គ្រូ U23 កម្ពុជា បង្ហើប​ចំណុច​ខ្លាំង​របស់​ចិន មុន​ប៉ះ​គ្នា​បី​ថ្ងៃ​ទៀត​នេះ

  • 2017-07-17 07:26:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Leonardo Vitorino គ្រូ​បង្វឹក​ក្រុម Cambodian All Stars ​និង​ជា​គ្រូ​បង្វឹក​ក្រុម​ U23 កម្ពុជា​បង្ហើប​ពី​ចំណុច​ខ្លាំង​របស់​ចិន​ដែល​ត្រៀម​ប៉ះ​គ្នា​នៅ​ថ្ងៃ​ទី​១៩ ខែ​​កក្កដា ឆ្នាំ​២០១៧ ខាង​មុខ​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​ការ​ប្រកួតវគ្គ​​ជម្រុះ 2018 AFC U-23 Championship។

​ក្រោយ​ក្រុម Cambodian All Stras ​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ខ្លាំង​របស់​ថៃ SCG​ Muangthong​ United ៤​-០ ​កាល​ពី​យប់​មិញ ​គ្រូ​បង្វឹក​សញ្ជាតិ​ប្រេស៊ីល​​រូប​នេះ​បាន​ឲ្យ​ដឹង​ថា លោក​បាន​តាម​ដាន​ការ​ប្រកួត​ U23 ចិន​នា​ពីរ​ប្រកួត​ចុង​ក្រោយ​ គឺ​ពួក​គេ​មាន​ខ្សែ​បម្រើ​កណ្ដាល​​ម្នាក់ ដែល​អាច​ចែក​បាល់​ច្បាស់ និង​មាន​ភាព​​ឆ្លាតវៃ​​ក្នុង​ការ​លេង។ ក្រៅ​ពី​នេះ​ក្រុម​ខ្លាំង​របស់​អាស៊ី​មួយ​នេះ​មាន​ខ្សែ​ប្រយុទ្ធ​​ដ៏​រឹង​មាំ​ ដែល​មាន​បទ​ពិសោធន៍​លេង​នៅ​តំបន់​អឺរ៉ុប។

​គ្រូ​បង្វឹក​រូប​នេះ​បន្ថែម​ថា ហេតុ​ដូច​នេះ​លោក​គិត​ថា គ្រប់​កីឡាករ​របស់​លោក​ត្រូវ​តែ​មាន​ល្បឿន​លឿន ដើម្បី​តាម​ប្រកៀក​ដៃ​គូ​ក្នុង​ជំនួប​ប៉ះ​ចិន​នា​​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ ក្នុង​ចំណោម​កីឡាករ​ U23 កម្ពុជា​​ដែល​ត្រៀម​ជួប​ចិន​មាន​​ចំណុច​ខ្វះខាត​មួយ​ចំនួន​​ដែល​ត្រូវ​កែប្រែ ទន្ទឹម​នឹង​នោះ​ក៏​អាច​​មាន​កីឡាករ​ដែល​ត្រូវ​កាត់ចេញ​ពី​បញ្ជី​ផង​ដែរ។

ក្នុង​ជំនួប​មិត្ត​ភាព​ Cambodian All Stars និង SCG​ Muangthong​ United ​គឺ​ជា​ការ​ប្រកួត​ធ្វើតេស្ត​​កីឡាករ​ U23 កម្ពុជា​ ដើម្បី​ត្រៀម​​លេង​វគ្គ​ជម្រុះ​ពាន​រង្វាន់ 2018 AFC U-23 Championship ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ចន្លោះ​ពី​ថ្ងៃ​ទី​១៩​ ដល់​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៧ ដែល​មាន​​ក្រុម U23 ចិន, U23 ជប៉ុន និង U23 ហ្វីលីពីន ចូល​រួម៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី