បញ្ចប់ការសិក្សាជាជោគជ័យមួយ តែចាំបាច់បំផុតស្វែងរកការងារ ចឹងនិស្សិតគួរត្រៀមខ្លួនបែបណា?
- 2017-07-31 09:47:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ចប់ការសិក្សាជាជោគជ័យមួយ តែចាំបាច់បំផុតស្វែងរកការងារ ចឹងនិស្សិតគួរត្រៀមខ្លួនបែបណា?
ចន្លោះមិនឃើញ
មិនយូរទេសម័យប្រឡងសញ្ញាប័ត្រជិតមកដល់ហើយ ស្របពេលនោះវាក៏ជិតបានបញ្ចប់ដែរ សិស្សទាំងអស់កំពុងតែរៀបចំខ្លួន ក៏ដូចជារំលឹកមេរៀនដើម្បីត្រៀមប្រយុទ្ធនាពេលឆាប់ៗនេះ។ យ៉ាងណាមិញ មានសិស្សមួយចំនួននៅមានការបារម្ភខ្លះៗ ជុំវិញបញ្ចបការសិក្សាមិនដឹងថាគួរជ្រើសរើសសាលាណាដើម្បីបន្តថ្នាក់បរិញ្ញាបត្រ។
ជួបជាមួយ កញ្ញា ឃន ស៊ីថា ដែលជានិស្សិតដែលទើបនឹងបញ្ចប់ការសិក្សាផ្នែកធនាគារនិងហិរញ្ញវត្ថុពីសាកលវិទ្យាល័យហ្សាម៉ាន់បានថ្លែងកាលដែលប្អូនទើបបានទទួលសញ្ញាប័ត្រថ្មីនេះ គឺគ្រាន់តែជាការចាប់ផ្តើមវិថីថ្មីមួយទៀតសម្រាប់ប្អូនតែប៉ុណ្ណោះទេ។ ប្អូនស៊ីថាគឺជានិស្សិតម្នាក់ក្នុងចំណោមនិស្សិត៥៦នាក់ផ្សេងទៀតដែលទើបតែបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យហ្សាម៉ាន់ក្នុងឆ្នាំ២០១៧នេះ។
គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃសៅរ៍ទី២៩ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ សាកលវិទ្យាល័យបានរៀបចំកម្មវិធីអបអរសាទរការបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររបស់និស្សិតជំនាន់ទី៣របស់ខ្លួននៅឯសណ្ឋាគារសុខាភ្នំពេញដែលមានការចូលរួមជាកិត្តិយសពីឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក Thomas Hundt នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata ដែលជាវាគ្មិនកិត្តិយសនៅក្នុងកម្មវិធី និងបានផ្តល់មតិសំណេះសំណាល និងលើកទឹកចិត្តទៅកាន់ និស្សិត ដែលបានបញ្ចប់ការសិក្សានៅក្នុងឆ្នាំសិក្សា២០១៦-២០១៧នេះ ។
នៅក្នុងថ្លែងសុន្ទរកថាគន្លឹះរបស់លោក ក្នុងកម្មវិធីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររបស់ និស្សិត ជំនាន់ទី៣នៃសាកលវិទ្យាល័យហ្សាម៉ាន់ នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក Thomas Hundt បានលើកឡើងថា៖ "ខ្ញុំសូមជំរុញលើកទឹកចិត្តអ្នកទាំងអស់គ្នាឱ្យកំណត់គោលដៅប្រកបដោយមហិច្ឆតាធំ ហើយខិតខំធ្វើកិច្ចការដើម្បីសម្រេចឱ្យបានគោលដៅទាំងនោះ។ ក្នុងការគិតអំពីការរៀបចំគោលដៅអាជីព វាមានសារៈសំខាន់ដែលអ្នកត្រូវចោទសួរខ្លួនឯងនូវសំនួរសំខាន់ៗមួយចំនួន។ សូមកុំជ្រើសយកការងារដែលមាន ភាពសាមញ្ញ ឬភាពងាយស្រួលពេក អ្នកគួរធ្វើការងារណាដែលជំរុញឱ្យអ្នកមានការខិតខំប្រឹងប្រែងទើបធ្វើឱ្យអ្នកមានភាពរីកចម្រើន។
បើសិនជាការងារដែលអ្នកធ្វើហាក់ដូចជាមានភាពងាយពេកសម្រាប់អ្នក នោះមានន័យថាអ្វីដែលអ្នកកំពុងធ្វើ គឺមិនត្រឹមត្រូវសម្រាប់អ្នកឡើយ។ សូមចងចាំថា ការធ្វើខុសមិនមែនជាបញ្ហាទេ ព្រោះការងារអ្វីដែលមានសារប្រយោជន៍ ជាទូទៅច្រើនតែជាកិច្ចការដែលពិបាកសម្រេច ដូចនេះត្រូវរៀនពីកំហុសទាំងនោះ។ នេះជាមធ្យោបាយតែមួយគត់ដែលអ្នកអាចរីកចម្រើន និងអភិវឌ្ឍវិន័យសម្រាប់ខ្លួន ហើយវានឹងតាមបម្រើអ្នកយ៉ាងល្អអស់មួយជីវិត។ ភាពជោគជ័យ មិនអាចកើតឡើងដោយឯកឯងបានទ អ្នកត្រូវខិតខំធ្វើការទើបវាបានសម្រេច។ ប្រសិនបើអ្នកមានការតាំងចិត្តខិតខំប្រឹងប្រែង ឱកាសផ្សេងៗគឺនឹងស្ថិតក្នុងដៃរបស់អ្នក។"
សម្រាប់លោកលោកបណ្ឌិត ដេត សុខឧត្តម សកលវិទ្យាធិការសាកលវិទ្យាល័យហ្សាម៉ាន់ ការត្រៀមខ្លួនរបស់និស្សិតគឺត្រូវមានតាំងពីមុនការបញ្ចប់ការសិក្សារបស់ខ្លួនមកម្ល៉េះ ឧទាហរណ៍ តាមរយៈការចុះហាត់ការ (Internship) ក្នុងកំឡុងពេលវិស្សមកាល។
ជាក់ស្ដែងកញ្ញា ឃន ស៊ីថា ជានិស្សិតដែលទើបតែបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញធនាគារ និងហិរញ្ញវត្ថុពីសាកលវិទ្យាល័យហ្សាម៉ាន់ បានចែករំលែកថា ប្អូននឹងចូលបម្រើការងារពេញម៉ោងនៅក្នុងក្រុមហ៊ុនសវនកម្មមួយបន្ទាប់ពីបញ្ចប់ការសិក្សា។ និស្សិតរូបនេះបានបញ្ជាក់ថា ការដែលប្អូនបានទទួលការងារនេះភ្លាមៗបន្ទាប់ពីបញ្ចប់ការសិក្សានោះ គឺដោយសារតែប្អូនធ្លាប់បានចុះហាត់ការនៅក្រុមហ៊ុននោះ នៅពេលដែលប្អូនកំពុងរៀននៅឆ្នាំទី៤ ដោយសាស្ត្រាចារ្យមុខវិជ្ជាមួយ បានតម្រូវឱ្យប្អូនត្រូវតែចុះហាត់ការដើម្បីទទួលបានក្រេឌីតសម្រាប់មុខវិជ្ជានោះ។ បន្ទាប់ពីខាងផ្នែកធនធានមនុស្សនិងអ្នកគ្រប់គ្រងរបស់ប្អូនស៊ីថាបានវាយតម្លៃទៅលើលទ្ធផលការរបស់ប្អូនហើយ ខាងក្រុមហ៊ុនក៏បានទំនាក់ទំនងមកស៊ីថា ហើយផ្ដល់ឱកាសការងារពេញម៉ោងដល់ប្អូនស៊ីថាតែម្តង។
នៅក្នុងមតិស្វាគមន៍ និងបើកកម្មវិធី លោកបណ្ឌិត ដេត សុខឧត្តម ក៏បានថ្លែងថា លោកពិតជាមានក្តីសោមនស្ស និងមោទនភាពណាស់ដែលបានឃើញភាពជោគជ័យរបស់អតីតនិស្សិតដែលបានបញ្ចប់ការសិក្សាកាលពី២ឆ្នាំកន្លងមកនេះ ដែលមួយចំនួនកំពុងតែបម្រើការងារនៅក្រុមហ៊ុន អង្គការអន្តរជាតិនានា និងស្ថាប័នរដ្ឋ ហើយមួយចំនួនទៀតកំពុងតែបន្តថ្នាក់ក្រោយឧត្តមសិក្សា របស់ខ្លួននៅសាកលវិទ្យាល័យធំៗនៅប្រទេសជុំវិញពិភពលោក ។ លោកបន្តថា ជាក់ស្តែងនិស្សិតរបស់ហ្សាម៉ាន់មួយចំនួនក្នុងកម្មវិធីនេះក៏បានត្រូវបានផ្តល់ ការទទួលឱ្យចូលរៀនថ្នាក់អនុបណ្ឌិត និងចូលបម្រើការងារនៅក្រុមហ៊ុនមួយចំនួនរួចទៅហើយ៕