ម្ដាយចាស់សួរដដែលៗ កូនខឹងគំហក​ដាក់ ទាល់ម្ដាយ​ឲ្យមើល​របស់មួយ​ទើបភ្ញាក់ខ្លួន

  • 2017-07-19 23:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ដាយមាន​អាយុ ៥០​ឆ្នាំ និង​កូន​ប្រុស​អាយុ ២​០​ឆ្នាំ កំពុង​អង្គុយ​លេង​នៅ​លើ​​សាឡុង​មួយ​ក្នុង​បន្ទប់ ស្រាប់​តែ​​មាន​សត្វ​ចាប​មួយ​ក្បាល​​ បាន​ហើរ​មក​ទុំ​លើ​បង្អួច​ក្បែរ​ពួក​គេ​អង្គុយ។

រូបតំណាង

ម្ដាយបាន​ងាក​ទៅ​ឃើញ​​សត្វ​ចាប​ក៏​នឹក​​ទៅ​ដល់​រឿង​មួយ រួច​ក៏​ចាប់​ផ្ដើម​ចង្អុល​ទៅ​កាន់​សត្វ​ រួច​សួរ​កូន​ថា "​នេះ​ជា​អ្វី​កូន​ប្រុស"? កូន​ឆ្លើយ​ភ្លាម៖ "សត្វ​ចាប"។ ​ពីរ​បី​នាទី​​ក្រោយ ចាប​ក៏​មិន​ព្រម​ហើរ​ទៅ​ណា ម្ដាយ​ក៏​​ចង្អុល​ទៅ​បង្អួច ​​រួច​សួរ​បន្ត​នូវ​សំណួរ​ដដែល​ថា​ "​នេះ​គឺ​ជា​អ្វី"? ​កូន​ឆ្លើយ៖ ​ខ្ញុំ​ប្រាប់​​ហើយ​តើ វា​​ជា​សត្វ​ចាប"។

​មួយ​សន្ទុះ​ក្រោយ​មក ម្ដាយ​បាន​សួរ​កូន​ម្ដង​ទៀត​ដោយ​ចង្អុល​នៅ​កាន់​បង្អួច​ដដែល "​នេះ​​ជា​អ្វី"?? កូន​ឆ្លើយ​ទាំង​មួម៉ៅ និង​សម្ដី​ធ្ងន់​ៗ​ទៅ​កាន់​​ម្ដាយ​ថា "​ម៉ែ​! វា​ជា​សត្វ​ចាប.. សត្វ​ចាប"។ ​បន្តិច​មក​ទៀត​ម្ដាយបាន​សួរ​កូន​ជា​លើក​ទី​ ៤ ​"​នេះ​ជា​អ្វី​កូន?” ម្ដង​នេះ​ កូន​ប្រុស​អត់​ទ្រាំ​ពុំ​បាន រួច​ក៏​ស្រែក​គំហក​ដាក់​ម្ដាយ "​ហេតុ​អ្វី​ម៉ែ​ ចេះ​តែ​សួរ​សំណួរ​ដដែល​ៗ​ ម្ដង​ហើយ​ម្ដង​ទៀត...​ក្រែង​ខ្ញុំ​ប្រាប់​ហើយ​ថា ​វា​ជា​សត្វ​ចាប"។

ម្ដាយឃើញ​កូន​ប្រែ​​ទឹក​មុខ​​ជា​ក្រហម​ខឹង​ខ្លាំង​បែប​នេះ ក៏​ដើរ​ចេញ​​ពី​សាឡុង​អង្គុយ​ ដើរ​ឡើង​ទៅ​លើ​ផ្ទះ​ចូល​ក្នុង​បន្ទប់​មួយ។ គាត់​ក៏​បាន​យក​សៀវភៅ​កំណត់​ហេតុ​​ចាស់​មួយ​ក្បាល​ រួច​ដើរ​ចុះ​មក​ក្រោម​វិញ។ សៀវ​ភៅ​នេះ​គាត់​បាន​រក្សា​ទុក​ចាប់​តាំង​ពី​កូន​ទើប​កើត​មក​ម្ល៉េះ។​

កូន​ប្រុស​កំពុង​អង្គុយ​លើ​សាឡុង​ដដែល​ទាំង​ទឹក​មុខ​ក្រញូវ។ ម្ដាយ​បាន​ដើរ​ទៅ​ក្បែរ​កូន រួច​បើក​សៀវ​ភៅ​កំណត់​ហេតុ​ ហើយ​ឲ្យ​កូន​អាន​នៅ​​​ទំព័រ​​​ដែល​រៀប​រាប់​ពី​កូន​ប្រុស​រូប​នេះ​មាន​អាយុ ៣ឆ្នាំ​។ កូន​អាន៖«...ថ្ងៃ​នេះ​កូន​ប្រុស​របស់​ខ្ញុំ​ បាន​កំពុង​អង្គុយ​លេង​លើ​សាឡុង។ មាន​ចាប​មួយ​ក្បាល​មក​ទុំ​លើ​បង្អួច។ កូន​រូប​នេះ​ពិត​ជា​ចង់​ដឹង​​ជា​អ្វី ក៏​សួរ​ខ្ញុំ​ថា "​ម៉ែ​! នេះ​ជា​អ្វី"?

ពេល​នោះ​ខ្ញុំ​បាន​ប្រាប់​ថា "ជា​សត្វ​ចាប ​កូន​ប្រុស" ​ប៉ុន្តែ​បន្តិច​ក្រោយ​មក​ គេ​នៅ​តែ​សួរ​ខ្ញុំ​ដដែល​​ៗ​ច្រើន​​លើក​ច្រើន​សារ​ប្រមាណ ២០ ទៅ ២៥​ដង ​ហើយ​ខ្ញុំ​តែង​តែ​ឆ្លើយ​​ប្រាប់​គ្រប់​ពេល។ ខ្ញុំ​មិន​បាន​​មួម៉ៅ​ខឹង​សូម្បី​​​តែ​ម្ដង បែរ​ជា​ខ្ញុំ​មាន​​អារម្មណ៍​កាន់​តែ​ស្រលាញ់​កូន រួច​ឱប​កូន​​​យ៉ាង​ណែន​»។

បន្ទាប់​ពី​អាន​ចប់ ​កូន​ប្រុស​គិត​ថា "​នៅ​ពេល​ខ្ញុំ​នៅ​តូច ខ្ញុំ​បាន​សួរ​ម្ដាយ​នៅ​សំណួរ​ដដែល​​ៗ​ច្រើន​ដង ប៉ុន្តែ​គាត់​មិន​ដែល​មាន​អារម្មណ៍​ខឹង​សូម្បី​ម្ដង ​ប៉ុន្តែ​ថ្ងៃ​នេះ​ ម៉ែ​សួរ​​ខ្ញុំ​​ដូច​សំណួរ​ ខ្ញុំ​​ធ្លាប់​សួរ​គាត់​ កាល​នៅ​អាយុ ៣ឆ្នាំ តែ ៤​ដង​សោះ ​បែរ​​ជា​ខ្ញុំ​មាន​អារម្មណ៍​មួម៉ៅ​ក្ដៅ​ក្រហាយ​ ថែម​ទាំង​ស្រែក​​ដាក់​គាត់​​ទៀត"។ កូន​​ពិចារណា​ដឹង​កំហុស ក៏​បាន​លុត​ជង្គង់​សុំ​ទោស​​​​ម្ដាយ​ភ្លាម​ៗ រួច​ក៏​ឱប​ម្ដាយ​វិញ​ដែរ៕

តម្លៃ​អប់​រំ​រឿង៖ ឪពុក​ម្ដាយ​គ្រប់​រូប​តែង​តែ​មើល​ថែ​ការពារ​​កូន​គ្រប់​ពេល ទោះ​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា។ នៅ​ពេល​អ្នក​មាន​គុណ​ចាស់​ទៅ សូម​កុំ​ចាត់​ទុក​​​ពួក​គាត់​ ជា​បន្ទុក​សម្រាប់​គ្រួសារ​របស់​អ្នក។ សូម​ព្យាយាម​អត់​ធ្មត់​ជាមួយ​ឪពុក​ម្ដាយ​ នៅ​ពេល​ពួក​គាត់​ត្រូវ​ការ​យើង​ឲ្យ​ជួយ។ ឪពុក​ម្ដាយ​​មាន​សមត្ថភាព​ពិសេស​ អាច​ចិញ្ចឹម​កូន​ច្រើន​នាក់​រាប់​ឆ្នាំ​ឲ្យ​រស់រាន​មាន​ជីវិត​ធំ​ដឹង​ក្ដី ​ប៉ុន្តែ​កូន​ខ្លះ​មិន​​អាច​ចិញ្ចឹម​អ្ន​ក​មាន​គុណ​​ម្នាក់ ឬ​ទាំង ២នាក់​បាន​​នោះ​ទេ៕

ប្រភព៖ បរទេស ប្រែសម្រួល៖ ឡេង ភារុណ