មកស្គាល់បុរសឥណ្ឌាចាប់ «ស្ដេចពស់វែក» ជាង ១០០​ក្បាល តែធ្លាប់ត្រូវ​ពស់ចឹករាប់ពាន់ដង

  • 2017-08-04 04:58:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់ មាន​សមត្ថភាព​ពិសេស​ចម្លែក​ខុស​គេ ព្រោះ​អាច​ចាប់​សត្វ​អាសិរពិស ​ដោយ​មិន​​មាន​ឧបករណ៍​ជំនួយ គឺ​ចាប់​ផ្ទាល់​ដៃ​ឆៅ​ៗ​។​ សកម្មភាព​ចាប់​​ពស់​វែក​បែប​ជួយ​សង្គ្រោះ​នេះ ​បាន​​ធ្វើ​ឲ្យ​លោក​ទទួល​បាន​ការ​កោត​សរសើរ​ពី​ប្រជាជន​យ៉ាង​ច្រើន។

លោក​មាន​ឈ្មោះ Vava Suresh អាយុ ៤២ឆ្នាំ ជា​អ្នក​អភិរក្ស​សត្វ​លេច​ធ្លា​ម្នាក់ ហើយ​​តែង​តែ​ទទួល​ទូរសព្ទ​ឲ្យ​ចុះ​ទៅ​ជួយ​ចាប់​ពស់​វង្វេង​សំបុក​​ចេញ​ពី​ផ្ទះ​ពលរដ្ឋ។ ជា​ញឹក​ញាប់​ ពស់​ដែល​លោក​ចាប់​ជា​ប្រភេទ​ពស់​មាន​ពិស​អាច​សម្លាប់​មនុស្ស​បាន​ដូច​ជា​ ស្ដេច​ពស់​វែក ពស់​វែក​ធម្មតា និង​ពស់​គ្រោះ​ថ្នាក់​ផ្សេង​ៗ​ទៀត។

បើ​តាម​ប្រភព បុរស​រស់​នៅ​រដ្ឋ Kerala ​រូប​នេះ​ បាន​ជួយ​​សង្គ្រោះ​ស្ដេច​ពស់​វែក​ចំនួន ១១៣​ក្បាល​មក​ហើយ ដោយ​ពស់​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ពស់​ដ៏​គ្រោះ​ថ្នាក់​បំផុត​មួយ​ក្នុង​ការ​ប្រហារ​ជីវិត​មនុស្ស។

ទោះ​​យ៉ាងណា លោក​​អះអាង​ថា ខ្លួន​ធ្លាប់​ត្រូវ​ពស់​ចឹក​ចំនួន ៣ ៨៨៣​ដង ​ក្នុង​នោះ​ពស់​មានពិស​ចំនួន ៣៨៧​ដង ក្នុង​អាជីព​ជា​អ្នក​ចាប់​ពស់​រយៈពេល​ពេល​ជាង​ ២៨ឆ្នាំ។ លោក​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​បុរស​ពស់ ឬ Snake Man។

លោក​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ឥណ្ឌា Indiatimes ថា ​ខ្លួន​បាន​ចាប់​ពស់​ដោយ​ដៃទទេ​លើក​ដំបូង​តាំង​ពី​រៀន​នៅ​បឋម​សិក្សា​មក​ម្ល៉េះ ហើយ​ជា​ពស់​វែក​ទៀង​ផង គឺ​ខណៈ​ពេល​ត្រលប់​ពី​រៀន​​ដើរ​មក​ផ្ទះ​វិញ ស្រាប់​តែ​ឃើញ​ពស់​កំពុង​វេន​នៅ​គែម​ផ្លូវ។ កាល​នោះ ព្រោះ​តែ​ចង់​ដឹង​ថា វា​ជា​សត្វ​អ្វី​ក៏​​ទៅ​ចាប់​​ដោយ​ដៃទទេ​ យក​មក​ផ្ទះ​តែម្ដង។ ចំណែក​មិត្ត​ភ័ក្ដិ​លោក​ភ័យ​ខ្លាច រត់​គ្រប់​គ្នា​ ហើយ​ក៏​ស្រែក​ប្រាប់​ឲ្យ​បោះ​ចោល តែ​លោក​មិន​ព្រម។

ពេល​រៀន​ចប់​នៅ​សាលា លោក​បាន​សិក្សា​ស្វែង​យល់​ពី​សត្វ​ពស់ រួច​សម្រេច​​ចិត្ត​ដើរ​ជួយ​សង្គ្រោះ​ពស់ និង​សត្វ​ព្រៃ​ផ្សេង​ទៀត ដែល​វង្វេង​ផ្លូវ ឬ​មក​យាយី​​ជាមួយ​មនុស្ស។ ​មក​ទល់​ពេល​នេះ​លោក​មិន​ដែល​គិត​ថា ចង់​បោះបង់​របរ​មួយ​នេះ​នៅ​ឡើយ​ទេ ថែម​ទាំង​ចង់​អប់រំ​មនុស្ស​ពី​សារសំខាន់​នៃ​វត្តមាន​​សត្វ​ពស់​ក្នុង​ធម្មជាតិ​ទៀត​ផង៕

ប្រភព៖ Indiatimes   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី