ប្លែក​ណាស់! ភ្លោះ​ទាំង​កាមេរ៉ា​ ភ្លោះ​ទាំង​​អេក្រង់​

  • 2017-07-27 02:02:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ទូរសព្ទ​ចិន​ Meizu ​បាន​បង្ហាញ​ចេញ​ស្មាតហ្វូន​ពីរ​ម៉ូដែល​ Meizu Pro 7 និង Pro7 Plus មាន​​រចនាបថ​ប្លែក​ខុស​ពី​ស្មាតហ្វូន​ដទៃ​បន្តិច​ ដោយ​មាន​ទាំង​កាមេរ៉ា​ភ្លោះ​ និង អេក្រង់​ក៏​ភ្លោះ​ដែរ។

ដំបូង​​និយាយ​ពី​អេក្រង់​ភ្លោះ​ដែល​ជា​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​តែ​ម្ដង​ទៅ។ អេក្រង់​នេះ​ជា​ប្រភេទ​អេក្រង់​ AMOLED អាច​ Touch បាន​​នឹង​អាច​ប្រើ​សម្រាប់​មុខងារ​មួយ​ចំនួន​ដូច​ជា​សម្រាប់​មើល​ Notification, គ្រប់​គ្រង​លើ​ការ​ចាក់​ចម្រៀង​ ឬ ប្រើ​ជា​អេក្រង់​សម្រាប់​មើល​ពេល​ Selfie ដោយ​ប្រើ​កាមេរ៉ា​ក្រោយ។

ស្មាតហ្វូន​ពីរ​នេះ​ជា​ស្មាតហ្វូន​ដំបូង​សម្រាប់​ Meizu ដែល​មាន​បំពាក់​កាមេរ៉ា​ភ្លោះ។ កាមេរ៉ា​ភ្លោះ​នេះ​​មាន​ជា​​ប្រភេទ​ថត​រូប​ពណ៌​ និង ថត​រូប​ ស-ខ្មៅ ដោយ​មាន​កម្រិត​ ១២ MP។ យ៉ាងណាក្ដី​ចំណុច​ខ្លាំង​គឺ​នៅ​ត្រង់​កាមេរ៉ា​ខាង​មុខ​ឯណោះ​ដោយ​មាន​ទំហំ ១៦ MP ដែល​​ផលិត​ដោយ​​ប្រើ​រូបមន្ត​ "៤ ក្នុង ១" អាច​ឲ្យ​ Selfie ក្នុង​ទី​ងងឹត​បាន​ស្អាត​ល្អ។

នៅ​ពី​ក្រោម​កាមេរ៉ា​ Selfie គឺ​មាន​បំពាក់​អេក្រង់​ពីរ​ប្រភេទ​ផ្សេងៗ​គ្នា​ដោយ​ Pro 7 បំពាក់​អេក្រង់​ Super AMOLED ទំហំ​ ៥,២ អ៊ីញ កម្រិត FullHD និង Pro 7 Plus បំពាក់​អេក្រង់​ទំហំ​ ៥,៧ អ៊ីញ​កម្រិត QuadHD។

ចំណុច​ខុស​គ្នា​ខ្លាំង​បំផុត​នៃ​ស្មាតហ្វូន​ទាំង​ពីរ​ម៉ូដែល​គឺ​នៅ​ខាង​ក្នុង​ឯណោះ​ដោយ​ Pro 7 បំពាក់​ឈីប​ MediaTek Helio P25 អម​នឹង​ RAM ទំហំ ៤ GB និង មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ ៦៤ GB។ Pro 7 នេះ​ក៏​មាន​មួយ​ប្រភេទ​ទៀត​ប្រើ​ឈីប​ MediaTek Helio X30 ដែល​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ ១២៨ GB ហើយ​ថ្ម​មាន​ទំហំ​ ៣០០០ mAh។

ចំណែក​ Pro 7 Plus វិញ​មាន​បំពាក់​ឈីប​ MediaTek Helio X30 គួប​ផ្សំ​នឹង​ RAM ទំហំ ៦ GB ហើយ​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ ៦៤ GB ឬ ១២៨ GB។ ចំពោះ​​ថ្ម​មាន​ទំហំ​ ៣៥០០ mAh ហើយ​ទាំង​ពីរ​ម៉ូដែល​ក៏​មាន​បំពាក់​បច្ចេកវិទ្យា​សាក​ថ្ម​បាន​លឿន​របស់​ Meizu​ mCharge 4.0។ ស្មាតហ្វូន​ទាំង​ពីរ​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Flyme 6 របស់​ Meizu ផ្ទាល់។

នៅ​ថ្ងៃ​ទី​ ៥ ខែ​សីហា​ខាង​មុខ​​លើ​ទីផ្សារ​​​ប្រទេស​ចំនួន​ ១៧ ​នឹង​មាន​លក់​ Meizu Pro 7 ដែល​តម្លៃ​ចាប់​ពី​ ៤៣០ ដុល្លារ និង Meizu Pro 7 Plus ដែល​មាន​តម្លៃ​ចាប់​ពី​ ៥៣០ ដុល្លារ៕​​​​​​​​​​​​

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង