មុខ​បក​ស្រាយ​ថា​​​ខ្លួន​មិន​បាន​ស្រឡាញ់​ភេទ​ដូច​គ្នា​នោះ​ទេ​ បុរស​ដែល​បណ្ដើរ​កន្លង​មក​គឺ​ជា​ប្អូន​ប្រុស​ខ្លួន​។

២/ ចំណែក​ឯ​ នីកូ វិញ​កន្លង​មក​ត្រូវ​បាន​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​ចេញ​ផ្សាយ​ថា​លោក មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​​ពិធី​ករ អៀង វិច្ឆ័យ ​និង​បាន​រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ​ជាមួយ​គ្នា​ទៀត​ផង​។ ជុំ​វិញ​រឿង​រ៉ាវ​ទាំង​នេះ​កន្លង​មក​សាមី​ខ្លួន​មិន​ធ្លាប់​ចេញ​មុខ​បកស្រាយ​អ្វី​ឡើយ​​​។

៣ / រី​ឯ​តារា​ចម្រៀង​​និយម​ប្រើ​ប្រាស់​​​សម្ភារៈ​ និយម​ថ្លៃ សុគន្ធ ថេរ៉ាយុ វិញ​ធ្លាប់​បែក​ធ្លាយ​ព័ត៌មាន​​ថា​លោក​មាន​ទំនាក់​ទំនង​ស្នេហា​​សិស្ស​សា​លា​ប្រុស​ម្នាក់​ព្រម​ទាំង​ជួយ​ទំនុក​បម្រុង​ក្នុង​ការ​រៀន​ និង​ថ្លៃ​ចាយ​វាយ​​ផ្សេង​ៗ​។ ទាក់​ទង​ព័ត៌មាន​នេះ​ត្រូវ​បាន​តារា​ចម្រៀង​រូប​នេះ​ចេញ​មុខ​បដិសេធ​ថា​មិន​មែន​ជា​ការ​ពិត​នោះ​ទេ​។

៤/ វិល​មក​​កំលោះ​សង្ហា​ អ៊ុន សិទ្ធា វិញ​​ត្រូវ​បាន​​គេ​ដាក់​ការ​សង្ស័យ​ថា​មាន​ស្នេហា​លួច​លាក់​ជាមួយ​លោក យ៉ែម សំអូន​ ​ទើប​ធ្វើ​ឲ្យ​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​បែក​បាក់​គ្នា​។ជុំ​វិញ​ការ​សង្ស័យ​នេះ​លោក បាន​ចេញ​មុខ​ស្បថ​ដាក់​ជីដូន​ជីតា​​របស់​ខ្លួន​ ថា​មិន​មាន​ទំនាក់​ទំនង​អ្វី​ជាមួយ​ស្វាមី​ យ៉ាន លីនដា នោះ​ទេ​។

៥/ចំណែក​កំលោះ​សង្ហា​ចង្កា​ព្រែក​ ញ៉ែម សុគន្ធ ត្រូវ​បាន​ទស្សនិកជន​​ដាក់​ការ​សង្ស័យ​ថា មាន​ទំនាក់​ទំនង​ស្នេហា​ភេទ​ដូច​គ្នា។ ប៉ុន្តែ​កន្លងមក​លោក​ធ្លាប់​ចេញ​មុខ​បក​ស្រាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ខ្លួន​ចង់​មាន​គ្រួសារ​ និង​ប្រពន្ធ​កូន​ទៅ​ថ្ងៃ​អនាគត​មិន​ស្រឡាញ់​ភេទ​ដូចគ្នា​ទេ​​។

៦/ ងាក​​មក​ចាប់​អារម្មណ៍​​​ សាយ សៀរ៉ា វិញ​ម្ដង​ក៏​មិន​ខុស​ពី​ អ៊ុន សិទ្ធា ប៉ុន្មាន​ឡើយ ​លោក​ត្រូវ​បាន​មហា​ជន​ចោទ​ថា​​ជា​ជន​ទី​៣​ ​ដែល​ធ្វើ​ឲ្យ​ យ៉ាន លីនដា បែកបាក់​ពី​ យ៉ែម សំអូន​ ។ តែ​ព័ត៌មាន​នេះ​ត្រូវ​បាន​ស្ងប់​ស្ងាត់​ទៅ​វិញ​បន្ទាប់​ពី​ លីនដា ចេញ​មុខ​បក​ស្រាយ​ថា​ លោក​មិន​មែន​ជា​ជន​ទី​បី​ធ្វើ​ឲ្យ​នាង​បែក​បាក់​ពី​ស្វាមី​។​​​

៧/កូន​កាត់​ចិន​ អេឡិច ច័ន្ទត្រា កន្លងមក​ក៏​ធ្លាប់​​​លេច​ឮ​ព័ត៌មាន​មួយ​ចំនួន​ថា​​ លោក​មាន​គូស្នេហ៍​​ជា​បុរស​អ្នក​មាន​​​​ចាំ​ជួយ​ទំនុក​បម្រុង​នៅ​ពី​ក្រោយ​ខ្នង​ទើប​មាន​លុយ​ឡាន​ និង​ផ្ទះ​សព្វ​ថ្ងៃ​នេះ​។ ព័ត៌មាន​នេះ​ត្រូវ​កូន​កាត់​ចិន​រូប​នេះ​ចេញ​មក​បក​ស្រាយ​នៅ​តុ​បំភ្លឺ​ ថា​ខ្លួន​មិន​បាន​ស្រឡាញ់​ភេទ​ដូចគ្នា​ទេ​ គ្រាន់​តែ​ថា​ពេល​នេះ​ មិន​មាន​ពេល​វេលា​គិត​រឿង​ស្នេហា​ ព្រោះ​គិត​រឿង​ការ​ងារ​ជា​ធំ​។

៨/ បើ​និយាយ​ពី​លោក​ យ៉ែម សំអូន ​ត្រូវ​បាន​ប្រពន្ធ​​សុំ​ចែក​ផ្លូវ​ដោយ​សារ​តែ​បែក​ធ្លាយ​រឿង​លោក មាន​ទំនាក់​ទំនង​ស្នេហា​ភេទ​ដូច​គ្នា​។

៩/តួ​ឯក​ប្រុស​ក្នុង​រឿង​"ស្នេហ៍​ពនេចរ" ណា ខុន ឯណេះ​វិញ​កន្លង​មក​ធ្លាប់​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ចេញ​ផ្សាយ​ថា​មាន​ទំនាក់​ទំនង​ស្នេហា​ភេទ​ដូច​គ្នា​ ហើយ​លោក​ក៏​មិន​ដែល​ចេញ​មក​បក​ស្រាយ​ជុំ​វិញ​រឿង​រ៉ាវ​នេះ​ដែរ​។​​

១០/ ពិធី​ករ​ល្បី​ឈ្មោះ​ តាប៊ុយ ត្រូវ​​បាន​គេ​សង្ស័យ​ថា​​ស្រឡាញ់​ប្រុស​ដូច​គ្នា​ ក្រោយ​ពី​លេច​ចេញ​វីដេអូ​អាសអាភាស​​រូប​លោក​ជាមួយ​បុរស​ម្នាក់​នៅ​លើ​គ្រែ​ តែ​ត្រូវ​បាន​កូន​កាត់​ចិន​រូប​នេះ​ចេញ​មុខ​​បដិសេធ​​ថា​ មិន​មែន​ជា​ការ​ពិត​ ហើយ​លោក​ក៏​​ទទួល​ស្គាល់​ថា​បុរស​ម្នាក់​នោះ​មាន​​មុខ​​មាត់​ស្រដៀង​ខ្លួន​។

១១/ ដោយសារ​តែ​មាន​តារា​ស្រី​ល្បី​ៗ​ជាច្រើន​រូប​តែង​តែ​​ថត​រូប​សិច​ស៊ី​​ជាមួយ​ អែនឌី ធ្វើ​ឲ្យ​មហា​ជន​ដាក់​ការ​សង្ស័យ​ថា​ លោក​ស្រឡាញ់​ប្រុស​ដូច​គ្នា​មិន​ចាប់​អារម្មណ៍​ទៅ​លើ​នារី​ភេទ​ឡើយ ទើប​ធ្វើ​ឲ្យ​ស្រីៗ​ទាំង​នោះ​ហ៊ាន​ថត​ឈុត​ឆាក​សិច​ស៊ី​ជាមួយ​ដោយ​មិន​ញញើត​។

១២/ ពិធី​ករ​ស្រស់​សង្ហា​ អៀង វិច្ឆ័យ ធ្លាប់​មាន​ព័ត៌មាន​ចុះ​ផ្សាយ​ថា​​លោក និង​តា​រា​ចម្រៀង​ នីកូ បាន​លួច​បង្កាត់​ភ្លើង​ស្នេហ៍​ និង​រួម​រស់​ជាមួយ​គ្នា​ ព័ត៌មាន​នេះ​ត្រូវ​បាន​ពិធី​ករ​រូប​នេះ​បដិសេធ​ថា​ លោក​មិន​បាន​ស្រឡាញ់​ប្រុស​ដូច​គ្នា​នោះ​ទេ​ ព្រម​ទាំង​មាន​គម្រោង​រៀប​ការ​មាន​គ្រួសារ​នៅ​ពេល​ខាង​មុខ​​ទៀត​ផង​។

១៣/ ​កន្លង​មក​តារា​សម្ដែង​ យូ ឌីស្កូ ក៏​ធ្លាប់​ទទួល​រង​នៅ​ព័ត៌មាន​អាស្រូវ​ស្នេហា​ភេទ​ដូច​គ្នា មិន​ខុស​ពី​តារា​ចម្រៀង និង​សម្ដែង​ខាង​លើ​នេះ​ឡើយ​ តែ​ព័ត៌មាន​ទាំង​នេះ​ត្រូវ​បាន​លោក​បដិសេធ​៕​​​​​

អត្ថបទ៖ ឆុង ស៊ីណាន