ដំណាំម្លិះ ងាយដាំបើមានដីល្អ អាចប្រមូលផលរាល់ថ្ងៃ
- 2017-07-29 02:42:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណាំម្លិះ ងាយដាំបើមានដីល្អ អាចប្រមូលផលរាល់ថ្ងៃ
ចន្លោះមិនឃើញ
ដំណាំម្លិះ បានក្លាយជារបរបន្ទាប់បន្សំមួយ រកចំណូលល្មមគ្រប់គ្រាន់ទាន់ការចំណាយ សម្រាប់អ្នកភូមិកោះក្របី និងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដំណាំនេះ មិនពិបាកដាំទេ បើមានដីល្អ ហើយអាចប្រមូលផលយកទៅលើទីផ្សារបានរាល់ថ្ងៃ។
អ្នកស្រី ឃុត គឿន ដែលប្រកបរបរដាំម្លិះនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បាននិយាយថា ដំណាំម្លិះអាចបេះបានរាល់ថ្ងៃ គ្រាន់តែពេលខ្លះចេញផ្កាតិច ហើយពេលខ្លះអាចចេញផ្កាច្រើន ទៅតាមមេឃភ្លៀង ឬអត់។ ប្រសិនបើមេឃភ្លៀង បេះមិនទាន់ ផ្កានោះអាចរលួយអស់។
អ្នកស្រីបានបញ្ជាក់ថា ប្រសិនបើមានដីល្អ ដូចជាដីនៅភូមិកោះក្របីនោះ មិនពិបាកដាំឡើយ។ ជាដំបូងគ្រាន់តែរានដីឲ្យស្អាត រួចយកកូនមកដាំរំលងកន្លះម៉ែត្រក្នុងមួយជួរ ហើយកូនម្លិះល្អៗមានលក់នៅភូមិកោះក្របីផ្ទាល់។ ចំពោះថ្នាំ មានប្រើតិចតួច សម្រាប់ការពារសត្វល្អិតកុំឲ្យស៊ី។
អ្នកស្រីបានបន្តទៀតថា រយៈពេលដាំកូន ប្រហែល ៣ ទៅ ៤ខែ អាចប្រមូលផល បេះយកលក់បានរាល់ថ្ងៃហើយ គ្រាន់តែពេលខ្លះតិច ពេលខ្លះច្រើន។ នៅរយៈពេលប្រមាណ ៦ខែ អាចកាត់ស្លឹកចេញម្ដងដើម្បីឲ្យចេញក្ដឹបផ្កាថ្មីច្រើន ឬអាចកាត់តម្រូវ ពេលបុណ្យទាននានា ដើម្បីប្រមូលផលទាន់វេលា។
បច្ចុប្បន្នម្លិះមួយគីឡូក្រាម លក់លើទីផ្សារក្នុងតម្លៃជាង ១ម៉ឺនរៀលប៉ុណ្ណោះ ព្រោះខែនេះចេញច្រើន ហើយមិនមានកម្មវិធីបុណ្យទាន។ ចំណែកតម្លៃខ្ពស់បំផុត គឺនៅពេលបុណ្យកឋិនទាន ដែលអាចលោតដល់ ១២ ឬ ១៣ម៉ឺនរៀលក្នុងមួយគីឡូក្រាម ព្រោះពេលនោះត្រជាក់ ផ្កាមិនសូវចេញ៕
ទស្សនាបទសម្ភាសជាមួយអ្នកស្រី ឃុត គឿន៖