បើ​អាច កុំ​ប្រញាប់​ទិញ iPhone 7/7 Plus នៅ​ពេល​នេះ​អី! ចង់​ដឹង​ហេតុផលអត់?

  • 2017-07-14 02:37:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូល​ជាង​ ១ ឆ្នាំ​ហើយ​នៃ​ការ​ចេញ​លក់​ទូរសព្ទ iPhone 7/7 Plus។ បច្ចុប្បន្ន iPhone 7 មាន​តម្លៃ ៦៤៩ ដុល្លារ ហើយ iPhone 7 Plus តម្លៃ ៧៦៩ ដុល្លារ (​តម្លៃ​នៅ​អាមេរិក)។ មាន​ហេតុផល​ចំនួន ២ ដែល​អ្នក​គួរ​ពិចារណា​ បើ​មិន​ចាំ​បាច់ កុំ​ទាន់​ទិញ iPhone ម៉ូដែល​ខាង​លើ ក្នុង​ពេល​នេះ​អី។

១.កៀក​ដល់​ថ្ងៃ​បង្ហាញ​ខ្លួន iPhone ជំនាន់​ថ្មី

ចចាមអារ៉ាម​ជា​ច្រើន​បាន​ជឿជាក់​ថា Apple នឹង​បង្ហាញ ​iPhone 7s/7s Plus, iPhone 8 អំឡុង​ ២ ខែ​បន្ទាប់ នា​ឆ្នាំ ២០១៧ នេះ។ តម្លៃ iPhone 8 អាច​ឡើង​ខ្ពស់​​ដល់​ខ្ទង់​ពាន់​ដុល្លារ ប៉ុន្តែ iPhone 7s និង 7s Plus ប្រាកដ​ជា​ជំនួស​ឱ្យ​តម្លៃ iPhone ម៉ូដែល​ចាស់។

មាន​ន័យ​ថា​បច្ចុប្បន្ន iPhone 6s ដែល​នៅ​ក្រោម iPhone 7 វា​មាន​តម្លៃ ៥៤៩ ដុល្លារ ខុស​គ្នា ១០០ ដុល្លារ បែប​នេះ បើ​អ្នក​រង់​ចាំ​ទិញ​ iPhone 7 អំឡុង​ក្រោយ ២ ទៅ ៣ សប្ដាហ៍​នៃ​ការ​ដាក់​បង្ហាញ iPhone 7s នោះ​អ្នក​នឹង​អាច​ចំណេញ ១០០ ដុល្លារ​ឫ​ច្រើន​ជាង​នោះ​ក៏​ថា​បាន។

២.គូ​ប្រជែង​ធំៗ​ជិត​លេច​មុខ

ក្រៅ​ពី​ទូរសព្ទ iPhone មាន​ស្មាតហ្វូន​ពេញ​និយម​ ២ ផ្សេង​ទៀត ត្រៀម​បង្ហាញ​ខ្លួន​ក្នុង​កាល​បរិច្ឆេទ​ប្រកៀក​ប្រកិត​គ្នា។ ដូច​ជា Galaxy Note 8 គេ​រំពឹង​នឹង​បង្ហាញ​ខ្លួន​នា​ចុង​ខែ​សីហា ហើយ Pixel 2 របស់ Google ដែល​ធ្លាប់​យក​ឈ្នះ​មុខងារ​កាមេរ៉ា​លើ iPhone ឆ្នាំ​ទៅ រំពឹង​បង្ហាញ​ខ្លួន​នា​ខែ​តុលា។

ជា​ធម្មតា​ស្មាតហ្វូន Android មិន​ជា​មាន​តម្លៃ​ថ្លៃ​ពេក​នោះ​ទេ ម្ល៉ោះ​ហើយ​អ្នក​គួរ​រង់ចាំ​អុត​មើល​លក្ខណៈ​សម្បត្តិ​ពិសេស និង​រូបរាង​របស់​ស្មាតហ្វូន​ Android ជំនាន់​ក្រោយ​សិន បើ​អ្នក​គិត​ថា​ល្អ​អ្នក​អាច​ងាក​មក​ប្រើ Android តែ​បើ​មិន​ពេញ​ចិត្ត​អាច​ចំណាយ​លុយ​ទិញ iPhone ដដែល ក៏​មិន​ហួស​ពេល។ បញ្ជាក់​ថា​ iPhone បើ​អ្នក​ទិញ​ពេល​នេះ ហើយ​លក់​ទៅ​វិញ​ក្នុង​អំឡុង​ខែ​កញ្ញា​ឫ​តុលា​ពេល​នោះ​ហើយ​ ជា​ពេល​ខាត​ច្រើន​បំផុត។​

**ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

​ចុច​អាន​បន្ត​៖

ប្រភព៖ GottabeMobile   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី