កាន់​តែ​ច្បាស់ ស្ដាប់​ការ​រៀប​រាប់​របស់​ក្មេង​ស្រី ដែល​ឪពុក​អះអាង​ថា​គេ​ចាប់

  • 2017-07-13 09:47:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព័ត៌មាន​​ពី​ការ​ចាប់​ក្មេង​ស្រី ដែល​ឪពុក​ម្នាក់​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម និង​មាន​ការ​ចែក​ចាយ​បន្ត​ជា​ច្រើន​ដង តាម​ពិត​ជា​រឿង​យល់​ច្រឡំ។ ក្មេង​ស្រី បាន​រៀប​រាប់​ដោយ​ផ្ទាល់​ថា តាម​ពិត​ខ្លួន​វង្វេង តែ​មិន​ហ៊ាន​និយាយ​ប្រាប់​ឪពុក​តាម​ត្រង់។

បន្ទាប់​ពី​មាន​ព័ត៌មាន​ចែក​ចាយ​​ពេញ​បណ្ដាញ​សង្គម កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​ទំពុន​ ​បាន​ស្រាវជ្រាវ​រក​ឃើញ​ក្មេង​ស្រី​នោះ កាល​ពី​ថ្ងៃ​ទី១២ កក្កដា​ម្សិល​មិញ។ ក្មេង​ស្រី​ដែល​ល្បី​ថា​ត្រូវ​គេ​ចាប់ មាន​អាយុ ១០ ឆ្នាំ ជា​សិស្ស​សាលា​ភាសា​ជេន​សាណា រស់នៅ​សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ។

បន្ទាប់​ពី​សួរ​នាំ ក្មេង​ស្រី​បាន​រៀប​រាប់​ថា នៅ​ថ្ងៃ​ទី១១ ខែ​កក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​ប្រហែល ៤​កន្លះ រូប​នាង និង​ប្អូន​ស្រី, ម្ដាយ​មីង, ព្រម​ទាំង​មិត្តភ័ក្ដិ​ម្នាក់ បាន​នាំ​គ្នា​ជិះកង់​ទៅ​លេង​នៅ​វិហារ​យេស៊ូ នៅ​ម្តុំ​ស្ពានទី៣ ក្នុង​សង្កាត់ បឹងទំពុន។ ពេល​ទៅ​ដល់​មាន​ស្ត្រី​ជនជាតិ​បារាំង​ម្នាក់ នៅ​ក្នុង​វិហារ​នោះ​បាន​មក​គូរ​រូប​លើ​ថ្ពាល់​ពួកគេ​ទាំង ០៤នាក់ ព្រម​ទាំង​ឲ្យ​ហូប​នំ និង​លេង​ហ្គេម​រហូត​ដល់​ម៉ោង ៥​កន្លះ​ថ្ងៃ​ដដែល ទើប​ស្ត្រី​ជនជាតិ​បារាំង​នោះ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

ពេលនោះ ពួកគេ​បាន​ជិះ​កង់​វង្វេង​ផ្លូវ រក​ផ្ទះ​មិន​ឃើញ​ក៏​បាន​ជិះ​ទៅ​ជិត​ដល់​ផ្សារ​ស្ទឹង​មាន​ជ័យ​ជួប​អ្នក​ជិត​ខាង​ម្នាក់ បាន​នាំ​ពួកគេ​ត្រឡប់​មក​ផ្ទះ​វិញ។ ពេល​ដល់​ផ្ទះ​វិញ ក្មេង​ស្រី​នោះ​មិន​ហ៊ាន​និយាយ​ប្រាប់​ឪពុក​ម្ដាយ​ថា​វង្វេង​ផ្លូវ​ទេ គិត​តែ​ពី​យំ​ខ្លាំង ទើប​ធ្វើ​ឲ្យ​គ្រួសារ​យល់​ច្រឡំ​ថា​ត្រូវ​គេ​ចាប់ និង​មាន​គួរ​សញ្ញា​ផ្កា​ចំណាំ​ផង៕

ទស្សនា​វីដេអូ​​រៀប​រាប់​របស់​ក្មេង​ស្រី៖

អត្ថបទ៖ គង់ វិសាល

វីដេអូ៖ ផ្ដល់​ដោយ លោក​វរសេនីយ៍​ទោ ប៊ុត ភីន