កុំចេះតែហ៊ានចតឡានផ្តេសផ្តេស ប្រយ័ត្នគេរអ៊ូជេរ
- 2014-11-12 11:55:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំចេះតែហ៊ានចតឡានផ្តេសផ្តេស ប្រយ័ត្នគេរអ៊ូជេរ
ចន្លោះមិនឃើញ
មានអ្នករអ៊ូមិនតិចទេ នៅពេលឃើញឡានខ្លះចតគ្មានសណ្ដាប់ធ្នាប់ សូម្បីនៅតាមផ្សា ផ្លូវចង្អៀត ផ្លូវកែង ជួនកាលសូម្បីមុខផ្ទះគេក៏មិនលើកលែងដែរ ធ្វើឲ្យស្ទះចរាចរណ៍ឬគ្រោះថ្នាក់ផ្សេងៗ និងជម្លោះផងដែរ។
ពាក់ព័ន្ធនឹងរឿងនេះ អ្នកស្រី ណាវី អ្នកលក់សំលៀកបំពាក់រស់នៅក្នុងសង្កាត់និរោធ និយាយថា អ្នកខ្លះចតឡានមិនចេះគិត ចតឲ្យតែបានៗមិនខ្វល់មុខផ្ទះអ្នកណា បើឈប់មួយភ្លែតមិនថាទេ តែពេលខ្លះឈប់រាប់ម៉ោងហើយគ្មានសូម្បីនិយាយសុំមួយម៉ាត់។
អ្នកស្រីបន្តទាំងមួលម៉ៅថា ជាក់ស្ដែងមុខផ្ទះអ្នកស្រីតែម្ដង គឺលក់សំលៀកបំពាក់ គួរណាស់យល់ថាមុខផ្ទះគេរកស៊ី បែរជាមកឈប់ឡានចោលដើរធ្វើហី គ្មាននិយាយសុំអីមួយម៉ាត់។ ពេលគេប្រាប់ទៅ អាងថាគេហ្នឹងចិត្តអាក្រក់មិនយោគយល់ ដល់គេមិននិយាយ ធ្វើអីតាមតែអំពើចិត្តអត់ចេះក្រែងចិត្តគេ។ មិនខ្វះទេអ្នកជិះឡានមួយចំនួនឡានឡូយតែចរិតអន់ ឈប់នៅមុខផ្ទះគេរកស៊ី អត់ចេះគិត ផ្ទះគេផ្សេងៗបិទទ្វាមិនទៅឈប់ទេ ហើយឡានខ្លះចតពេញម៉ាមុខផ្ទះរកចេញមិនរួចទាល់តែជិះវៀង។ ទៅជាម្ចាស់ផ្ទះចូលក៏វៀង ចេញក៏វៀង ហើយពេលគេមកទិញខោអាវគេពិបាកជិះចូលទៀត។
អ្នកលក់សំលៀកបំពាក់ម្នាក់ទៀត ឈ្មោះ ស្រីនាថ នៅហាងដាដានាថ ក្នុងខេត្តកំពង់ចាម ប្រាប់ថា អ្នកនាងក៏មានអារម្មណ៍ក្ដៅក្រហាយមិនតិចដែរចំពោះអាកប្បកិរិយា នៃអ្នកចតឡានមួយចំនួន ឃើញហើយពិតជាចង់ជេរណាស់។
អ្នកខ្លះចតឡានមើលតាមគ្នា ដូចជា គេដាក់ស្លាកហាមចតតែនៅមានអ្នកចត។ ជួនកាលចតនៅតាមផ្សារ និង ផ្លូវតូចៗ ជាពិសេសតាមបណ្ដោយផ្លូវមុន្នីវង្ស ពួកគេយកផ្លូវសាធារណៈធ្វើជាកន្លែងចតផ្ទាល់ខ្លួនអស់។ ខ្លះទៀតចតនៅផ្លូវកែងបាំងផ្លូវ អាចបង្កគ្រោះថ្នាក់ចរាចរណ៍ជាដើម។ មិនដឹងគួរឆ្លើយបែបណាទេ សំខាន់ខាងប៉ូលិសរៀបចំសណ្ដាប់ធ្នាប់គួរមើលផង។
មិនតែប៉ុណ្ណោះ ស្រីនាថបន្តថា អ្នកបើកបរត្រូវចេះយល់អធ្យាស្រ័យផង កុំគិតតែស្រួលខ្លួនឯង មិនខ្វល់ពីអ្នកដទៃ ចង់ឈប់ក៏ឈប់ កណ្ដាលផ្លូវក៏ទៅរួចមិនគិតស្ទះអ្នកដទៃ ។
ចំណែក លោក សីហា បុគ្គលិកនៅអង្គការមួយ អ្នកប្រើប្រាស់យានយន្តម្នាក់បើកចេញទៅធ្វើការរាល់ថ្ងៃប្រាប់ថា លោកឯកភាព ការចតឡានមួយចំនួនអត់ទាន់មានរបៀបដែរ ប៉ុន្តែ សម្រាប់លោកនៅពេលសម្រេចចិត្តចតនៅកន្លែងណាមួយលោកគិតណាស់ មិនមែនឲ្យតែមានកន្លែងដាក់ គឺដាក់មិនគិតពីផលប៉ះពាល់អ្នកដទៃនោះឡើយ។
លោកក៏យល់ដែរថាផ្លូវនៅរាជធានីភ្នំពេញភាគច្រើនផ្លូវតូច ចំនួនអ្នកជិះឡាននិងម៉ូតូច្រើនអាចស្ទះ ហើយផ្លូវមិនទាន់ពង្រីកធំ មិនមានចំណតសម្រាប់ឡានច្បាស់លាស់តែបើមិនអនុញ្ញាតឲ្យចត បានកន្លែងឯណាចតឡានពេលឈប់ម្ដងៗ បើគ្មានជម្រើស?
លោក សីហា បន្ថែមទៀតថា៖ "ខ្ញុំក៏តឹងទ្រូងដែរនៅពេលគ្មានកន្លែងចតឡានពេលចង់ឈប់ ប៉ុន្តែ ក៏មើលដែរមិនមែនចេះតែចតទេ ដូចមុខផ្ទះគេបិទទ្វាមិននៅ ទើបហ៊ានចត បើមិនអញ្ចឹងទេគឺផ្ញើឡាន ដូចជាពេលទៅផ្សាអូឡាំពិក មិនមែនចតចោលទេគឺសុទ្ធតែផ្ញើ មិនហ៊ានចតផ្ដេសផ្ដាសឡើយ "។
តាមសៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឆ្នាំ២០០៩ ត្រង់មាត្រា ២៤ ចែងថា ការចតឬឈប់យានជំនិះត្រូវហាមឃាត់ក្នុងករណី៖
នៅលើទ្រូងផ្លូវ ចិញ្ចើមផ្លូវ ដែលទុកបម្រុងទុកឲ្យថ្មើរជើងនិងក្នុងចន្លោះយ៉ាងតិច ៥ម៉េត្រពីមុខគំនូសឆ្នូតកាត់ទទឹងទ្រូងផ្លូវសម្រាប់អ្នកថ្មើរជើងឬនៅលើគំនូសនេះ។
នៅជិតបង្គោលភ្លើងសញ្ញាចរាចរណ៍ ឬផ្លាកសញ្ញាចរាចរណ៍ដែលធ្វើឲ្យបាំងភ្នែកអ្នកប្រើប្រាស់ផ្លូវមិនអាចមើលឃើញសញ្ញាចរាចរណ៍ទាំងនេះបាន។
នៅគ្រប់ទីកន្លែងដែលយាននេះធ្វើឲ្យរាំងស្ទះដល់ច្រកចូលចត ឬការឈប់នៃយានដទៃទៀត។
នៅលើស្ពាន លើផ្លូវក្រោមស្ពាន លើផ្លូវក្នុងរូង លើផ្លូវចោតខ្លាំង លើផ្លូវប្រសព្វលើផ្លូវឆ្លងកាត់រថភ្លើង លើផ្លូវក្នុងរង្វង់មូលឬផ្លូវកោងខ្លាំងដែលមិនអាចមើលយានផ្សេងទៀតពីចម្ងាយបាន ឬនៅជិតផ្លូវប្រសព្វ ឬផ្លូវបត់។
នៅមុខច្រកចេញចូលនៃអគារសាធារណៈ ផ្ទះឯកជន លើកលែងតែយានរបស់ម្ចាស់ផ្ទះ។
ជាពីរជួរទន្ទឹមគ្នា ឬកន្លែងដែលមានសញ្ញាហាមឈប់ ឬហាមចត
នៅលើទ្រូងផ្លូវថ្នល់លើសពី៧២ម៉ោង ។
សូមអាន៖ ចិត្តខ្លាំងមែន! គ្រាន់តែផាកពិន័យតិចតួច ចាក់សាំងដុតឡានចោល អត្ថបទ៖ លឹម សុនា