អ្នកជំនួញហុងកុងជោគជ័យម្នាក់ បាត់ខ្លួន១១ឆ្នាំ ចុងក្រោយប្រទះឃើញដេកតាមផ្លូវ
- 2017-08-09 06:53:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនួញហុងកុងជោគជ័យម្នាក់ បាត់ខ្លួន១១ឆ្នាំ ចុងក្រោយប្រទះឃើញដេកតាមផ្លូវ
ចន្លោះមិនឃើញ
តាមរយៈការខិតខំប្រឹងប្រែងនៃបុគ្គលិកស្ម័គ្រចិត្តចិន បុរសហុងកុងម្នាក់ មានឈ្មោះ Chan Chi-kin ដែលគេជឿជាក់ថា បានបាត់ខ្លួនអស់រយៈពេល ១១ ឆ្នាំ នៅទីបញ្ចប់បានជួបជុំក្រុមគ្រួសារវិញហើយ បន្ទាប់ពីត្រូវគេប្រទះឃើញដេកនៅតាមផ្លូវ។
អ្នកស្ម័គ្រចិត្តម្នាក់នៅអង្គការ «Return Love Home» មានឈ្មោះថា Cheung បានប្រាប់ឲ្យដឹងថា ខ្លួនបានជួបលោក Chan នៅតាមផ្លូវនៃខេត្ត Guangdong កាលពីខែមករា កន្លងទៅនេះ ដោយរូបគេគ្មានផ្ទះសម្បែង ហើយមិនចូលចិត្តទំនាក់ទំនងជាមួយមនុស្ស និង រើសអាហារតាមធុងសំរាមហូប។ ទោះបីជាយ៉ាងណា អ្នកស្ម័គ្រចិត្តខាងលើនិយាយថា លោក Chan មានភាពវាងវៃ និងគួរសមណាស់ ប៉ុន្តែចង់ទាក់ទងគ្នាតាមរយៈសារ ជាជាងការនិយាយផ្ទាល់។
ក្រោយមក លោក Chan ចាប់ផ្ដើមជឿទុកចិត្តលើ លោក Cheung ហើយនៅទីបំផុតបានឲ្យឈ្មោះពេញ , លេខកូដអត្តសញ្ញាណប័ណ្ណ និង ព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀត ដល់អ្នកស្ម័គ្រចិត្តរូបនេះតែម្ដង។ បន្ទាប់ពីដឹងអ្វីគ្រប់យ៉ាងបែបនេះ លោក Cheung ក៏បានរកឃើញថា បុរសអនាថាដើរដេកតាមផ្លូវខាងលើ ការពិតជាអ្នកជំនួញហុងកុង ដែលបានបាត់ខ្លួនអស់រយៈពេលជាយូរមកហើយ។
នៅទីបំផុត កាលពីចុងខែមុន អ្នកស្ម័គ្រចិត្តខាងលើបានទាក់ទងគ្រួសាររបស់ លោក Chan និងបញ្ជាក់ពីអត្តសញ្ញាណរបស់លោក តាមរយៈការហៅវីដេអូ (Video Call) តែម្ដង។
«កូនៗធំអស់ហើយ តើអ្នកនៅទីណា»។ នេះបើតាមសម្តីប្រពន្ធលោក Chan និយាយឆ្លើយឆ្លងតាមរយៈវីដេអូ ខណៈលោក Chan បានត្រឹមតែយំ និងមិននិយាយអ្វីទាំងអស់។
ប្រពន្ធលោក Chan មានឈ្មោះថា Yeung បានប្រាប់ឲ្យដឹងថា ខ្លួន និងប្តីបានរៀបការតាំងពីឆ្នាំ ១៩៩១ មកម្ល៉េះ ហើយមានកូនប្រុសចំនួន ២ នាក់។ ស្រ្តីរូបនេះបានបន្តទៀតថា លោក Chan ធ្លាប់ជាម្ចាស់អាជីវកម្មអេឡិចត្រូនិកដ៏ជោគជ័យម្នាក់។ ផ្ទុយទៅវិញ លោក Chan បានបាត់ខ្លួននៅថ្ងៃខួបកំណើតកូនប្រុសច្បង ក្នុងឆ្នាំ ២០០៦ ហើយបាត់ដំណឹងសូន្យឈឹងចាប់ពីពេលនោះតែម្ដង។
លោកស្រី Yeung បាននិយាយថា លោកស្រីខំចំណាយពេលរាប់ឆ្នាំ ដើម្បីស្វែងរកប្តីរបស់ខ្លួន ប៉ុន្តែក្រោយមកក៏បានបោះបង់ចោល ព្រោះតែលោក Chan មិនបានបង្ហាញខ្លួននៅថ្ងៃបុណ្យសពម្ដាយ ក្នុងឆ្នាំ ២០១០៕
ចុចអាន៖