FFC សម្រេចដាក់បាល់ទាត់ក្នុងសាលក្នុងសាលាតម្រង់ទិសកីឡា ២៥ ខេត្ត-ក្រុង
- 2017-07-11 01:58:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
FFC សម្រេចដាក់បាល់ទាត់ក្នុងសាលក្នុងសាលាតម្រង់ទិសកីឡា ២៥ ខេត្ត-ក្រុង
ចន្លោះមិនឃើញ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចកាលពីម្សិលមិញនេះថា នឹងដាក់បញ្ចូលប្រភេទកីឡាបាល់ទាត់ក្នុងសាល ចូលក្នុងគម្រោងសាលាតម្រង់ទិសកីឡា២៥ ខេត្ត-ក្រុង។
ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្ដម សៅ សុខា បានមានប្រសាសន៍ក្នុងសន្និសីទកាសែតបើកកម្មវិធីប្រកួតស្ដីពីការប្រកួតបាល់ទាត់ក្នុងសាលជាតិ CLEAR ២០១៧ ម្សិលមិញនេះថា ដើម្បីចាប់ផ្ដើមពង្រឹងវិស័យបាល់ទាត់ក្នុងសាលឆ្ពោះទៅរកឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សហព័ន្ធសម្រេចដាក់បាល់ទាត់ក្នុងសាលចូលក្នុងសាលាតម្រង់ទិសកីឡាទូទាំង ២៥ខេត្ត-ក្រុង។ ទោះបីកីឡាករដែលលេងបាល់ទាត់ក្នុងសាលបច្ចុប្បន្នមានអាយុច្រើន លើសកាលកំណត់ប៉ុន្តែការបើកឲ្យមានកម្មវិធីប្រកួតក្នុងសាលត្រូវតាមស្តង់ដារ គឺជាគំរូល្អមួយសម្រាប់យុវជនជំនាន់ក្រោយ។
ប្រមុខដឹកនាំរូបនេះបន្ថែមថា ការរៀបចំកម្មវិធីប្រកួតបាល់ទាត់ក្នុងសាលជាតិ CLEAR ២០១៧ នេះគឺជាចំណុចចាប់ផ្ដើម ត្រៀមរៀបចំការប្រកួតបាល់ទាត់ក្នុងសាលកម្រិតអាជីពនៅឆ្នាំក្រោយ។ លោកមើលឃើញថា បច្ចុប្បន្នយុវជនកម្ពុជាមានការផុលផុសក្នុងការចូលរួមលេងបាល់ទាត់ ពិសេសគឺបាល់ទាត់ក្នុងសាលនេះតែម្ដង។
សូមបញ្ជាក់ថា ការរៀបចំកម្មវិធីប្រកួតបាល់ទាត់ក្នុងសាលជាតិ CLEAR ២០១៧ នេះគ្រោងចាប់ផ្ដើមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ដោយមានក្រុមចូលរួមចំនួន ២០ ហើយក្រុមចំនួន ១០ដែលបានឡើងទៅវគ្គ ១០ក្រុមចុងក្រោយ នឹងទទួលបានសិទ្ធទៅលេងកម្មវិធីប្រកួតបាល់ទាត់ក្នុងសាលលីគអាជីពកម្ពុជា ដែលគ្រោងដំណើរការចាប់ពីឆ្នាំ២០១៨ តទៅ៕