កីឡា​វ៉ូស៊ូ​កម្ពុជា​ត្រៀម​រួច​ហើយ​សម្រាប់​ស៊ីហ្គេម​ឆ្នាំ​នេះ

  • 2017-08-01 01:53:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វ៉ូស៊ូ​កម្ពុជា​ ថា​កីឡាករ​ កីឡា​ការិនី​ របស់​ខ្លួន​ត្រៀម​រួចរាល់​ហើយ​ដើម្បី​ត្រៀម​ចេញ​ទៅ​ប្រកួតប្រជែង​យក​មេដាយ​នៅ​ព្រឹត្តិការ​កីឡា​ស៊ីហ្គេម​ ឯ​ប្រទេស​ម៉ាឡេស៊ី​ ចុង​ខែ​សីហា​នេះ។​

លោក​ ម៉ៅ​ ចន្ថាវុធ​

លោក​ ម៉ៅ​ ចន្ថាវុធ​ ដែល​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វ៉ូស៊ូ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ចំពោះ​កីឡាករ​ កីឡា​ការិនី​ វ៉ូស៊ូ​ ទាំង​អស់​បាន​ធ្វើ​ការ​ហ្វឹកហាត់​តាំង​ពី​មុន​ការ​ប្រមូល​ផ្ដុំ​កីឡាករ​ជម្រើស​ជាតិ​កាល​ពី​ខែ​កុម្ភៈ​មក​ម្ល៉េះ។​ សហព័ន្ធ​អនុវត្តន៍​បាន​យ៉ាង​ល្អ​តាម​ផែនការ​របស់​ក្រសួង​អប់រំ​ក៏​ដូចជា​ មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ដាក់​ឲ្យ​មាន​៣ដំណាក់​ការ​ ទី១​ ដំណាក់​រៀបចំ​ ទី២​ ដំណាក់​ការ​ត្រៀម​ និង​ទី៣​ ដំណាក់​ការ​ប្រកួត​ ហើយ​នៅ​ពេល​នេះ​គឺ​ឈាន​ដល់​ដំណាក់​ការ​ចុង​ក្រោយ​នេះ​ហើយ។​

កីឡាករ​កំពុងហ្វឹកហាត់

​អគ្គលេខាធិការ​ខាង​លើ​បន្ត​ថា​ កីឡាករ​ កីឡា​ការិនី​មួយ​ចំនួន​បាន​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ឯ​ប្រទេស​ចិន​នា​ពេល​កន្លង​មក​ផង​ដែរ​ ហើយ​មើល​ឃើញ​ថា​ពួក​មាន​ការ​យល់​ដឹង​ច្រើន​ពី​ការ​ចេញ​ទៅ​ហ្វឹកហាត់​ផង​ដែរ។ ​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ការ​រីកចម្រើន​ជាង​ឆ្នាំ​មុន​ៗ​ទៅ​ទៀត​ ដូច​ជា​កម្លាំង​កាយ​ ចលនា​ផ្សេងៗ​មាន​ភាព​រហ័សរហួន​ ប៉ុន្តែ​លោក​ក៏​បាន​តាម​ដាន​ពី​ការ​រីកចម្រើន​របស់​ប្រទេស​ជិតខាង​ ដែល​ជា​ដៃ​គូ​ប្រកួត​ប្រជែង​ផង​ដែរ​ ដើម្បី​បង្កើន​សមត្ថភាព​កីឡាករ​បន្ថែម​ទៀត។​

កីឡាករ​កំពុងហ្វឹកហាត់
លោក​ ម៉ៅ​ សុវណ្ណបញ្ញា​

លោក​ ម៉ៅ​ សុវណ្ណបញ្ញា​ ដែល​ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កីឡា​វ៉ូស៊ូ​បាន​ឲ្យ​ដឹង​ដែរ​ថា​ លោក​បង្ហាត់​៦ថ្ងៃ​ក្នុង​១សប្ដាហ៍​ គឺ​ចាប់​ពី​ថ្ងៃ​ចន្ទ​ដល់​សៅរ៍ ​ចាប់​ពី​ម៉ោង​ ៦-៧​ព្រឹក​ម្ដង​ ១០-១១:៣០នាទី​ថ្ងៃ​ត្រង់​ម្ដង​ និង​ល្ងាច​ម៉ោង​ ៤-៦។​ ចំពោះ​សមត្ថភាព​របស់​ពួក​គេ​មាន​ការ​រីកចម្រើន​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​ ហើយ​គុណ​ផល​ល្អ​ជាង​មុន​ទៅ​ទៀត។​ បើ​និយាយ​ពី​ចំណុច​ខ្វះ​ខាត​វិញ​សម្រាប់​កូន​សិស្ស​លោក​ក៏​មាន​ដែរ​ គឺ​កង្វះ​ខាត​សម្ភារ​ហ្វឹកហាត់ ​ព្រោះ​សម្ភារ​ទាំង​នោះ​មាន​តម្លៃ​ថ្លៃ​ហើយ​ត្រូវ​ទិញ​មក​ពី​ក្រៅ​ទៀត​ ដូច្នេះ​ជា​ការ​លំបាក​ដល់​ពួក​គេ​ហ្វឹកហាត់​ផង​ដែរ។​

កីឡាករ​ ហេង​ វាសនា​

កីឡាករ​ ហេង​ វាសនា​ ដែល​ជា​ជម្រើស​ត្រៀម​ចេញ​ទៅ​ស៊ីហ្គេម​ ក៏​បាន​លើក​ឡើង​ដែរ​ថា​ ខ្លួន​នឹង​ប្ដេជ្ញា​ចិត្ត​ថា​នឹង​ខំប្រឹង​ប្រកួត​យក​មេដាយ​ជូន​ប្រទេស​កម្ពុជា​ឲ្យ​បាន​សម្រាប់​ស៊ីហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី​ឆ្នាំ​២០១៧​នេះ។ ​បច្ចុប្បន្ន​នេះ​កីឡាករ​រូប​នេះ​ខិតខំ​ហ្វឹកហាត់​រៀងរាល់​ថ្ងៃ​ដើម្បី​បង្កើន​គុណ​ផល​ ហើយ​ព្យាយាម​កែប្រែ​ចំណុច​ខ្វះខាត​ចំនួន​ដែល​នៅ​ធ្វើ​មិន​ទាន់​បាន​ល្អ។​ សម្រាប់​ស៊ីហ្គេម​លើក​ទី​២៩​ នៅ​ប្រទេស​ម៉ាឡេស៊ី​ ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៩​ ដល់ ​ថ្ងៃ​ទី៣០​ ខែ​សីហា​ នេះ​ ប្រទេស​កម្ពុជា​បញ្ចូល​២៤​ប្រភេទ​កីឡា​ដើម្បី​ប្រកួត​ប្រជែង​យក​មេដាយ។​ ក្នុង​នោះ​កីឡា​វ៉ូស៊ូ​កម្ពុជា​បញ្ចូន​កីឡាករ​៣រូប​ និង​កីឡា​ការិនី​១រូប​ ហើយ​ពួកគេ​នឹង​ចេញ​ទៅ​នៅ​ថ្ងៃ​ទី​១៨​ សីហា​នេះ៕​ ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង។

អត្ថបទ៖ នួន ស៊ីណា​