ចង់​លក់​ម៉ូតូ​​មួយ​ទឹក​ចេញ កុំ​​ឲ្យ​ខាត​ច្រើន អាន​អត្ថបទ​នេះ​ទៅ​

  • 2017-07-20 04:26:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា ម៉ូតូ​ដែល​អូស​ចេញ​ពី​ហាង យក​មក​ប្រើ​ហើយ តម្លៃ​មិន​ដូច​របស់​ថ្មី​នោះ​ទេ តែង​ធ្លាក់​ចុះ​តាម​ហ្នឹង​ដែរ ហើយ​បើ​ចង់​លក់​ចេញ​វិញ ភាគ​ច្រើន​ក៏​ទទួល​បាន​តម្លៃ​ទាប។ មាន​ចំណុច​​ជា​ច្រើន​ដែល​អ្នក​ទាំង​អស់​គ្នា​គួរ​ដឹង​ មុនប្រុង​លក់​ម៉ូតូ​ចេញ​។

ដើម្បី​ជួយ​ឲ្យ​ប្រិយមិត្ត​លក់​ម៉ូតូ​ចេញ​បាន​តម្លៃ​មួយ​ដែល​អាច​ទទួល​យក​បាន មិន​ទាប​ពេក និង​មិន​សូវ​ខាត​ច្រើន លោក ហែម សីហា អ្នក​លក់​ម៉ូតូ​មួយ​កន្លែង បាន​បង្ហាញ​គន្លឹះ​សំខាន់ៗ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

១៖ លក់​ចេញ​ឲ្យ​ចំ​ពេល​វេលា

ចំណុច​នេះ សំដៅ​ទៅ​លើ​រយៈពេល​ដែល​ស៊េរី​ម៉ូតូ​មួយៗ ចេញ​លក់​លើ​ទីផ្សារ ដូច​នេះ​បើ​ចង់​លក់​ត្រូវ​គិត​ដល់​ស៊េរី​ថ្មី​ដែល​ជិត​នឹង​ចេញ​លក់។ ឧទាហរណ៍៖ Zoomer X ស៊េរី ២០១៧ នឹង​ចេញ​លក់​លើ​ទីផ្សារ​ចុង​ឆ្នាំ ២០១៦ ខែ​តុលា ឬ​វិច្ឆិការ​ជាដើម អឹចឹង! បើ​អ្នក​ជិះ Zoomer X ស៊េរី ០១៥ ឬ ០១៦ មាន​បំណង​ចង់​លក់ ត្រូវ​លក់​មុន​នឹង​បន្តិច អាច​ថា​មួយ​ខែ​មុន ឬ​ពីរ​ទៅ​បី​ខែ​មុន ឬ​និយាយ​ឲ្យ​ខ្លី​ថា លក់​ឲ្យ​បាន​មុន​ស៊េរី​ថ្មី​ចេញ បើ​ចាំ​ដល់​អាថ្មី​ចេញ ចឹង​ម៉ូតូ​យើង​ត្រូវ​អ្នក​លក់​ឲ្យ​ថ្លៃ​ទាប។

២៖ លក់​ឲ្យ​អ្នក​ជិះ​ផ្ទាល់​វិញ

ចំណុច​នេះ សំដៅ​ដល់​ម៉ូតូ​ដែល​កំពុង​ជិះ តែ​អ្នក​មាន​បំណង​ចង់​លក់​ចេញ ដូច​នេះ​អ្នក​ត្រូវ​ចេះ​ស៊ើប​សួរ​មិត្តភក្តិ បង​ប្អូន ឬ​អ្នក​ស្គាល់​ណា​ក៏​បាន ​ដែល​គេ​មាន​ចង់​ទិញ​ម៉ូតូ​ជិះ រួច​ផ្សព្វផ្សាយ ឬ​និយាយ​ពី​គុណភាព​ម៉ូតូ​របស់​អ្នក​ដោយ​ភាព​ស្មោះត្រង់ មិន​ភូត​ភរ មិន​បោក​ប្រាស់ ហើយ​លក់​តាម​តម្លៃ​ទីផ្សារ ជាក់​ស្ដែង មិន​ខ្ពស់​ខ្លាំង​ពេក។

៣៖ លក់​ឲ្យ​ត្រូវ​នឹង​តម្រូវ​ការ​ទីផ្សារ

សំដៅ​ទៅ​លើ​ភាព​ពេញ​និយម​របស់​ម៉ូតូ ឬ​ម៉ាក​ម៉ូតូ។ ឧទាហរណ៍៖ ម៉ូតូ​ដែល​អ្នក​ជិះ​ដូចជា Zoomer X, PCX, Click, MSX, Lets, Nex ឬ​ហុងដាឌ្រីម​ជាដើម សុទ្ធ​តែ​ជា​ម៉ូតូ​ពេញ​និយម​ដែល​អាច​លក់​ចេញ​បាន​តម្លៃ​ល្អ បើ​អ្នក​ជិះ​ម៉ូតូ​ម៉ាក​ផ្សេង​ដែល​ទីផ្សារ​មិន​សូវ​និយម ទោះ​ជា​នៅ​ថ្មី ៨០ ឬ ៩០ ភាគ​រយ​ក៏​មិន​សូវ​បាន​ថ្លៃ​ណាស់​ណា​ដែរ ព្រោះ​មិន​សូវ​មាន​តម្រូវ​ការ​ខ្លាំង។

៤៖ លក់​ម៉ូតូ​បែប Classic

ម៉ូតូ​បែប​ Classic នេះ ចង់​សំដៅ​ទៅ​លើ​ម៉ូតូ​ដែល​ល្បី​ពី​ជំនាន់​មុនៗ​ដូចជា Honda Cup, ម៉ូតូ BMW ជាដើម។ ប្រសិន​បើ​អ្នក​ចង់​លក់​ម៉ូតូ​ប្រភេទ​នេះ តម្លៃ​របស់​វា​នឹង​ឡើង​ខ្ពស់ ព្រោះ​ជា​ម៉ូតូ​កម្រ ដែល​អ្នក​ទិញ​ភាគ​ច្រើន​ជា​អ្នក​មាន​ទ្រព្យ ដែល​គេ​ទិញ​វា​យក​ទៅ​ដាក់​តាំង​ជាដើម។

៥៖ ឆែក​មើល​ប្រព័ន្ធ​សុវត្ថិភាព ប្រព័ន្ធ​ហ្រ្វាំង​ម៉ូតូ​មុន​លក់

សំដៅ​លើ​ការ​ថែ​ទាំ ការ​ប្រើប្រាស់​ម៉ូតូ​ប្រចាំ​ថ្ងៃ​ដូចជា ឧស្សាហ៍​ដូរ​ប្រង​ម៉ាស៊ីន ឆែក​មើល​ប្រព័ន្ធ​ហ្រ្វាំង ស្បែក​ហ្វ្រាំង សំបក​កង់ ច្រវាក់​មីញ៉ុង ប្រព័ន្ធ​ភ្លើង ស៊ី​ផ្លេ ស៊ីញ៉ូ ឬ​ប្រេង​ម៉ាស៊ីន​ជាដើម ត្រូវ​ដូរ​ចេញ​ប្រសិន​បើ​មាន​ករណី​ខូច​ខាត​ខ្លាំង (បើ​ម៉ូតូ​លេខ ត្រូវ​ចូល​ជាង​ឆែក​មើល​ឲ្យ​បាន​ល្អិតល្អន់) បើ​ម៉ូតូ​អូតូ ត្រូវ​ឲ្យ​គេ​ប្តូរ​ប្រេង​កាឡេ ដើម្បី​ឲ្យ​ការ​មូល​ដុំ​ដំណើរការ​ល្អ មិន​ស្ទក់​ជា​ដើម។

៦៖ ការ​ប្រើប្រាស់​តិច

ចំណុច​នេះ សំដៅ​លើ​ការ​ថែ​ទាំ​ម៉ូតូ​ប្រចាំ​ថ្ងៃ ដែល​មាន​ដូច​ជា គួរ​តែ​ជិះ​ឲ្យ​បាន​តិច​គីឡូ​បំផុត​តាម​ដែល​អាច​ធ្វើ​បាន គុណភាព​ម៉ូតូ​នៅ​ល្អ មិន​បាក់​បែក​ស្ដុប កន្ទុយ​ក្រោយ ឬ​ចង្កៀង​មុខ-ក្រោយ​ជាដើម៕

ទាំង​នេះ​គ្រាន់​តែ​ចំណេះ​ដឹង​ទូទៅ​ខ្លះៗ ប្រសិន​បើ​ប្រិយមិត្ត​ចង់​បន្ថែម​លើ​ចំណុច​ណា​ផ្សេង​ទៀត អាច​បញ្ចេញ​មតិ​នៅ​ខាង​ក្រោម​នេះ​បាន៕

#កុំភ្លេចចុច Like Page Sabay News Technology... ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា។

អត្ថបទ៖ រក្សា

អត្ថបទថ្មី