ឡៅ​ ចិត្រា៖​ មាន​ទំនុក​ចិត្ត​ខ្លាំង​ពេល​ចេញ​ទៅ​ស៊ីហ្គេម

  • 2017-07-13 07:43:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ត្រកួល​ ឡៅ​ គឺ​ ឡៅ​ ចិត្រា​ ថា​បច្ចុប្បន្ន​នេះ​គ្រូ​បុក​ឲ្យ​ហាត់​ខ្លាំង​ទាំង​កម្លាំង​និង​បច្ចេកទេស​ កលល្បិច​ ដើម្បី​ត្រៀម​ចេញ​ទៅ​ប្រកួត​ស៊ីហ្គេម​ឆ្នាំ​២០១៧​នៅ​ប្រទេស​ម៉ាឡេស៊ី។​

កីឡាករ ឡៅ ចិត្រា

កីឡាករ​ ឡៅ​ ចិត្រា​ បាន​ឲ្យ​ដឹង​ថា​ ក្រៅ​ពី​អ្វី​ដែល​គ្រូ​បាន​បង្ហាត់​បង្រៀន​នោះ​ ខ្លួន​គេ​ផ្ទាល់​ក៏​ខំប្រឹង​ដែរ​ រៀងរាល់​ព្រឹក​ចាប់​ពី​ម៉ោង​៦​ ដល់​ម៉ោង​៩​ គឺ​ហាត់​រត់​ វ៉ៃ​ស៊ីប​ និង​វ៉ៃ​ខ្យល់​ រី​ឯ​ពេល​ល្ងាច​វិញ​ចាប់​ហាត់​ពី​ម៉ោង​៣​ ដល់​ម៉ោង​៦​ គឺ​ហាត់​វ៉ៃ​ដៃ​ វ៉ៃ​ស៊ីប​ ទាត់ ​កែង​និង​ជង្គង់​ជា​ដើម។​

ម្ចាស់​មេដាយ​មាស​កីឡា​ជាតិ​លើក​ទី១​នេះ​បន្ត​ថា​ ចំណុច​សំខាន់​ដែល​គ្រូ​បង្វឹក​ផ្ដោត​ជាង​គេ​នោះ​ គឺ​ការ​វ៉ៃ​ដៃ​ចេញ​ឲ្យ​បាន​ច្រើន​ ចំពោះ​ការ​ទាត់​ក៏​ដូច​គ្នា​នោះ​ដែរ មូលហេតុ​ដែល​ហាត់​២ចំណុច​នេះ​ច្រើន​ជាង​គេ​ គឺ​ដោយ​សារ​នៅ​ស៊ីហ្គេម​គេ​មិន​ឲ្យ​ប្រើ​កែង​និង​ជង្គង់​នោះ​ទេ។​ តាម​រយៈ​ការ​ហាត់​បាន​ដិតដល់​ដូច​នេះ​ ចិត្រា​ ខ្លួន​ឯង​ក៏​ទទួល​ស្គាល់​ថា​សមត្ថភាព​របស់​គេ​ មាន​ការ​រីកចម្រើន​ខ្លាំង​ ហើយ​ពេល​ប្រកួត​មិត្តភាព​កន្លង​មក​ក៏​បាន​ផល​ល្អ​ជា​និច្ច​ ហើយ​ប្រើប្រាស់​ដៃ​និង​ជើង​បាន​ច្រើន​ផង​ដែរ​សម្រាប់​ការ​ប្រកួត​ទាំង​នោះ។​ ចិត្រា ​ថា​ឲ្យ​តែ​បន្ត​ខំប្រឹង​ហ្វឹកហាត់​ឲ្យ​បាន​ល្អ​ដូច​នេះ​រហូត​ដល់​ថ្ងៃ​ប្រកួត​នោះ​ គេ​ជឿជាក់​ថា​នឹង​បាន​មេដាយ​ជា​មិន​ខាន​នៅ​ស៊ីហ្គេម។​

កីឡាករ ឡៅ ចិត្រា

កីឡាករ​ ឡៅ​ ចិត្រា​ ជា​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ខាង​ផ្នែក​ប្រដាល់​គុន​ខ្មែរ​ក្នុង​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម។​ ឡៅ​ ចិត្រា​ ម៉ឺន​ សុភា​ ឃីម​ ឌីម៉ា​ មឿន​ សុខហ៊ុច​ និង​កីឡាករ​ សុខ​ ទូ​ នឹង​ចេញ​ទៅ​ចូលរួម​កីឡា​ស៊ីហ្គេម​លើក​ទី២៩​ នៅ​ប្រទេស​ម៉ាឡេស៊ី​នា​ខែ​សីហា​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី