គ្រូពេទ្យចិត្តធម៌អូស្ត្រាលី នាំបុរសខ្មែរ​មានដុំសាច់ជាង​៣០ឆ្នាំ ទៅវះកាត់​ទទួលជោគជ័យ

  • 2017-08-04 10:21:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូពេទ្យ​អូស្ត្រាលី​បាន​វះកាត់​លើ​បុរស​កម្ពុជា​ម្នាក់​ដែល​មាន​ដុំ​សាច់​ដុះ​ក្នុង​មាត់​ដ៏​ធំ​រយៈពេល​ជាង ៣០​ឆ្នាំ ដោយ​ទទួល​បាន​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ។

លោក​តា អេង ខេង ជា​អ្នក​ភូមិ​ម្នាក់​រស់​នៅ​ខេត្ត​កំពង់ចាម បាន​ជួប​ជំងឺ​បែប​នេះ​រយៈពេល​​ជាង ៣០​ឆ្នាំ ហើយ​​មិន​ដែល​​ទទួល​ការ​ព្យាបាល​ម្ដងណា​ឡើយ។

ថ្ងៃ​មួយ​ លោក​វេជ្ជបណ្ឌិត Andrew Cheng ​រស់​នៅ​ទីក្រុង Adelaide ប្រទេស​អូស្ត្រាលី បាន​ទទួល​ដំណឹង​ពី​ករណី​របស់​លោក​តា​ ខេង ពេល​​លោក​ធ្វើ​ដំណើរ​មក​កម្ពុជា​បែប​មនុស្ស​​ធម៌ លោក​​ក៏​ចង់​ជួយ​លោក​តា​តែម្ដង។ លោក​ Andrew Cheng និយាយ​ថា "​ខ្ញុំ​មិន​ដែល​ឃើញ​ករណី​បែប​នេះ​ទេ​ពី​មុន​មក ហើយ​មិន​ដែល​គិត​ថា​មាន​អ្នក​​កើត​ដុំ​សាច់​ដ៏​ធំ​អីចឹង​​ដែរ"។

គ្រូពេទ្យ​ចិត្ត​ធម៌​ជនជាតិ​អូស្ត្រាលី​រូប​នេះ បាន​ស៊ើប​ដឹង​កន្លែង​នៅ​របស់​លោក​តា ខេង ​ក៏​ចុះ​​ទៅ​ដល់​ភូមិ​លោក​តា នៅ​កំពង់ចាម​តែម្ដង។ គ្រូពេទ្យ​ដដែល បាន​នាំ​លោក​តា​ទៅ​​គ្រូពេទ្យ​កម្ពុជា​ស្កេន​មើល ដើម្បី​ប្រាកដ​ថា​វា​មិន​មែន​ជា​​ដុំ​សាច់​កាច រួច​ក៏​ត្រៀម​រៀប​ចំ​ទៅ​វះ​កាត់​នៅ​ប្រទេស​អូស្ត្រាលី។

យោង​ទៅ​តាម​គ្រូពេទ្យ​ខាង​លើ ដុំ​សាច់​នេះ​ជា​ករណី​កម្រ​មួយ​​ឈ្មោះ​ថា Gingival Hyperplasia និង​កើត​ឡើង​មួយ​ក្នុង​ចំណោម ៧៥​ម៉ឺន​ករណី។

ដោយ​សារ​ស្ថាន​ភាព​របស់​លោក​តា​ធ្ងន់ធ្ងរ ​គ្រូពេទ្យ Cheng ​សម្រេច​ទាក់​ទង​មន្ទីរ​ពេទ្យ Ashford Hospital ក្នុង​ទីក្រុង Adelaide ​ហើយ​គេ​ក៏​យល់​ព្រម។ ក្រោយ​មក ការ​វះកាត់​ទទួល​បាន​ជោគជ័យ លោក​តា​ខេង ​ក៏​ជា​សះស្បើយ សុខភាព​ធម្មតា និង​បន្សល់​ទុក​ស្លាក​ស្នាម​តិច​តួច​ប៉ុណ្ណោះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម