ការ​បាញ់​កាំជ្រួច និង​បង្ហោះ​គោម​តាម​ឆ្នេរ​សមុទ្រ ត្រូវ​ហាម​ឃាត់

  • 2017-07-14 06:54:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • បម្រាម​មាន​តាំង​ពីឆ្នាំ​២០១៦
  • ការ​ពារសុវត្ថិភាព​ភ្ញៀវ និង​បរិស្ថានសមុទ្រ
  • មាន​ករណី​ឆេះប៉ុស្តិ៍​ប៉ម​ឆ្មាំ​សមុទ្រ​ កាល​ពី​ថ្ងៃ១២

អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃ​ខេត្ត​ព្រះសីហនុ កំពុង​យក​ចិត្ត​ទុក​ដាក់​លើ​បម្រាម បាញ់​កាំជ្រួច និង​បង្ហោះ​គោម នៅ​តាម​តំបន់​ឆ្នេរ​នានា ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ និង​បរិស្ថាន​សមុទ្រ។

ភ្ញៀវ​ទេសចរ បាញ់​កាំជ្រួច​នៅ​ឆ្នេរ​អូរឈើទាល (ប្រភព៖ hecktictravels)

បើ​តាម​មន្ត្រី​ម្នាក់​នៅ​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហនុ បាន​បញ្ជាក់​ថា តាម​ពិត​បម្រាម​នេះ បាន​ដាក់​ចេញ​យូរ​មក​ហើយ ពោល​គឺ​តាំង​ពី​​ខែ​កក្កដា ឆ្នាំ​២០១៦ តាម​រយៈ​ក្រម​ប្រតិបត្តិ​ឆ្នេរសមុទ្រ ដោយ​មាន​ការ​ចុះ​ហត្ថលេខា​ដាក់​ឲ្យ​ប្រើ​ពី​រដ្ឋមន្ត្រី ៣​ក្រសួង គឺ​ក្រសួង​ទេសចរណ៍ ក្រសួង​បរិស្ថាន និង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់។

ប្រភព​ខាង​លើ បាន​អះអាង​ថា ការ​បាញ់​កាំជ្រួច អាច​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ច្រើន​យ៉ាង​ដូច​ជា៖

ទី១ ប្រសិន​បើ​កាំជ្រួច ឬ​ផាវ ផលិត​មក​ខុស​បច្ចេកទេស វា​អាច​ផ្ទុះ​ឆេះ​ពាក់​កណ្ដាល​ផ្លូវ នាំ​ឲ្យ​ប៉ះពាល់​ដល់​ភ្ញៀវ រហូត​ដល់​រង​របួស​ព្រោះ​រំសេវ​ក៏​មាន។

ទី២ ប្រសិន​បើ​អ្នក​លេង ដោត​ខុស ឬ​ដោត​ចំ​កន្លែង​រលក​ឡើង​ដល់ កាំជ្រួច​នោះ​អាច​ហោះ​ទៅ​រក​តូប​លក់​ដូរ បណ្ដាល​ឲ្យ​ឆេះ​ឆាប​ជា​អគ្គីភ័យ។

ទី៣ បញ្ហា​សំខាន់​បំផុត គឺ​កាំជ្រួច ឬ​ផាវ​ទាំង​នោះ ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ បង្ក​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​បរិស្ថាន ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ប្រែ​ជា​ល្អក់ ដោយសារ​សំណល់​រំសេវ​នៃ​កាំជ្រួច​នោះ។

កាល​ពី​យប់​ថ្ងៃ​ទី១២ កន្លង​ទៅ ប៉ុស្តិ៍​ប៉ម​ឆ្មាំ​សមុទ្រ​មួយ​នៅ​ឆ្នេរ​អូរឈើទាល ត្រូវ​អគ្គីភ័យ​ឆាប​ឆេះ​ទាំង​ស្រុង បន្ទាប់​ពី​មាន​ភ្ញៀវ​ទេសចរ​ដុត​គោម​លេង ហើយ​គោម​នោះ​ធ្លាក់​មក​លើ​ដំបូល​ប៉ម​យាម​ប្រក់​ស្បូវ។ ក្រោយ​កើត​ហេតុ កម្លាំង​មាន​សមត្ថកិច្ច​នៃ​ការិយាល័យ​នគរបាល​ទេសចរណ៍​ខេត្ត​ព្រះ​សីហនុ បាន​ប្រមូល​កាំជ្រួច​ជា​ច្រើន​ដើម​ដុត​កម្ទេច​ចោល​មួយ​ចំនួន​ធំ។

ចំណែក​ឯកឧត្ដម​ឧត្ដម​សេនីយ៍​ទោ ជួន ណារិន ស្នងការ​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​​ជា​ថ្មី ឲ្យ​ប្រជាពលរដ្ឋ​ដែល​ទៅ​លេង​កម្សាន្ត​នៅ​តំបន់​ឆ្នេរ មេត្តា​ឈប់​ដុត​កាំជ្រួច ​និង​បង្ហោះ​គោម​ត​ទៅ​ទៀត ព្រម​ទាំង​ដាក់​បញ្ជា​ឲ្យ​ហាមឃាត់​យ៉ាង​តឹង​រឹង​ចំពោះ​ការ​លក់​ដូរ​វត្ថុ​មាន​ចំហេះ​​ទាំង​នេះ៕

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ គង់ វិសាល

អត្ថបទពេញនិយម
អត្ថបទថ្មី