ឌូបៃ នឹងបើកសណ្ឋាគារ​ដំបូងបង្អស់ ដែលមានព្រៃឈើ ឆ្នេរសមុទ្រ និង អាងទឹក​លើអាកាស

  • 2017-07-08 07:37:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុង​ឌូបៃ មាន​ភាព​ល្បីល្បាញ​រួច​មក​ហើយ ដោយសារតែ​មាន​អគារ​ខ្ពស់​បំផុត​លើ​ពិភពលោក និង កោះ​សិប្បនិម្មិត​ដ៏​ធំ​សម្បើម ប៉ុន្តែ​វា​នឹង​ក្លាយ​ជា​ទីក្រុង ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​បន្ថែម​ទៀត ដោយសារតែ​សណ្ឋាគារ​ថ្មី​មួយ។

សណ្ឋាគារ​ដំបូង​បង្អស់​នៅ​លើ​ពិភពលោក ដែល​មាន​ព្រៃឈើ និង​ឆ្នេរ​សិប្បនិម្មិត នឹង​បើក​ដំណើរការ​នៅ​ទីក្រុង​ឌូបៃ នា​ឆ្នាំ​២០១៨ ខាង​មុខ​នេះ។

ជាមួយ​នឹង​ការ​ចំណាយ​លើ​ការ​សាងសង់ រហូត​ដល់​ទៅ ២៣០ លាន​ដុល្លារ សណ្ឋាគារ​មាន​ឈ្មោះ​ថា Rosemont Hotel & Residences នេះ នឹង​ក្លាយ​ជា​កំពូល​សណ្ឋាគារ​ដ៏​ប្រណិត​មួយ និង​ជា​គោលដៅ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត ថែមទាំង​ជា​មជ្ឈមណ្ឌល​ដ៏​សំខាន់ សម្រាប់​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស រវាង​លោក​ខាងលិច និង​អាស៊ី ទៀត​ផង។

សណ្ឋាគារ​មួយ​នេះ សាងសង់​នៅ​លើ​ផ្ទៃ​ដី​ទំហំ​ជិត ៧ ០០០ ម៉ែត្រការ៉េ មាន​កម្ពស់ ៤៧ ជាន់ ជាមួយ​នឹង​បន្ទប់​ទទួល​ភ្ញៀវ ៤៥០ បន្ទប់ និង​មាន​ព្រៃឈើ​ដែល​បង្កើត​ឡើង​ដោយ​មនុស្ស ដើម្បី​ឲ្យ​ភ្ញៀវ​ទទួល​បាន​បទពិសោធន៍​ប្លែក មិន​ធ្លាប់​មាន​ពី​មុន​មក។

គួរ​បញ្ជាក់​ផង​ដែរ​ថា គម្រោង​សំណង់​ដ៏​អស្ចារ្យ​មួយ​នេះ គឺ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Royal International ដែល​បាន​រចនា​ឡើង​ដោយ​ក្រុមហ៊ុន ZAS Architects របស់​ប្រទេស​កាណាដា៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី