ល្ងាចនេះ SCG Muangthong United សងសឹក Cam-All Stars បានអត់?
- 2017-07-16 03:06:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្ងាចនេះ SCG Muangthong United សងសឹក Cam-All Stars បានអត់?
ចន្លោះមិនឃើញ
ក្រុមជើងខ្លាំងប្រចាំលីគកំពូលប្រទេសថៃ SCG Muangthong United ត្រូវការសងសឹកលើក្រុម Cambodian All Stars វេលាម៉ោង៦ល្ងាចនេះនៅពហុកីឡដ្ឋានជាតិសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ បន្ទាប់ពីការប្រកួតលើកទី១កាលពីឆ្នាំ២០១៦ចាញ់ ៤-៣។
ជើងកីឡាករ
កីឡាករ SCG Muangthong United មិនពេញល្អឡើយពោលគឺកីឡាករល្អៗមួយចំនួនជាប់ជួយជម្រើសជាតិថៃក្នុងការប្រកួតពានស្តេចថៃ ដូច្នេះក្រុមមួយនេះពឹងលើកីឡាករបរទេសជាស្នូលសំខាន់។ កីឡាករបរទេសសុទ្ធតែមានវត្តមានទាំងអស់ពោលគឺមិនបាត់នរណាម្នាក់ឡើយ។ ខ្សែបម្រើសំខាន់របស់ក្រុមនេះមាន Sarach Yooyen, សមាជិកថ្មី Charyl Chappuis កីឡាករ Prakit Deeprom, Ratchapol Nawanno, Tossawat Limwanasthian, Sanukran Thinjom និងកីឡាករកូរ៉េ Lee Ho។ ខ្សែប្រយុទ្ធជួរមុខសុទ្ធតែបរទេស Leandro Assumpcao និង Heberty Fernendes ដែលអាវុធដ៏គ្រោះថ្នាក់សម្រាប់ភាគីកម្ពុជា។
ចំពោះក្រុម Cambodia All Stars ហាក់មិនសូវល្អប៉ុន្មានឡើយ បើប្រៀបធៀបនឹង Cambodia All Stars កាលពីឆ្នាំ២០១៦ដែលក្រោមការដឹកនាំរបស់ លោក ប្រាក់ សុវណ្ណារ៉ា ពីព្រោះកាលនោះមាន ចាន់ វឌ្ឍនាកា និងកីឡាករបរទេសសំខាន់ៗមួយចំនួនទៀត។ ទោះបីជាយ៉ាងណា ស៊ើយ វិសាល, នុប តុលា, រស់ សំអឿន, ឆុំ ពិសា និង សឿត បារាំង ក្លាយជារបាំងការពារដ៏សំខាន់។ និយាយពីខ្សែបម្រើប្រយុទ្ធក៏មិនធម្មតាដែរ ប្រាក់ មុន្នីឧត្តម, កែវ សុខផេង, ច្រឹង ពលរដ្ឋ, ទិត្យ ឌីណា និងសមាជិកបរទេស Booysen Shane, Mbenga Samuel នៅតែក្តីសង្ឃឹមសម្រាប់អ្នកគាំទ្រកម្ពុជា។
សំដីគ្រូបង្វឹក
លោក Totchtawan Sripan គ្រូបង្វឹកក្រុម SCG Muangthong United បាននិយាយថា កូនក្រុមរបស់លោកមកប្រកួតជាមួយ Cambodian All Stars មិនទាំងអស់គ្នាមែន ប៉ុន្តែវាមិនប៉ះពាល់ដល់ទម្រង់លេងឡើយ។ លោកជឿជាក់លើខ្សែប្រយុទ្ធជួរមុខរបស់លោកដែលអាចស្វែងរកជ័យជម្នះបានសម្រាប់ឆ្នាំនេះ។ លោកបញ្ជាក់ថា នេះមិនត្រឹមតែជាការប្រកួតក្រុមនោះទេ ប៉ុន្តែជាការប្រកួតមិត្តភាពអន្តរជាតិរវាងកម្ពុជា និងថៃផងដែរ។
គ្រូបង្វឹក Cambodian All Stars លោក Leonardo Vitorino បានលើកឡើងថា នេះជាឱកាសដ៏ល្អសម្រាប់ក្រុមរបស់លោកដែលបានជួបក្រុមខ្លាំងមកពីប្រទេសថៃ។ លោកពេញចិត្តដឹកនាំការប្រកួតនេះដែលបានជួបគ្រូបង្វឹកល្អរបស់ SCG Muangthong United។ សម្រាប់ការប្រកួតនេះលោកបានរៀបចំក្រុមល្អ ហើយជឿជាក់ថា ការប្រកួតនេះនឹងក្លាយជាការប្រក៏ដ៏អស្ចារ្យ។ ការប្រកួតដ៏អស្ចារ្យនៅពេលនេះមិនសំខាន់លើឈ្នះ ឬចាញ់ប៉ុន្មានឡើយ ប៉ុន្តែជាការប្រកួតដែលក្រុមទាំងសងខាងប្រឹងអស់ពីសមត្ថភាព និងមានអ្នកគាំទ្រចូលទស្សនាគាំទ្រឲ្យបានច្រើនកុះករ៕