ថ្មីបំផុត! កម្ពុជានឹងមានរថភ្លើងដឹកអ្នកដំណើរពីស្ថានីយ ឆ្ពោះទៅព្រលានយន្តហោះឆ្នាំក្រោយ
- 2017-07-21 03:33:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្មីបំផុត! កម្ពុជានឹងមានរថភ្លើងដឹកអ្នកដំណើរពីស្ថានីយ ឆ្ពោះទៅព្រលានយន្តហោះឆ្នាំក្រោយ
ចន្លោះមិនឃើញ
ថ្លែងនៅពិធីប្រគល់ និងទទួលគ្រឿងចក្រជួសជុលផ្លូវ ពីប្រទេសចិននាព្រឹកនេះ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងថា កម្ពុជានឹងមានរថភ្លើងដឹកអ្នកដំណើរពីស្ថានីយរថភ្លើងក្នុងរាជធានីភ្នំពេញ ឆ្ពោះមកព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅអំឡុងខែមេសា ឆ្នាំ២០១៨ខាងមុខនេះ។
ឯកឧត្ដម ស៊ុន ចាន់ថុល បានឱ្យដឹងថា នេះជាគំនិតផ្ដួចផ្ដើមរបស់ក្រសួងផ្ទាល់ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយការកកស្ទះក្នុងរាជធានីភ្នំពេញ និងជួយសម្រួលដល់អ្នកត្រូវធ្វើដំណើរទៅព្រលានយន្តហោះកុំឱ្យមានការយឺតយ៉ាវតទៅទៀត។ ឯកឧត្កម បានបន្តទៀតថា កន្លងមកដោយសារមានការកកស្ទះខ្លាំងទើបធ្វើឱ្យភ្ញៀវជាតិអន្តរជាតិចុះពីព្រលាន ឬឡើងព្រលានត្រូវជួបផលលំបាកខ្លាំង។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថាគម្រោងនេះនឹងចាប់ផ្ដើមនាពេលខាងមុខ គ្រោងបញ្ចប់នៅ ខែមេសា ឆ្នាំ២០១៨ ហើយការសាងសង់នេះពុំមានបង្កផលប៉ះពាល់ដល់ផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋនោះទេ។ ជាពិសេសនោះមិនមានប៉ះពាល់ដល់ផ្លូវធ្វើដំណើរដូចគ្នា ព្រោះផ្លូវដែកនេះត្រូវបង្កប់ក្នុងដី។ ដូច្នេះហើយប្រជាពលរដ្ឋទាំងអស់មិនចាំបាច់ព្រួយបារម្ភពីផលប៉ះពាល់នោះឡើយ។
ក្រៅពីភ្ញៀវដែលត្រូវឡើងយន្តហោះ ប្រជាពលរដ្ឋ ដែលចង់ធ្វើដំណើរពីម្ដុំព្រលានយន្តហោះមកកាន់រាជធានីភ្នំពេញ ក៏អាចជិះបានដែរ ដោយចំណាយពេលពី ២០ ទៅ២៥នាទី។ ទេសរដ្ឋមន្ត្រី ស្នើប្រជាពលរដ្ឋមានការយោគយល់ចំពោះការសាងសង់ផ្លូវរថភ្លើងសម្រាប់ដឹកអ្នកដំណើរមួយខ្សែនេះ ព្រោះវាមានសារៈសំខាន់សម្រាប់ដឹកអ្នកដំណើរ ជាពិសេសភ្ញៀវជាតិ អន្តរជាតិ មកកាន់ព្រលានយន្តហោះ៕