ក្បួន​​​ជ្រើស​​​ឆ្នាំ​​​យក​បុត្រ​ធីតា​ កុំ​ឲ្យ​ឆុង​រក​ស៊ី​មាន​បាន

  • 2014-11-10 15:56:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​រើស​ខែ​ឆ្នាំ​សម្រាប់​គូ​ស្រករ​មុន​អាពាហ៍ពិពាហ៍នៅ​​តែ​ជា​ជំនឿ​ដក់​ជាប់​រហូត ​ក្លាយ​ជា​ផ្នត់​គំនិត​ ​តៗ​គ្នា​​​​ក្នុង​សង្គម​ខ្មែរ។ លើស​ពី​នេះ​ទៅ​ទៀត​ គេ​​តែង​ដឹង​លឺ​ថា​ គូ​ស្វាមី ក្រោយ​រៀប​​អាពាហ៍ពិពាហ៍​ មុន​ពេល​សម្រេច​ចិត្ត​យក​បុត្រ​ធីតា​​ ក៏​ត្រូវ​តែ​គិត​គូរ​ទៅ​លើ​ខែ​ឆ្នាំ​ឲ្យ​បាន​ម៉ត់ចត់។​​​​ ​មិន​​អីចឹង​​ទេ​ ​អាច​ធ្វើ​ឲ្យ​រាសី​ម្ដាយ​ឪពុក​ដាក់​ រក​ស៊ី​មិន​ឡើង​ជា​ដើម។

 

ជាក់​ស្ដែង​អ្នក​ស្រី​ ទូច ភ្ជុំ​កញ្ញា​ អ្នក​លក់​ដូរ​ក្នុង​ទី​រួម​ខេត្ត​កំពង់ចាម​ បាន​ប្រាប់​ថា​ អ្នក​ស្រី​ពិត​​ជា​មាន​​ជំនឿ​លើ​​ការ​​យក​​កូន​ដោយ​មើល​លើ​ខែ​ឆ្នាំ​នេះ​ពិត ​មែន។ អ្នក​ស្រី​ថា​ នៅ​ពេល​ដែល​អ្នក​ស្រី ​និង​ស្វាមី​យក​កូន​ត្រូវ​នឹង​ឆ្នាំ​​ឪពុក​ម្ដាយ​ ឃើញ​ថា​របរ​​រក​ស៊ី​មាន​ការ​ខុស​ប្លែក​ពី​មុន។

 

អ្នក​ស្រី​ ភ្ជុំកញ្ញា​ ប្រាប់​ថា៖ “បន្ទាប់​ពី​គន់គូរ​ថា ​ឆ្នាំ​ណា​ដែល​ជា​ឆ្នាំ​ល្អ​នឹង​ខ្ញុំ​ព្រម​ទាំង​ប្ដី​ ខ្ញុំ​សម្រេច​ចិត្ត​យក​កូន​តាម​ឆ្នាំ​នោះ​តែ​ម្ដង។ គ្រាន់​តែ​ទម្ងន់​បាន​ប្រហែល​​៣​ ឬ​៤​ខែ​ ប្តី​ខ្ញុំ​បោះ​ឥវ៉ាន់​អស់​ៗ​មិន​ដែល​សល់​ មិន​ដែល​ជួប​បញ្ហា​គេ​មក​រក​រឿង​អី​ឡើយ។ មិន​តែ​ប៉ុណ្ណោះ​ មាន​លុយ​សល់​ដល់​ទិញ​ឡាន​ជិះ​ ដី​ក៏​លក់​ដាច់​ ចំណេញ​​បាន​ច្រើន​ ហើយ​មាន​គេ​ទាក់ទង​រក​ស៊ី​ជាមួយ​ច្រើន​ទៀត​ផង”។

 

អ្នក​ស្រី​បន្ត​ថា​ កូន​ឆ្នាំ​នោះ​​ពិត​ជា​មក​ចំរើន​ទាំង​ការ​រក​ស៊ី​ និង​ផ្ដល់​នូវ​សុភមង្គល​ដល់​គ្រួសារ​​​ ព្រោះ​ពេល​អ្នក​ស្រី​មិន​ទាន់​មាន​ទម្ងន់​ លុយកាក់​រក​មក​មិន​ដែល​សល់​ ឡាន​ខូច​ញឹកញាប់​ ហើយ​ប្ដី​ប្រពន្ធ​អ្នក​ស្រី​មិន​សូវ​នឹក​រលឹក​គ្នា​ទេ​ តែ​ពេល​មាន​ទម្ងន់​កូន​នោះ​មក​ គ្រួសារ​អ្នក​ស្រី​មិន​សូវ​រកាំរកូស​នឹង​គ្នា​ ​ផ្ទុយ​ទៅ​វិញ​ ចេះ​នឹក​រលឹក​ និង​សួរ​សុខ​ទុក្ខ​គ្នា​ ស្រលាញ់​គ្នា​ជាង​កាល​ទើប​រៀប​ការ​ ហើយ​មាន​តែ​រឿង​ហេង​ៗ​ចូល​មក​ក្នុង​ផ្ទះ។

 

“ដំបូង ​ឡើយ​ខ្ញុំ​មិន​សូវ​មាន​ជំនឿ​ច្រើន​ទេ​លើ​រឿង​នេះ ​តែ​ដល់​ជួប​ខ្លួន​ឯង​ទើប​ជឿ​មែន​ ព្រោះ​ឪពុក​ក្មេក​ខ្ញុំ​ថា​ ខែ​ឆ្នាំ​ប្ដី​ប្រពន្ធ​ខ្ញុំ​មិន​សូវ​ល្អ​ទេ​ ទាល់​តែ​យក​ឆ្នាំ​កូន​យោង​ ទើប​ឪពុក​ម្ដាយ​រក​ស៊ី​កាក់កប​  គ្រួសារ​ចុះ​សម្រុង​គ្នា​ ដូច្នេះ​ហើយ​ពេល​ខ្ញុំ​រៀបការ​ភ្លាម​ ក្នុង​ឆ្នាំ​២០០៤​ ខ្ញុំ​មិន​ទាន់​យក​កូន​ភ្លាម​ទេ​ ទាល់​តែ​ឆ្នាំ​២០០៧​ ដែល​ជា​ឆ្នាំ​ល្អ​ត្រូវ​នឹង​ឆ្នាំ​ប្តី​ប្រពន្ធ​ ទើប​ខ្ញុំ​យក”។ អ្នកស្រី ​ភ្ជុំ​កញ្ញា​ ប្រាប់​បន្ថែម​ដូច្នេះ។

 

រូប​តំណាង

 

បើ​​តាម​ការ​អះអាង​របស់​អ្នក​ ស្រី​ សូផា​ បុគ្គលិក​បម្រើការ​នៅ​ធនាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ ការ​យក​កូន​​​ឆ្នាំ​មិន​ល្អ​​ ពេល​ខ្លះ​ពិត​ជា​អាច​ឆុង​ ហើយ​ប្តី​ប្រពន្ធ​ខ្លះ​អាច​បែក​គ្នា​ ជួន​កាល​អាច​ព្រាត់​ស្លាប់​ក៏​មាន​ដែរ។

 

អ្នក​ស្រី​បាន​និយាយ​ពី​ភាព​ ជាក់​ស្ដែង​ ដែល​អ្នក​ស្រី​បាន​ជួប​ប្រទះ​ថា៖ “ពេល​ខ្ញុំ​ចាប់​មាន​ទម្ងន់​ដំបូង​ ប្តី​ខ្ញុំ​ឈឺ​រហូត​ ទៅ​រក​ពេទ្យ​ក្នុង​ស្រុក​គេ​ថា​អត់​​មាន​ឈឺ​អី​​ទេ។ មើល​ទៅ​ដូច​មិន ​កើត​ក៏​​បញ្ជូន​​គាត់​ទៅ​ពិនិត្យ​ជំងឺ​ដល់​វៀតណាម​ តែ​អាការៈ​គាត់​មិន​ធូរ​ស្រាល​សោះ។ ពេល​ទៅ​ដល់​វៀតណាម​នោះ​ ខ្ញុំ​ឆ្លៀត​ទៅ​ទាយ​ ដើម្បី​មើល​ក្រែង​ ខ្ញុំ​ និង​ប្ដី​មាន​ខុស​មាត់​ខុស​សំដី​នឹង​អ្នក​តា​ណា​ដែរ​អត់​ តែ​គេ​ថា​ ​ប្ដី​ខ្ញុំ​ឆុង​ឆ្នាំ​កូន​ក្នុង​ពោះ​ខ្ញុំ​ ទាល់​តែ​យក​កូន​នេះ​ចេញ​ទើប​ប្ដី​ខ្ញុំ​ជា​វិញ”។

 

“ក្រោយ​​មក​ ខ្ញុំ​ក៏​យក​កូន​នោះ​ចេញ​តែ​ម្ដង​ ហើយ​ខ្ញុំ​មាន​ជំនឿ​ថា​ នេះ​ជា​រឿង​ពិត​ព្រោះ​អាការៈ​ប្ដី​ខ្ញុំ​បាន​ជា​សះ​ស្បើយ​ ហើយ​គ្រួសារ​ក៏​មាន​សុភមង្គល​”។ អ្នក​ស្រី​ សូផា​ បន្ថែម​ដូច្នេះ។

ទាក់ទង​នឹង​ជំនឿ​នេះ​ ព្រះ​តេជគុណ​ យុទ្ធី ​គង់​នៅ​វត្ត​និរោធន៍​ ដែល​ចេះ​ក្បួន​ហោ​ទស្សន៍ទាយ​លើ​ជោគជតារាសី​ និង​ដេញ​ពេលា​ផង​នោះ​ បាន​មាន​សង្ឃដីកា​ថា៖

 

@ ម្ដាយ​មមែ​ ឪពុក​មមែ៖ គួរ​យក​កូន​ឆ្នាំ​ជូត, ​កុរ, ​ថោះ, ​វក, ​រការ, ​ម្សាញ់, ​និង​មមី។ ក្នុង​​ចំណោម​​ឆ្នាំ​ទាំង​អស់​នេះ​ ឆ្នាំ​ល្អ​ប្រសើរ​គឺ​ កុរ​ និង ​ជូត។

 

-ឆ្នាំ​កុរ​ និង​ជូត៖ ធាតុ​ទឹក​ ជា​ធាតុ​ត្រជាក់​ ដែល​អាច​ជួយ​ចម្រុង​ចំរើន​ឪពុក​ម្ដាយ​ ព្រោះ​ធាតុ​អ្នក​ទាំង​ពីរ​គឺ​មាស។​ ម្ដាយ​ និង​ឪពុក​ជា​ពង្ស​ទេវតា​ស្រី​ ឯ​កុរ​ពង្ស​មនុស្ស​ស្រី​ និង​ទេវតា​ស្រី​អាច​រស់​នៅ​ជាមួយ​គ្នា​បាន​ មិន​មាន​បញ្ហា​អ្វី​ឡើយ។ ជូត​ពង្ស​ទេវតា​ប្រុស​ ចំរើន​ម៉ែឪ​ ជា​កូន​សំណព្វ​ចិត្ត​ អាណិត​នឹក​​រលឹក​ម្ដាយ​ឪពុក​ និង​ជា​កូន​ពឹង​បាន។

 

@​ ម្ដាយ​វក​ ឪពុក​ឆ្លូវ៖ គួរ​យក​កូន​ឆ្នាំ​ជូត​ និង​ មមី។

 

-ឆ្នាំ ​ជូត៖ ធាតុ​ទឹក​ ទឹក​ស្រោច​ទៅ​លើ​ដី​ (ធាតុ​ឪពុក)​ ប្ដី​ប្រពន្ធ​រៀបការ​គ្នា​បាន​មួយ​ឆ្នាំ​មាន​គេ​ជួយ​ចម្រុង​ចំរើន។ ជូត​ពង្ស​ទេវតា​ប្រុស​ ឆ្លូវ​ពង្ស​មនុស្ស​ប្រុស​ (ឪពុក)​ អាច​រស់​នៅ​ជាមួយ​គ្នា​បាន​ ចំរើន​ឪ។ ឯ​វក​ (ម្ដាយ)​ ពង្ស​យក្ស​ប្រុស​ ទេវតា​ និង​យក្ស​ច្រើន​តែ​ឈ្លោះ​គ្នា​ ដូចនេះ​ម្ដាយ​ និង​កូន​ឧស្សាហ៍​ឈ្លោះ​គ្នា​ កូន​មិន​សូវ​ស្ដាប់​ម្ដាយ​ តែ​ចិត្ត​មិន​ដាច់​នឹង​ម្ដាយ​ទេ​ មិន​សូវ​គុំ​ច្រើន​ឡើយ។

 

-ឆ្នាំ​មមី៖ ​ធាតុ​ភ្លើង​ ឪពុក​ធាតុ​ដី​ កូន​កើត​មក​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​លំបាក​​ក្នុង​របរ​រក​ស៊ី​ ទាល់​តែ​យូរ​​បន្តិច​ទើប​រក​ស៊ី​មាន​​បាន​ធូរធារ​ តែ​កូន​​នៅ​​​​​តែ​​ជា​ទី​ស្រលាញ់​របស់​ម្ដាយ​ឪពុក​​ ព្រោះ​​ជា​​ពង្ស​​ទេវតា​​​ស្រី​​ដែល​​ស្រប​​គ្នា​​ជាមួយ​ពង្ស​ម្ដាយ​ឪពុក។

 

ចុះ ​ប្រិយមិត្ត​អ្នក​អាន​មាន​ភរិយា​ ឬ​ស្វាមី​ឆ្នាំ​អី​ ចង់​ដឹង​ថា​កូន​ឆ្នាំ​អ្វី​ល្អ​ អាច​បញ្ចេញ​យោបល់​​​ខាង​ក្រោម​នេះ​ Sabay​ នឹង​រៀប​រាប់​បន្ថែម​ឆ្នាំ​ផ្សេង​ទៀត​លើក​ក្រោយ។ ​

អត្ថបទ៖ លឹម​ សុនា