ចន្ទគ្រាសនឹងកើតយប់នេះហើយ តាមជំនឿស្ត្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​ធ្វើ​រឿង​ទាំង​នេះ ទើប​ផុត​គ្រោះ

  • 2017-08-07 07:56:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់​នេះ​នឹង​មាន​បាតុភូត​ច័ន្ទគ្រាស​កើត​ឡើង បើ​តាម​ជំនឿ​ដូន​តា​ខ្មែរ​តាំង​ពី​បរម​បុរាណ​មក មាន​ជំនឿ​ថា ​បាតុភូត​នេះ​នឹង​នាំ​គ្រោះ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ។ តាម​ការ​ប្រាប់​របស់​លោកតា​​អាចារ្យ​ ចក់ ឡាង បាន​ឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ច័ន្ទ​គ្រាស​មក​ដល់ ចាស់ៗ​តែង​ដាស់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ឱ្យ​ភ្ញាក់ និង​យក​អក​កំបោរ ឫ​ដុំ​ថ្ម ដាក់​ក្នុង​ថ្នក់​សំពត់​។ ចំណែក​នៅ​មុខ​ផ្ទះ​វិញ​ចាស់ៗ តែង​នាំ​គ្នា​យក​ខ្ទះ យក​ឆ្នាំង យក​ប៉ោត វាយ​​ឱ្យ​ឭ​សំឡេង​ខ្លាំងៗ ដើម្បី​បណ្ដេញ​ខ្មោច​ ព្រាយ​បិសាច ឧបទ្រព​ចង្រៃ ឱ្យ​ខ្ចាត់​ខ្ចាយ​ពី​គ្រួសារ។

​តាម​ជំនឿ​ដូន​តា​ខ្មែរ តែង​ជឿ​ថា ប្រសិន​បើ​មិន​ធ្វើ​បែប​នេះ​ទេ ខ្មោច​ព្រាយ​បិសាច​នឹង​ចូល​សណ្ឋិត​ក្នុង​ខ្លួន​ស្ត្រី​មាន​ផ្ទៃ​ពោះ​នោះ ហើយ​នៅ​ពេល​កូន​កើត​មក​ មាន​លក្ខណៈ​មិន​គ្រប់​ កើត​មក​ដៃ​ជើង​ទន់​ល្វតល្វៃ ចាស់​ៗ​ចំណាំ​ហៅ​ថា (ស្កន់​ជាន់ ឬ​រា​ជាន់)។ ដោយ​សារ​តែ​មាន​ជំនឿ​បែប​នេះ​ហើយ ទើប​ចាស់​ៗ​ពី​ដើម​ក្នុង​សង្គម​ខ្មែរ ប្រយ័ត្ន​ប្រយែង​ណាស់ ដើម្បី​ឱ្យ​កូន​ចៅ​ឆ្លង​ផុត​គ្រោះ​ទាំង​ឡាយ។​​​​

គួរ​ឱ្យ​ដឹង​ដែរ​ថា បាតុភូត​ច័ន្ទគ្រាស​នឹង​កើត​ឡើង​នៅ​យប់​ថ្ងៃ​ទី ០៧ ខែ​សីហា​នេះ ​ក្នុង​នោះ​ប្រទេស​កម្ពុជា​អាច​មើល​ឃើញ​​បាតុភូត​នេះ​បាន​យ៉ាង​ច្បាស់ ​ប្រសិន​បើ​មិន​មាន​ពពក​បាំង​នោះ​ទេ ហើយ​​បណ្ដា​ប្រទេស​ភាគ​ច្រើន​នៅ​​ទ្វីប​អឺរ៉ុប​, អាហ្វ្រិក​, អូស្ត្រាលី និង ប្រទេស​​នៅ​តំបន់​អាស៊ីអាគ្នេយ៍​​ក៏​អាច​​មើល​ឃើញ​ដូច​គ្នា។ ​យោង​តាម​វិបសាយ​​ Time and Date បាន​ព្យាករណ៍​ថា​​បាតុភូត​ចន្ទគ្រាស​នេះ​​នឹង​ចាប់​ផ្ដើម​ចូល​​ពី​ ម៉ោង​ ១០៖៥០ នាទី​យប់​ថ្ងៃ​ទី​ ៧ រហូត​ដល់​ ម៉ោង​ ៣៖៥០ នាទី​ព្រឹក​ថ្ងៃ​ទី​ ៨ ម៉ោង​នៅ​ប្រទេស​កម្ពុជា៕​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី