រឿង​ក្ដី​អាថ៌កំបាំង លួច​កាត់​សក់​នារី​នៅ​ឥណ្ឌា កំពុង​បង្ក​ការ​ភ័យ​ខ្លាច

  • 2017-08-03 06:28:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​ជាង ៥០​នាក់ នៅ​រដ្ឋ Haryana និង Rajasthan ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ លួច​កាត់​សក់​យ៉ាង​អាថ៌កំបាំង អំឡុង​ពេល​បាត់​បង់​ស្មារតី​ដោយ​មិន​ដឹង​មូលហេតុ​ពិត។ ប៉ូលិស​កំពុង​ព្យាយាម​ស៊ើប​អង្កេត​រឿង​ក្ដី​ដ៏​ចម្លែក​មួយ​នេះ ព្រោះ​នារី​ជា​ច្រើន​កំពុង​ភ័យ​ខ្លាច​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។

នារី​ម្នាក់​ដែល​មាន​អាយុ ៥៣​ឆ្នាំ ឈ្មោះ Sunita Devi នៅ​រដ្ឋ Haryana បាន​និយាយ​ថា៖ "មាន​ពន្លឺ​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បាត់​ស្មារតី។ ប្រហែល​មួយ​ម៉ោង​ក្រោយ​មក ខ្ញុំ​ស្រាប់​តែ​ឃើញ​សក់​ខ្ញុំ ត្រូវ​គេ​កាត់"។ ហេតុការណ៍​មួយ​នេះ កើត​ឡើង​កាល​ពី​ថ្ងៃ​សុក្រ ដែល​ធ្វើ​ឲ្យ​​នារី​រង​គ្រោះ ភិត​ភ័យ​មិន​ទាន់​បាត់​នៅ​ឡើយ។

ស្ត្រី​រង​គ្រោះ Sunita Devi

Sunita Devi បាន​រៀប​រាប់​ទៀត​ថា៖ "ពេល​នោះ​ខ្ញុំ​នៅ​ជាន់​ក្រោម​ម្នាក់​ឯង ហើយ​កូន​ប្រសា​ស្រី និង​ចៅ​ប្រុស​របស់​ខ្ញុំ​នៅ​ជាន់​លើ ពេល​ដែល​គេ​ធ្វើ​សកម្មភាព​នៅ​ម៉ោង​ប្រហែល ៩​កន្លះ​យប់"។ ​នាង​បាន​បន្ថែម​ថា អ្នក​ដែល​លូច​កាត់​សក់​នាង មើល​ទៅ​ដូច​ជា​បុរស​ចំណាស់​ម្នាក់ ស្លៀក​ពាក់​សំលៀក​បំពាក់​ភ្លឺ​ចែង​ចាំង។

ទោះ​យ៉ាង​ណា នៅ​ពេល​ធ្វើ​សកម្មភាព ហាក់​ដូច​ជា​អាថ៌​កំបាំង​ណាស់ ព្រោះ​គ្មាន​នរណា​ឃើញ​ឡើយ បើ​ទោះ​បី​មាន​អ្នក​ជិត​ខាង​ច្រើន​យ៉ាង​ណា​ក៏​ដោយ។ អ្នក​ជិត​ខាង​របស់ Sunita Devi បាន​ស្នាក់​នៅ​ជិត​នាង​បណ្ដោះ​អាសន្ន រហូត​ដល់​នារី​រង​គ្រោះ​រូប​នេះ​លែង​មាន​អារម្មណ៍​ថា​ភ័យ​ខ្លាច។

ប្រហែល​ប៉ុន្មាន​ម៉ែត្រ​ពី​ផ្ទះ​របស់ Sunita Devi មាន​នារី​ម្នាក់​ទៀត​ឈ្មោះ​ Asha Devi ក៏​បាន​រង​ការ​វាយ​ប្រហារ​យ៉ាង​ចម្លែក​នេះ​ដូច​គ្នា ប៉ុន្តែ​ជន​រងគ្រោះ​ក្រោយ​ប្រាប់​ថា​អ្នក​លួច​កាត់​សក់​ជា​មនុស្ស​ស្រី។ ហេតុការណ៍​នេះ កើត​ឡើង​នៅ​វេលា​ម៉ោង​ប្រហែល ១០​យប់ នៅ​ពេល​ដែល​នារី​រង​គ្រោះ​ចេញ​ក្រៅ​ផ្ទះ​បាត់​ប្រហែល ៣០​នាទី។ យ៉ាង​ណា​ក្ដី សក់​នោះ មិន​ត្រូវ​បាន​អ្នក​កាត់​យក​ទៅ​ណា​ឡើយ គឺ​កាត់​ទម្លាក់​នៅ​នឹង​កន្លែង​តែ​ម្ដង។

នៅ​មាន​រឿង​ក្ដី​ស្រដៀង​គ្នា កើត​ឡើង​ប្រមាណ ៥០​ករណី​ស្រដៀង​គ្នា ដែល​ធ្វើ​ឲ្យ​ប៉ូលិស​កើត​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង និង​កំពុង​តាម​ប្រមាញ់​រក​ការ​ពិត។ ហេតុការណ៍​លួច​កាត់​សក់​នេះ បាន​កើត​ឡើង​ដំបូង កាល​ពី​ដើម​ខែ​កក្កដា​នៅ​រដ្ឋ Rajasthan ប៉ុន្តែ​ក្រោយ​មក​ក៏​ចាប់​ផ្ដើម​រាល​ដាល​នៅ​រដ្ឋ Haryana និង​រដ្ឋធានី​ដេលី៕

​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទពេញនិយម