WeChat បណ្ដាញ​សង្គម​លេខ ៥ នៅ​ចិន ចុះ​អ្នក​ចេះ​ប្រើ​ច្បាស់​នៅ?

  • 2017-08-05 03:40:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ ២០១៦ កម្មវិធី​បណ្ដាញ​សង្គម WeChat ត្រូវ​បាន​គេ​រាប់​បញ្ចូល​ជា​បណ្ដាញ​សង្គម​ឈរ​ឈ្មោះ​តំណែង​ទី ៥ នៅ​ក្នុង​ប្រទេស​ចិន។​ សប្ដាហ៍​នេះ Sabay បង្ហាញ​អំពី​ការ​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ​ក៏​ដូច​ជា​ លក្ខណៈ​ពិសេសៗ​មួយ​ចំនួន​របស់ WeChat មាន​ដូច​ខាង​ក្រោម។

១ ទាញ​យក​កម្មវិធី WeChat iOS | Android

ការប្រើប្រាស់

១.អ្នក​អាច​ធ្វើ​ការ​ Set Profile Photo ឬ​ឈ្មោះ​គណនី ដែល​មាន​ក្នុង Settings ផ្នែក​ខាង​ក្រោម​បង្អស់ ​២.WeChat នឹង​ធ្វើ​ការ​ស្វ័យប្រវត្តិ​រក​មើល​នូវ​បញ្ជី​ឈ្មោះ (Contact) ណា ដែល​មាន​ចុះ​ឈ្មោះ​ប្រើប្រាស់​កម្មវិធី​នេះ​ដែរ នោះ​វា​នឹង​បង្ហាញ​ទៅ​តាម​តួ​អក្សរ ៣.ត្រង់​ប្រអប់ Search ផ្នែក​ខាង​លើ​បង្អស់ > អ្នក​អាច​ធ្វើ​ការ Add ទៅ​កាន់​បុគ្គល​ដទៃ​ទៀត តាម​រយៈ​ ID ឬ QR Code ៤.ដើម្បី​ផ្ញើ​សារ​បាន ចូល​ទៅ​កាន់​គណនី​នរណា​ម្នាក់ ដែល​បង្ហាញ​​តាម​រយៈ ​Contact ៥.ក្រៅ​ពី​ការ​ផ្ញើ​សារ​ជា​អក្សរ​ធម្មតា អ្នក​ក៏​ប្រើ​មុខងារ​ផ្ញើ​វីដេអូ, រូបភាព, ទីតាំង ក៏​ដូច​ជា​វីដេអូ​ Call និង Call ជា​សំឡេង​ធម្មតា ដោយ​ចុច​សញ្ញា (+) ក្បែរ​កន្លែង​វាយ​បញ្ចូល​អក្សរ។

+មុខងារ​ពិសេសៗ​នៃ​កម្មវិធី WeChat:

១.QR Code:

ក្នុង​ប្រទេស​ចិន គេ​និយម​ប្រើប្រាស់​បំផុត​គឺ QR Code ជំនួស​ពី​ប័ណ្ណ​សម្គាល់​ខ្លួន, លេខ​ទូរសព្ទ​ជា​ដើម។ ចំពោះ WeChat អាច​គាំទ្រ​មុខងារ​នេះ ដោយ​គ្រាន់​តែ​អ្នក​ប្រើ​លើ​ QR Code បង្ហាញ​ទៅ​កាន់​ម្នាក់​ទៀត ហើយ​ធ្វើ​ការ​ស្កេន​បញ្ចូល​ជាមួយ​កម្មវិធី​ នោះ​វា​នឹង​ស្វ័យប្រវត្តិ​រត់​ទៅ​កាន់​គណនី​ម្នាក់​នោះ​ភ្លាម។​ សូម្បី​តែ​តាម​ហាង​លក់​អាហារ​តាម​ផ្លូវ​ទំនើប​ខ្លះ ក៏​ប្រើប្រាស់ WeChat QR Code ដើម្បី​ឲ្យ​អតិថិជន​ធ្វើ​ការ​ទូទាត់​ថ្លៃ​ចំណាយ​របស់​ពួក​គេ​ផង​ដែរ។

២.GROUP:

សមាជិក​នៃ​ការ​បញ្ចូល​ក្នុង​មួយ​ក្រុម (Group) មាន​ចំនួន​កំណត់ ៥០០ នាក់ ប៉ុន្តែ​តាម​ការ​លេច​លឺ​បើ​អ្នក​មាន​ស្គាល់​បុគ្គលិក​ WeChat ពួក​គេ​អាច​មាន​វិធី​បង្កើន​ដល់​​លើស​ពី ១ ពាន់​នាក់។ តាម​ការ​ប្រើប្រាស់ Group របស់ WeChat មាន​ភាព​ពេញ​និយម​មិន​ខុស​ពី Facebook Group នោះ​ឡើយ ដោយ​វា​អាច​ធ្វើ​ការ​ផ្សព្វផ្សាយ​លក់​ផលិតផល​ផ្សេងៗ​ តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត។​

៣.Moments:

WeChat Moments ក៏​មាន​ភាព​ស្រដៀង​ទៅ​នឹង Facebook Moment ប៉ុន្តែ​សម្រាប់ WeChat បើ​ករណី​នរណា​ម្នាក់​មិន​ជាប់​ទាក់ទង​ជា Friend ជាមួយ​គណនី​ម្នាក់​ទៀត ខណៈ​បើ​ទោះ​បី​ពួក​គេ​ព្យាយាម​ Comment ក៏​វា​មិន​បង្ហាញ​ឲ្យ​បុគ្គល​ម្ចាស់​រូប​ឃើញ​នោះ​ដែរ ដរាប​ណា​ជា​លក្ខណៈ Mutual Friend ទើប​អាច​មាន​សិទ្ធ។​

ទន្ទឹម​នឹង​ភាព​ពេញ​និយម​របស់​វា រហូត​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុង​ស្រុក​ចិន​ខ្លះ បាន​បោះបង់​ការ​ប្រើប្រាស់ Google China ដែល​យើង​ស្គាល់​ជា Baidu ងាក​មក​ប្រើប្រាស់​ WeChat ជំនួស​វិញ ព្រោះ​មាន​ការ​ចែកចាយ​ព័ត៌មាន​ផ្សេងៗ មិន​ចាញ់ Baidu ឡើយ។​

៤.WeChat Pay:

ជា​ប្រព័ន្ធ​ទូទាត់​ទំនិញ​លំដាប់​ទី ១ ក្នុង​ប្រទេស​ចិន ហើយ​លំដាប់​ទី ២ គឺ Alipay របស់​ក្រុមហ៊ុន Alibaba ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ Jack Ma។​ ក្នុង​ឆ្នាំ ២០១៧ មាន​ការ​ទូទាត់​ឡើង​ដល់ ៤៦ ពាន់​លាន​ដង កើន​ឡើង​ជាង ៨ ពាន់​លាន​ដង​នា​ឆ្នាំ ២០១៦ ដែល​រាប់​បញ្ចូល​ទាំង​ការ​ទូទាត់​ចំនួន​សាច់​ប្រាក់​តាំង​ពី​ សេន រហូត​ឡើង​ដល់ ខ្ទង់​រយ​ដុល្លារ។​

ជា​ឧទាហរណ៍​អ្នក​អាច​ប្រើប្រាស់​វា សម្រាប់​ការ​ហៅ Taxi, ការ​កុម្ម៉ង់​អាហារ, ការ​កក់​សំបុត្រ​រថភ្លើង, ការ​ណាត់​ជួប​វេជ្ជបណ្ឌិត និង​ការ​ចំណាយ​ផ្សេងៗ​ជា​ច្រើន​ទៀត។​

៥.Official Account:

OA ឬ​ពាក្យ​ពេញ Official Account ជា​មុខងារ​ម្យ៉ាង​ស្រដៀង​នឹង​ Facebook Page របស់ Facebook ដែរ។ ការ​ធ្វើ​អាជីវកម្ម​តាម​រយៈ​បណ្ដាញ​សង្គម​មួយ​នេះ កាន់​តែ​បើក​ចំហ​ឡើង​ ក្នុង​ការ​តភ្ជាប់​ទៅ​កាន់​អតិថិជន​ជុំវិញ​ពិភពលោក។ យើង​អាច​ប្រើប្រាស់​ក្នុង​កម្មវិធី WeChat ផ្ទាល់ ខុស​ពី Facebook ដែល​ទាមទារ​ឲ្យ​ដំឡើង​កម្មវិធី​ជំនួយ Page Manager ក្នុង​ការ​ប្រើប្រាស់​ពេញលេញ។​

រំឭក​ដែរ​ថា​ WeChat ជា​បណ្ដាញ​សង្គម​មួយ​ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Tencent នា​ឆ្នាំ ២០១១ ហើយ​ចូល​ដល់​ឆ្នាំ ២០១៧ WeChat បាន​ប្រែ​ក្លាយ​ជា​កម្មវិធី​ផ្ញើ​សារ​លំដាប់​ទី ១ ដែល​មាន​អ្នក​ប្រើប្រាស់​ដល់ ៩៣៨ លាន​នាក់។​ ភាគ​ច្រើន​នៃ​អ្នក​ប្រើប្រាស់​ប្រមាណ ៩០ ភាគរយ​ជា​ជនជាតិ​ចិន។

នៅ​ឆ្នាំ ២០១៧ ​មាន​របាយការណ៍​បង្ហាញ​ថា​ប្រមាណ​ពាក់​កណ្ដាល​នៃ​អ្នក​ប្រើប្រាស់​សរុប បាន​ចំណាយ​ពេល​ដល់ ៩០ នាទី ជា​រៀងរាល់​ថ្ងៃ​លើ​ការ​ប្រើប្រាស់​កម្មវិធី​យក្ស​មួយ​នេះ។ WeChat គាំទ្រ​បាន​ទាំង​ការ​ប្រើប្រាស់​នៅ​លើ Android, iPhone, BlackBerry, Windows Phone និង Symbian ហើយ​លើ​កុំព្យូទ័រ​រួម​មាន OS X និង Windows៕

ប្រភព៖ Wiki How | TopBots   ប្រែសម្រួល ​៖ កៅ រក្សា​