វៀតណាម​ទើប​បង្ហាញ​ស្មាតហ្វូន​ថ្មី​ សមត្ថភាព​​ខ្លាំង តម្លៃ​ខ្ទង់​ ៤០០ ដុល្លារ

  • 2017-08-09 05:05:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​នេះ​​ក្រុមហ៊ុន​ Bkav របស់​វៀតណាម​បាន​ធ្វើ​ឲ្យ​កក្រើក​ទីផ្សារ​ក្នុង​ស្រុក​ ក្រោយ​ពី​បាន​ប្រកាស​ចេញ​ស្មាតហ្វូន​ស៊េរី​ថ្មី​របស់​ខ្លួន​ដែល​មាន​សមត្ថភាព​ខ្លាំង​ រូបរាង​ស្អាត ថែម​មាន​តម្លៃ​ធូរ​ថ្លៃ​ទៀត។

ស្មាតហ្វូន​ដែល​ក្រុមហ៊ុន​បាន​បង្ហាញ​មាន​ឈ្មោះ​ថា​ Bphone 2017 ដែល​រចនា​ខ្លួន​ពី​សារធាតុ​លោហៈ​ និង មាន​ប្រើ​ប្រាស់​សារធាតុ​កញ្ចក់​នៅ​ផ្នែក​ខាង​ក្រោយ​ មើល​ទៅ​រលោង​ស្អាត។ ស្មាតហ្វូន​នេះ​ដើរ​ដោយ​បន្ទះ​ឈីប​ Qualcomm Snapdragon 625, RAM ទំហំ​ ៣ GB, អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ១៦ GB និង មាន​ថ្ម​ទំហំ​ ៣០០០ mAh អាច​ទ្រាំទ្រ​នឹង​បច្ចេកវិទ្យា​សាក​ថ្ម​បាន​លឿន​ Quick Charge 3.0។

កាមេរ៉ា​ខាង​ក្រោយ​មាន​កម្រិត​ ១៦ MP,​ មាន​មុខងារ​រក្សា​លំនឹង​, អាច​ Focus បាន​លឿន​ និង​ អាច​ថត​វីដេអូ​កម្រិត​ 4K បាន​ទៀត​ផង។ កាមេរ៉ា​ខាង​មុខ​វិញ​មាន​កម្រិត ៨ MP ដែល​មាន​​បញ្ចូល​មក​ស្រាប់​នូវ​ Filter ស្អាត​ជា​ច្រើន​ប្រភេទ។ Bphone 2017 នឹង​មាន​ដាក់​លក់​លើ​ទីផ្សារ​ក្នុង​ស្រុក​នា​ថ្ងៃ​ទី​ ១៩ ខែ​សីហា​នេះ​ក្នុង​តម្លៃ​ ៩,៧៨៩ លាន​ដុង (ប្រហែល​ ៤៣០ ដុល្លារ)។

ក្រុមហ៊ុន​ខាង​លើ​ក៏​បាន​​ផ្ដល់​ភាព​ភ្ញាក់ផ្អើល​បង្ហាញ​ពី​ម៉ូដែល​​មួយ​ទៀត​មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ប្រើ​ឈីប​ Snapdragon 835, RAM ៤ GB និង ​មាន​កាមេរ៉ា​ភ្លោះ ​ដែល​មាន​ឈ្មោះ​ថា​ Bphone 2017 Gold។ យ៉ាងណាក្ដី​ស្មាតហ្វូន​កម្លាំង​ខ្លាំង​នេះ​មិន​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​​ឡើយ ហើយ​ក្រុមហ៊ុន​មិន​មាន​គម្រោង​លក់​វា​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ផលិត​សម្រាប់​លក់​លើ​ទីផ្សារ​បរទេស​ជា​ពិសេស។

បញ្ជាក់​ថា​​គ្រប់​ផ្នែក និង ដំណើរ​ការ​ផលិត​ទាំង​អស់​​សុទ្ធ​តែ​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ Bkav ផ្ទាល់​ រួម​ជា​មួយ​នឹង​ដៃ​គូ​​ផ្គត់ផ្គង់​ក្នុង​ប្រទេស​វៀតណាម៕

រូបភាព និង លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត ៖

  • អេក្រង់ ៖ ទំហំ​ ៥,៥ អ៊ីញ​ ​កម្រិត​ Full HD (1920 x 1080 ភីកសែល) និង ដង់ស៊ីតេ​រូបភាព​ ៤៤១ ភីកសែល​ក្នុង​មួយ​អ៊ីញ
  • កាមេរ៉ា ៖ ក្រោយ​ទំហំ​ ១៦ MP មាន​មុខងារ​ OIS អាច​ថត​វីដេអូ​ 4K និង ខាង​មុខ​ទំហំ​ ៨ MP មាន​មុខងារ​ Auto-Focus
  • ម៉ាស៊ីន ៖ ឈីប​ Snapdragon 625, RAM ទំហំ​ ៣ GB, អង្គ​ផ្ទុក​ទិន្នន័យ​ ៣២ GB
  • ប្រព័ន្ធ​ប្រតិបត្តិការ ៖ Android 7.1
  • ថ្ម​ ៖ ទំហំ​ ៣០០០ mAh អាច​សាក​ថ្ម​បាន​លឿន​ Quick Charge 3.0
  • ចំណុច​ពិសេស ៖ មុខងារ​ស្កេន​ខ្ចៅ​ដៃ​លើ​ប៊ូតុង​ Home និង អាច​​ដាក់​​ស៊ីម​ 4G បាន​ពីរ​

​​​​​​

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី