បើ​គម្រោង​បាន​សម្រេច អនាគត​កម្ពុជា​នឹង​មាន​រថភ្លើង​ល្បឿន​លឿន​រត់ទូទាំង​ប្រទេស

  • 2017-07-13 07:30:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរ​រទេះ​ភ្លើង​គំរូ​មាន​ប្រវែង​ជាង ២០ ម៉ែត្រ​បាន​យក​ទៅ​ចូល​រួម​ពិព័រណ៍​បច្ចេកវិទ្យា​សេដ្ឋកិច្ច​មេគង្គ​ឡាងឆាង​ព្រឹក​នេះ​នៅ​កោះពេជ្រ។

ក្នុង​ចំណោម​ផលិតផល​បច្ចេកវិទ្យា​​ជា​ច្រើនទាក់ទាញ​អ្នកទស្សនា​សុទ្ធ​តែ​របស់​​ចិន​​ គឺ​ការ​លេច​ខ្លួន​ទូ​រទេះ​ភ្លើង​ប្រវែង​ជាង ៣០ ម៉ែត្រ​​ដែល​មាន​ទាំង​ស្រ្គីន​បង្ហាញ​ពី​ការ​អភិវឌ្ឍ​​ផ្លូវ​ដែក​​ទំនើបៗ​របស់​ប្រទេស​យក្ស​នៅ​អាស៊ី​នេះ។

ឆ្លើយតប​ការ​សាកសួរ​ខ្លះ​របស់ Sabay អ្នក​មើល​ការ​ខុស​ត្រូវ​មួយ​រូប​នៅ​ក្រុមហ៊ុន China Railway ប្រាប់​ថា នេះ​​ជា​គំរូ​រថភ្លើង​ល្បឿន​លឿន ជា​គម្រោង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន China Railway ជា​ក្រុមហ៊ុន​ផ្លូវ​ដែក​ដ៏​ធំ​របស់​ចិន។

ការ​យក​មក​បង្ហាញ​គំរូ​ទេះ​ភ្លើង​ដែល​កំពុង​តែ​បម្រើ​សេវា​ដឹក​ជញ្ជូន​ពលរដ្ឋ​ចិន​រាប់​លាន​នាក់​ជា​រៀងរាល់​ថ្ងៃ ជា​ការ​បង្ហាញ​បច្ចេកវិទ្យា​ផ្លូវ​ដែក​របស់​ប្រទេស​ ដល់​អ្នក​ទស្សនា​និង​ក៏​ស្វែង​រក​ការ​សហការ​សម្រាប់​ក្រុមហ៊ុន​ក្នុង​ការ​ឈាន​ទៅ​អភិវឌ្ឍ​រថភ្លើង​ល្បឿន​លឿន​ក្នុង​ប្រទេស​កម្ពុជា។

បើ​តាមអ្នក​មើល​ការ​ខុស​ត្រូវ​នេះ​ដែល​និយាយ​ចិន​មានអ្នកបកប្រែ​ជំនួយ​ជិត​នោះ​ផង​នោះ​ប្រាប់​ថា កន្លង​ទៅ​ក្រុមហ៊ុន​​បាន​ស្វែង​រក​​ទំនាក់ទំនង​ជាមួយ​មន្រ្តី​ដឹក​ជញ្ជូន​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ស្វែង​រក​កិច្ច​សហប្រតិបត្តិការ​គ្នាលើ​គម្រោង​អភិវឌ្ឍ​ផ្លូវ​ដែក​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ជំរុញ​កាន់​តែ​ខ្លាំង​លើ​សេវាដឹក​ជញ្ជូន​ធុនធ្ងន់​នេះ។ យ៉ាង​ណា វា​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​សិក្សា​នៅ​ឡើយ។

គួរ​បញ្ជាក់​ថា នៅ​ព្រឹក​មិញ មានការ​បើក​សម្ពោធ​ពិព័រណ៍​សេដ្ឋកិច្ច​និង​បច្ចេកវិទ្យា​សម្រាប់​កិច្ច​សហប្រតិបត្តិការ​មេគង្គ​ ឡានឆាង ដែល​មាន​សុទ្ធ​តែ​ក្រុមហ៊ុន​​ចិន​ចូលរួម។ ​មាន​ទាំង​ក្រុមហ៊ុន​កំពុង​អភិវឌ្ឍ​គម្រោង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដូច​ជា​ក្រុមហ៊ុន​ផលិត​វារី​អគ្គិសនី ក្រុមហ៊ុន​គ្រឿង​សំណង់ និង​សម្ភាៈ​បច្ចេកវិទ្យា​ផ្សេង​ៗ​ទៀតក៏​បាន​ចូលរួម​បង្ហាញ​សមិទ្ធផល​សម្រាប់​ភ្ញៀវ​ដែលចូលរួមទស្សនា​ពិព័រណ៍​៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី