Lexus មិន​មែន​​មាន​តែ​ម៉ូដែល​ LX/RX ទេ តាម​ពិត​មាន​ដល់​ ១៤ ប្រភេទ

  • 2017-07-21 05:03:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម៉ូដែល​រថយន្ត​ Lexus ដែក​គេ​ស្គាល់​ច្រើន​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា​​គឺ​ Lexus LX និង Lexus RX ជា​ដើម។ ប៉ុន្តែ​តាម​ពិត​ទៅ​ម៉ូដែល​រថយន្ត​ Lexus មាន​សរុប​ដល់​ទៅ​ ១៤ ប្រភេទ​ខុសៗ​គ្នា។

LS

LS ជា​ពាក្យ​កាត់​តំណាង​ឲ្យ​ពាក្យ​ "Luxury Sedan” ដោយ​សារ​តែ​វា​ជា​រថយន្ត​ប្រភេទ Sedan។ ដោយ​ឡែក​នៅ​ប្រទេស​ជប៉ុន​រថយន្ត​នេះ​បាន​ប្រើ​​ឈ្មោះ​ថា​ Toyota Celsior ចាប់​ពី​ឆ្នាំ ១​៩៨៩ ដល់ ២០០៦។ Lexus LS បង្ហាញ​ខ្លួន​ដំបូង​នៅ​ឆ្នាំ​ ១៩៨៩ ​ហើយ​​មក​ទល់​បច្ចុប្បន្ន​រថយន្ត​នេះ​ចេញ​បាន​ ៥ ជំនាន់​គត់។ រថយន្ត​ម៉ូដែល​នេះ​ដំឡើង​នៅ​រោងចក្រ​ Tahara ក្នុង​ទីក្រុង​ Tahara ប្រទេស​ជប៉ុន។

GS

GS តំណាង​ឲ្យ​ពាក្យ​ថា​ "Grand Sedan” ដែល​​​បាន​បង្ហាញ​ខ្លួន​ដំបូង​នៅ​ប្រទេស​ជប៉ុន​នា​​ឆ្នាំ ១៩៩១ ដោយ​​​​ពេល​នោះ​បាន​ប្រើ​ឈ្មោះ​ថា Toyota Aristo រហូត​ដល់​ឆ្នាំ ១៩៩៣ ទើប​ឈ្មោះ​ Lexus GS បាន​លេច​ចេញ​ឡើយ។ មក​ទល់​ពេល​នេះ​ GS ចេញ​បាន​ ៤ ជំនាន់​ ហើយ​ GS នេះ​បាន​លក់​ជា​​ឈ្មោះ Aristo នៅ​ក្នុង​ប្រទេស​ជប៉ុន​រហូត​ដល់​ឆ្នាំ ២០០៥ ពេល​​បង្ហាញ​ចេញ​រថយន្ត​ជំនាន់​ទី​ ៣។ រោងចក្រ​ដំឡើង​ Lexus GS គឺ​ជា​រោងចក្រ​តែ​មួយ​ដែល​ផលិត​ Lexus LS។

IS

Lexus IS បង្ហាញ​ខ្លួន​នៅ​ប្រទេស​ជប៉ុន​ដោយ​មាន​ឈ្មោះ​​ដើម​គឺ​ Toyota Altezza រហូត​ដល់​ឆ្នាំ​ ២០០៦ ពេល​ប្រកាស​ចេញ​ជំនាន់​ទីពីរ​ទើប​ឈ្មោះ​នេះ​លែង​ប្រើ​នៅ​ប្រទេស​ជប៉ុន។ IS តំណាង​ឲ្យ​ពាក្យ​ថា​ "Intelligent Sport” ហើយ​មក​ទល់​ពេល​នេះ​ទើប​ចេញ​បាន​ ៣ ជំនាន់​ប៉ុណ្ណោះ។ Lexus IS មាន​ដំឡើង​នៅ​រោងចក្រ​ជា​មួយ​ Lexus GS និង LS ហើយ​ក៏​មាន​​ដំឡើង​នៅ​រោងចក្រ​ Miyata នៃ​ទីក្រុង​ Miyawaka ប្រទេស​ជប៉ុន​ផង​ដែរ។

GX

GX នេះ​ក៏​ឃើញ​មាន​គេ​ប្រើ​ប្រាស់​ច្រើន​នៅ​ប្រទេស​កម្ពុជា​ដែរ។ “Grand Crossover” ជា​ពាក្យ​ពេញ​នៃ​ពាក្យ​ GX ហើយ​រថយន្ត​នេះ​ក៏​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ Toyota Land Cruiser Prado ព្រោះ​ផលិត​ដោយ​ផ្អែក​តាម​ Land Cruiser Prado គ្រាន់​តែ​​មាន​លក្ខណៈ​ពិសេស​ជាង​បន្តិច។ ចាប់​តាំង​ពី​បង្ហាញ​ខ្លួន​ដំបូង​កាល​ពី​ឆ្នាំ ២០០២ មក​ទល់​បច្ចុប្បន្ន​ Lexus GX ចេញ​បាន​​ ៣ ជំនាន់។ រោងចក្រ​ដែល​ដំឡើង​ GX ជា​រោងចក្រ​តែ​មួយ​ដែល​ផលិត​ Lexus LS និង GS។

RC

Lexus RC ទើប​តែ​បង្ហាញ​ខ្លួន​កាល​ពី​ឆ្នាំ​ ២០១៣ កន្លង​ទៅ​នេះ​ដែរ​ទេ ហើយ​ឈ្មោះ​ពេញ​របស់​វា​គឺ​ "Radical Coupe"។ Lexus RC ក៏​ដំឡើង​នៅ​រោងចក្រ​ Tahara ក្នុង​ទីក្រុង​ Tahara ប្រទេស​ជប៉ុន​ដែរ។

CT

Lexus CT បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ ២០១០ ក្នុង​កម្មវិធី Geneva Auto Show។ CT តំណាង​ឲ្យ​ពាក្យ​ថា​ "Creative Touring” ប៉ុន្តែ​មាន​ក្រុមហ៊ុន​នាំ​ចូល​ខ្លះ​បាន​ហៅ​វា​ "Compact Touring"។ រថយន្ត​នេះ​ដំឡើង​នៅ​រោងចក្រ​ Kokura ក្នុង​ក្រុង Kitakyushu ប្រទេស​ជប៉ុន។

HS

Lexus HS ទើប​តែ​ចេញ​បាន​មួយ​ជំនាន់​ប៉ុណ្ណោះ​ ចាប់​តាំង​ពី​ពេល​បង្ហាញ​ខ្លួន​​លើក​ដំបូង​នា​ឆ្នាំ ២០០៩ រួច​មក។ យោង​តាម​ Lexus ពាក្យ​ថា​ HS តំណាង​ឲ្យ​ពាក្យ​ថា​ Harmonious Sedan។ រថយន្ត​ម៉ូដែល​នេះ​ដំឡើង​នៅ​រោងចក្រ​ជា​មួយ​នឹង​ Lexus CT។

RX

ដូច​ដែល​បាន​ប្រាប់​ម្សិលមិញ​ Lexus RX ជំនាន់​ដំបូង​បាន​ចេញ​លក់​នៅ​ប្រទេស​ជប៉ុន​អំឡុង​ខែ​ធ្នូ​ ឆ្នាំ​ ១៩៩៧ ដោយ​នៅ​ក្នុង​ប្រទេស​ជប៉ុន​រថយន្ត​នេះ​មាន​ឈ្មោះ​ថា​ Toyota Harrier ប៉ុន្តែ​​​សម្រាប់​ទីផ្សារ​ក្រៅ​ស្រុក​គេ​​បាន​ប្រើ​ឈ្មោះ​ Lexus RX។ ពាក្យ RX ​នេះ​​​តំណាង​ឲ្យ​ពាក្យ​ពេញ​ថា​ Radiant Crossover ហើយ​សម្រាប់​ជំនាន់​ទី​មួយ​មាន​អម​ដោយ​លេខ 300 (Lexus RX 300)។ មក​ទល់​ពេល​នេះ​ Lexus RX មាន​សរុប​ ៤ ជំនាន់​ ដោយ​​មាន​ដំឡើង​នៅ​រោងចក្រ​បី​ផ្សេងៗ​គ្នា​រួម​មាន​ Kokura ក្នុង​ក្រុង Kitakyushu ប្រទេស​ជប៉ុន, រោងចក្រ​ Miyata នៃ​ទីក្រុង​ Miyawaka ប្រទេស​ជប៉ុន និង រោងចក្រ​ Cambridge ​ក្នុង​ទីក្រុង​ Cambridge ប្រទេស​កាណាដា។

ES

ចាប់​តាំង​ពី​ឆ្នាំ​ ១៩៨៩ មក​ Lexus ES ចេញ​បាន​ ៦ ជំនាន់​ហើយ ដោយ​ ៥ ជំនាន់​ដំបូង​ផលិត​ដោយ​​យក​លំនាំ​តាម​ Toyota Camry ចំណែក​ជំនាន់​ទី​ ៦ ផលិត​តាម​ Toyota Avalon។ ES មក​ពី​ពាក្យ​ពេញ​ថា​ "Executive Sedan" ប៉ុន្តែ​អ្នក​នាំ​ចូល​ខ្លះ​បាន​ហៅ​វា​ថា​ "Elegant Sedan"។ រថយន្ត​នេះ​ដំឡើង​នៅ​រោងចក្រ​ពីរ​រួម​មាន​រោងចក្រ​ Miyata និង រោងចក្រ​ Cambridge។

NX

បាន​បង្ហាញ​ខ្លួន​ដំបូង​នៅ​ឆ្នាំ ២០១៤ ដោយ​ជា​​ម៉ូដែល​ក្រោម Lexus​ RX ​បន្តិច។ ពាក្យ​ថា​ NX តំណាង​ឲ្យ​ពាក្យ​ថា​ "Nimble Crossover” ហើយ​រថយន្ត​នេះ​ដំឡើង​នៅ​រោងចក្រ​ Miyata។

LFA

ម៉ូដែល​ LFA នេះ​មាន​អាយុ​កាល​ត្រឹម​ ២ ឆ្នាំ​ប៉ុណ្ណោះ​ ពោល​ពី​ឆ្នាំ ២០១០ ដល់​ ឆ្នាំ ២០១២ ដោយ​ពីរ​ឆ្នាំ​នេះ​ផលិត​បាន​ចំនួន​ ៥០០ គ្រឿង។ LFA មក​ពី​ពាក្យ​ពេញ​ថា​ “Lexus Fuji Apex” ហើយ​រថយន្ត​នេះ​ដែរ​ដំឡើង​នៅ​រោងចក្រ​ Motomachi នៃ​ទីក្រុង​ Toyota ប្រទេស​ជប៉ុន។

LC

ឈ្មោះ​ LC ​នេះ​មក​ពី​ពាក្យ​ថា​ "Luxury Coupe” ដែល​ទើប​បង្ហាញ​ខ្លួន​កាល​ពី​ចុង​ឆ្នាំ ២០១៦ កន្លង​ទៅ។ ដំណើរ​ការ​ផលិត​រថយន្ត​នេះ​បាន​ចាប់​ផ្ដើម​នៅ​ខែ​មេសា​ ឆ្នាំ ២០១៧ ដោយ​​ផលិត​នៅ​រោងចក្រ Motomachi។

SC ​ ​​​​

​​​​​​​​​​​​​Lexus SC បាន​បង្ហាញ​ខ្លួន​តាំង​ពី​ឆ្នាំ ១៩៩១ ដោយ​បាន​បញ្ចប់​ការ​ផលិត​ត្រឹម​ឆ្នាំ ២០១០ បន្ទាប់​ពី​ចេញ​បាន​ ២ ជំនាន់ ហើយ​ SC តំណាង​ឲ្យ​ពាក្យ​ថា​ "Sport Coupe”។ រថយន្ត​នេះ​ដំឡើង​នៅ​រោងចក្រ​មួយ​ដាច់​​ដោយ​​ឡែក​ពី​គេ​ គឺ​រោងចក្រ​ Higashi Fuji ដែល​មាន​ទីតាំង​នៅ Susono ប្រទេស​ជប៉ុន។

LX

ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជា​ស្គាល់​ថា​ពាក្យ​ LX មក​ពី​ពាក្យ​ពេញ​ថា​ "Luxury Crossover”។ ចាប់​តាំង​ពី​ឆ្នាំ ១៩៩៥ មក​រថយន្ត​នេះ​ចេញ​បាន​ ៣ ជំនាន់​ហើយ ដោយ​​​រថយន្ត​នេះ​បង្កើត​ឡើង​យក​លំនាំ​តាម​រថយន្ត​ Toyota Land Cruiser។ ជំនាន់​ដំបូង​ Lexus LX មាន​អម​ដោយ​លេខ​ 450 តំណាង​ឲ្យ​ម៉ាស៊ីន​ទំហំ ៤,៥ លីត្រ ហើយ​ជំនាន់​ចុង​ក្រោយ​គឺ LX 570 ដែល​តំណាង​ឲ្យ​ម៉ាស៊ីន​ទំហំ ៥,៧ លីត្រ។ រថយន្ត​នេះ​ក៏​ផលិត​នៅ​រោងចក្រ​មួយ​ដាច់​ពី​គេ គឺ​រោងចក្រ​ Sanage ក្នុង​ទីក្រុង​ Toyota ប្រទេស​ជប៉ុន៕​​

ចុចអាន៖

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី