អត់​មាន​ទូរទស្សន៍​​ក្នុង​ស្រុក​ផ្សាយ​ស៊ីហ្គេម​ទេ​ តែ​អ្នក​កាសែត​ទៅ​ម៉ាឡេស៊ី​ច្រើន​

  • 2017-08-04 03:24:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​កីឡា​ធំ​ប្រចាំ​​តំបន់​អាស៊ីអាគ្នេយ៍​ ឬ​ស៊ីហ្គេម​នឹង​ចាប់​ផ្តើម​បើក​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១៩​ ខែ​សីហា​ ប៉ុន្តែ​ប្រភេទ​កីឡា​បាល់ទាត់​ចាប់​ផ្តើម​ប្រកួត​ពី​ថ្ងៃ​ទី​១៤​ ខែ​សីហា​ទៅ។ សម្រាប់​កម្ពុជា​​សម្រេច​បញ្ជូន​កីឡា​ចំនួន​២៤​ប្រភេទ​ចូល​រួម​ប្រកួត​ប្រជែង​ដើម្បី​ស្វែង​រក​មេដាយ​ជូន​ជាតិ។ ការ​ផ្សព្វផ្សាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​បាន​ទស្សនា​ និង​គាំទ្រ​ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ​មិន​ទាន់​មាន​ទូរទស្សន៍​​​នៅ​កម្ពុជា​ណា​មួយ​ចេញ​មុខ​​បញ្ជាក់​ថា​ ខ្លួន​ផ្សាយ​ឡើយ​ ខណៈ​ពេល​​វេលា​ក៏​ខិត​ជិត​ចូល​មក​ដល់។

ប្រភព​​មួយ​បាន​​ឲ្យ​ដឹង​ថា​ ​​ការ​ផ្សព្វផ្សាយ​​កីឡា​ស៊ីហ្គេម​​នៅ​ប្រទេស​ម៉ាឡេស៊ី​លើក​​នេះ​លក់​ជា​កញ្ចប់​​​សម្រាប់​ការ​ផ្សាយ​បន្ត​ផ្ទាល់​គ្រប់​ប្រភេទ​កីឡា​តែ​ម្តង។ ការ​លក់​ជា​កញ្ចប់​នេះ​មាន​ន័យ​ថា​ គ្រប់​ប្រភេទ​កីឡា​ទាំង​អស់​ចាប់​ផ្តើម​ពី​ការ​ប្រកួត​​រហូត​ដល់​ចប់​​ព្រឹត្តិការណ៍​ទាំង​​មូល​គឺ​ទូរទស្សន៍​មួយ​អាច​ផ្សាយ​បន្ត​បាន​ទាំង​អស់។ ​វា​មាន​តម្លៃ​រហូត​ដល់​១០​ម៉ឺន​ដុល្លារ​អាមេរិក​​ដែល​ធ្វើ​ឲ្យ​ទូរទស្សន៍​​ក្នុង​ស្រុក​ពិត​ជា​ពិបាក​រក​ម្ចាស់​ឧបត្ថម្ភ​ដើម្បី​ទ្រទ្រង់​ក្នុង​ផ្សាយ​បន្ត​ផ្ទាល់។

ការ​លក់​ជា​កញ្ចប់​នេះ​ខុស​ពី​កីឡា​ស៊ីហ្គេម​​​នៅ​ប្រទេស​សិង្ហបុរី​​កាល​ពី​ឆ្នាំ​២០១៥​ដែល​​ពេល​នោះ​លក់​តាម​ប្រភេទ​កីឡា​ដែល​ទូរទស្សន៍​ណា​មួយ​ចង់​ផ្សាយ។ ឧទាហរណ៍៖ ប្រសិន​បើ​ទូរទស្សន៍​ណា​មួយ​​​ចង់​ផ្សាយ​បន្ត​ផ្ទាល់​តែ​កីឡា​បាល់ទាត់​ គឺ​អាច​ទិញ​យក​តែ​កីឡា​បាល់ទាត់​ផ្សាយ​បាន​ ហើយ​មាន​តម្លៃ​​ចុះ​ថោក​ទៅ​តាម​នោះ​ដែរ។

តាម​វិបសាយ​ផ្លូវ​ការ​របស់​កីឡា​ស៊ីហ្គេម​បាន​បង្ហាញ​​ទូរទស្សន៍​ជាតិ​របស់​ប្រទេស​ទាំង​១១​​នៃ​សមាជិក​កីឡា​ស៊ីហ្គេម​​ជា​អ្នក​ផ្សព្វផ្សាយ​ ​ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា​ ផ្សាយ​ផ្ទាល់​ ឬ​ផ្សាយ​បន្ត​ផ្ទាល់​តាម​លក្ខណៈ​បែប​នោះ​ទេ។ ទោះ​បី​ជា​យ៉ាង​ណា​ ​អ្នក​ដឹង​រឿង​នេះ​បាន​និយាយ​ថា​ ទូរទស្សន៍​ជាតិ​កម្ពុជា​ (ទទក)​អាច​មាន​ទឹក​មាត់​ប្រៃ​​ក្នុង​ការ​ចរចា​​ពី​ការ​ផ្សាយ​បន្ត​ផ្ទាល់​ ប៉ុន្តែ​ទូរទស្សន៍​ជាតិ​​កម្ពុជា​ហាក់​​ដូច​ស្ងាត់​ស្ងៀម។

ថ្វី​បើ​មិន​មាន​ទូរទស្សន៍​ក្នុង​ស្រុក​​ណា​ផ្សាយ​អះអាង​ពី​ការ​ផ្សាយ​បន្ត​ផ្ទាល់​​ក៏​ដោយ​ ក៏​ប៉ុន្តែ​កីឡា​ស៊ីហ្គេម​​ឆ្នាំ​នេះ​​នៅ​ប្រទេស​ម៉ាឡេស៊ី​មាន​អ្នក​សារព័ត៌មាន​កីឡា​ជាតិ​ទាំង​ផ្នែក​ទូរទស្សន៍​ កាសែត​ និង​អនឡាញ​គ្រោង​បញ្ជូន​បុគ្គលិក​របស់​ខ្លួន​ទៅ​យក​ព័ត៌មាន​​ផ្ទាល់​ដល់​ប្រទេស​ម៉ាឡេស៊ី​ជា​ច្រើន​ទៀត​ផង។

ស្ថាប័ន​ព័ត៌មាន​ដែល​ច្បាស់​ការ​បញ្ជូន​បុគ្គលិក​ទៅ​ស៊ីហ្គេម​មាន​ដូច​ខាង​ក្រោម

  • វិបសាយ​ Sabay
  • វិបសាយ​ Thmey Thmey
  • វិបសាយ​ កីឡា​ដេលី​
  • កាសែត​ភ្នំពេញ​ប៉ុស្តិ៍
  • ទូរទស្សន៍​បាយ័ន
  • ទូរទស្សន៍​ CTN
  • ទូរទស្សន៍ PNN​ ​
វិបសាយ​ស៊ីហ្គេម​បង្ហាញ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើង​បេះ​ដូង​យើង

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី