ថៃមិនតិចជាង ៣០ក្រុម តែងមកដកស្រង់បទពិសោធន៍ពីសាលាបឋមសិក្សាវត្តបូព៌
- 2017-08-07 02:16:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃមិនតិចជាង ៣០ក្រុម តែងមកដកស្រង់បទពិសោធន៍ពីសាលាបឋមសិក្សាវត្តបូព៌
ចន្លោះមិនឃើញ
យ៉ាងហោចណាស់ក្នុងមួយឆ្នាំ មានប្រតិភូផ្នែកសិក្សាធិការរបស់ថៃចន្លោះពី ២០ ទៅ ៣០ក្រុម បានមកធ្វើទស្សនៈកិច្ចស្វែងយល់ពីសាលាបឋមសិក្សាវត្តបូព៌។ នេះជាការឲ្យដឹងរបស់លោក ពឹង គិមឆេន នាយកសាលាបឋមសិក្សាវត្តបូព៌។
លោក ពឹង គិមឆេន បានឲ្យដឹងថា ថៃជាប្រទេសដែលមានការរីកចម្រើនជាងកម្ពុជា ក៏ប៉ុន្ដែគេបានបញ្ជូនក្រុមគ្រូបង្រៀនមកស្វែងយល់ពីវិស័យអប់រំនៅកម្ពុជា ដោយយោងទៅលើកត្តាសំខាន់ចំនួន៣៖
ទី១ គេចង់យល់ស៊ីជម្រៅពីប្រព័ន្ធអប់រំរបស់កម្ពុជា
ទី២ គេមកធ្វើទស្សនកិច្ចនៅសាលាបឋមសិក្សាវត្តបូព៌ ព្រោះគេតែងល្បីថាសាលានេះមានកម្រិតល្អថ្នាក់ជាតិ
ទី៣ គេមកស្វែងយល់ពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់សាលាផ្ទាល់តែម្ដង។
នាយកសាលារូបនេះឲ្យដឹងថា «បើនិយាយពីហេដ្ឋារចនាសម្ព័ន្ធខាងយើងមានត្រឹមតែ២០ទេ ប៉ុន្តែគេមានរហូតដល់ទៅ១០០។ ចុះហេតុអ្វីបានជាគេ ១០០ បែរជាមកមើល ២០? គេគិតថា គេមាន ១០០មែន តែគេចំណាយច្រើនណាស់អាចដល់ ១០០ម៉ឺន ឯយើងមាន ២០មែន តែចំណាយអស់ត្រឹមតែ ១ម៉ឺនប៉ុណ្ណោះ។ ចុះបើយើងមានដល់ ១០០ម៉ឺនដូចគេវិញ តើយើងនឹងដើរទៅមុខលឿនយ៉ាងណា?»។
លោកបន្ថែមថា មួយវិញទៀតខាងថៃគេកំពុងស្វែងយល់ពីរបៀបដំណើរការរបស់សាលារៀនដែលមានការចូលរួមច្រើនមានទាំងរាជរដ្ឋាភិបាល ក្រសួងអប់រំ និងការជួយជ្រោមជ្រែងពីសហគមន៍ផង ខណៈដែលប្រទេសថៃ ភាគច្រើន គឺរដ្ឋជាអ្នកទទួលបន្ទុកទាំងស្រុងទៅលើវិស័យអប់រំនោះ។ ដូច្នេះទើបគេបារម្ភថា វិស័យអប់រំរបស់គេអាចនឹងមានបញ្ហា ប្រសិនបើគេជួបនឹងវិបត្តិសេដ្ឋកិច្ចនោះ។
គួរបញ្ជាក់ថា សាលាបឋមសិក្សាវត្តបូព៌ មានទីតាំងស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ សាលានេះត្រូវបាន ចាត់ទុកជាសាលាដែលមានសណ្ដាប់ធ្នាប់ និងវិន័យល្អជាងគេមួយក្នុងក្របខ័ណ្ឌទូទាំងប្រទេសកម្ពុជា។ ក្នុងមួយឆ្នាំៗមានគណៈប្រតិភូទាំងអង្គការ និងផ្នែកសិក្សាធិការមកពីបណ្ដាប្រទេសនានា បានធ្វើទស្សនកិច្ចនៅសាលានេះមិនតិចក្រុមនោះឡើយ។ នេះបើតាមការឲ្យដឹងរបស់លោកនាយក ពិន គឹមឆេន៕