បើក​ឆាក​ពាន​មហាជន​ក្រចេះ​ ក្រុម​គាត​ឈន់​លត់​ក្រុម​កន្ទួត​១០-០​

  • 2017-07-31 03:02:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​វិទ្យាល័យ​គាត​ឈន់​នៅ​ស្រុក​ឆ្លូង​បាន​លត់​ក្រុម​​វិទ្យាល័យ​កន្ទួត​យ៉ាង​ចាស់​ដៃ​ក្នុង​លទ្ធផល​​ ១០-០ ​​នៃ​សប្តាហ៍​បើក​ឆាក​ការ​ប្រកួត​បាល់ទាត់​មហាជន​ខេត្ត​ក្រចេះ​​កាល​ពី​ចុង​សប្តាហ៍​​កន្លង​ទៅ​នេះ​នៅ​ទី​លាន​ខេត្ត។

​ថ្ងៃ​សៅរ៍​​ ទី​២៩​ ខែ​កក្កដា​ ​បើក​ឆាក​​មាន​២​គូ​នៅ​ពូល​ A ​គឺ​ក្រុម​បាល់ទាត់​មហាជន​ក្រុង​ក្រចេះ​បាន​យក​ឈ្នះ​​ក្រុម​វិទ្យាល័យ​សណ្តាន់​​មក​ពី​ស្រុក​សំបូរ​ក្នុង​លទ្ធផល​ ៥-១។ កីឡាករ​ពាក់​លេខ​៧​ រស់ រ៉ាវី​ បាន​ស៊ុត​ចូល​ Hart-Trick ក្នុង​តង់​ទី​២​ បន្ទាប់​ពី​កីឡាករ​នាំ​សំណាង​ ពៅ​ ពិសិដ្ឋ​ ពាក់​អាវ​លេខ​១១​ រក​បាន​គ្រាប់​ទី​១​ ក្នុង​តង់​ទី​១។ ទោះ​បី​ជា​យ៉ាង​ណា សណ្តាន់​​​បាន​បំបែក​ពងមាន់​១​គ្រាប់​វិញ​មុន​ពេល​មុន​ពេល​ខ្សែ​ការពារ​របស់​ក្រុម​ក្រុង​ក្រចេះ​ទាត់​បញ្ជូល​ទី​គ្រាប់​ចុងក្រោយ។ មួយ​គូ​ទៀត​ក្នុង​ពូល​ A​ នេះ​ដែរ​ ស្រុក​ស្នួល​បាន​យក​ឈ្នះ ​ក្រុម​វិទ្យាល័យ​ថ្ម​គ្រែ​ក្នុង​លទ្ធផល​២-១។

ការ​ប្រកួត​ពូល​ B នៅ​ថ្ងៃ​អាទិត្យ​ទី​៣១​ ខែ​កក្កដា​ ក្រុម​វិទ្យាល័យ​គាត​ឈន់​​មក​ពី​ស្រុក​ឆ្លូង​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​​តាម​រយៈ​ការ​ទម្លាយ​សំណាញ់​ទី​របស់​ក្រុម​វិទ្យាល័យ​កន្ទួត​ដោយ​មិន​ឲ្យ​ត​ដៃ​បាន​​ក្នុង​លទ្ធផល​​ ១០-0។ ចំពោះ​​ក្រុម​មហាហង្ស​ឆ្លូង​​ដែល​មក​ពី​ស្រុក​ឆ្លូង​ដែរ​នោះ​រក​បាន​ត្រឹម​១​ពិន្ទុ​ប៉ុណ្ណោះ​ បន្ទាប់​ពី​ស្មើ​ក្រុម​វិទ្យាល័យ​សុម្ភៈបុរ​ ០-០។ មែន​ទែន​ទៅ​ក្រុម​ មហាហង្ស​ឆ្លូង ទទួល​បាន​ឱកាស​មាស​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​ ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច។

ពាន​រង្វាន់​បាល់ទាត់​មហាជន​ខេត្ត​ក្រចេះ​នេះ​មាន​ក្រុម​​ចូល​រួម​ចំនួន​​៩​​ដែល​រៀប​ចំ​ឡើង​ដោយ​មន្ទីរ​អប់រំ​ ខេត្ត​ក្រចេះ៕

លទ្ធផល​ពូល​ A​ ថ្ងៃ​សៅរ៍​ទី​ ២៩​ កក្កដា​

  • ក្រុង​ក្រចេះ​ ៥-១​ វិទ្យាល័យ​សណ្តាន់​

  • ស្រុក​ស្នួល​ ២​-១​ វិទ្យាល័យ​ថ្ម​គ្រែលទ្ធផល​ពូល​ ​B​ ថ្ងៃ​អាទិត្យ​ទី​ ៣០ ​កក្កដា

  • វិទ្យាល័យ​កន្ទួត​ ០​-​១០ វិទ្យាល័យ​គាត​ឈន់

  • មហា​ហង្ស​ឆ្លូង​ ០-០ វិទ្យាល័យ​សុម្ភៈបុរ

អត្ថបទ៖ មាន មានិត