កូនតារាភាពយន្តជើងចាស់ ជា យុទ្ធថន ចង់បន្តវេនឪពុក តែជាប់កាតព្វកិច្ចជាមួយក្មេងក្រីក្រ
- 2017-08-10 02:56:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនតារាភាពយន្តជើងចាស់ ជា យុទ្ធថន ចង់បន្តវេនឪពុក តែជាប់កាតព្វកិច្ចជាមួយក្មេងក្រីក្រ
ចន្លោះមិនឃើញ
ប្រិយមិត្តមួយចំនួនដែលនិយមទស្សនាខ្សែភាពយន្តកាលពីសម័យមុន ប្រហែលជាមិនទាន់ភ្លេចតារាសម្ដែងដ៏ល្បីល្បាញក្នុងទសវត្សទី៦០ លោក ជា យុទ្ធថន នៅឡើយទេ។
លោក ថន ថារិទ្ធ ត្រូវជាកូនរបស់តារាសម្ដែងដែលមានប្រជាប្រិយភាពខ្លាំងក្នុងសម័យសង្គមរាស្ត្រនិយមគឺលោក ជា យុទ្ធថន បានប្រាប់ Sabay ថា លោកពិតជាចង់បន្តវេនពីឪពុករបស់ខ្លួនណាស់តែដោយសារកាតព្វកិច្ចត្រូវបំពេញទើបបានជាលោកត្រូវបោះបង់ក្ដីស្រមៃរបស់ខ្លួនព្រោះតែជួយសង្គ្រោះកុមារកំព្រានិងក្រីក្រ។
កូនអតីតតារាសម្ដែងរូបនេះ បច្ចុប្បន្នធ្វើជាគ្រូបង្រៀននៅសាលាមួយក្នុងខេត្តព្រះសីហនុ។ ឆ្លៀតពេលទំនេរពីការបង្រៀននៅសាលារដ្ឋ លោកក៏បានបើក "សមាគមអប់រំ និងថែទាំក្មេងកំព្រា"ដើម្បីជួយសង្គ្រោះក្មេងក្រីក្រ និងកំព្រាផងដែរ។
សមាគមនោះមានក្មេងសរុបចំនួន៦៧នាក់ ហើយក្មេងកំព្រាគ្មានទីពឹងទាំងស្រុងមានចំនួន១៥នាក់ ដូច្នេះលោកត្រូវផ្គត់ផ្គង់ពួកគេគ្រប់យ៉ាង។ ចំពោះក្មេងក្រីក្រតែមានឪពុកម្ដាយ គឺគាត់យកអង្ករមកដាំហូបជុំគ្នា។ នេះជាការបញ្ជាក់ពីលោក ថន ថារិទ្ធ។
ប្រធានសមាគមរូបនេះបានលើកឡើងថា រាល់ការចំណាយគឺខ្វះខាតខ្លាំង លោកត្រូវយកប្រាក់ខែដែលបានពីការបង្រៀននៅសាលារដ្ឋបានបន្តិចបន្តួចនោះទៅចំណាយតែនៅតែមិនគ្រប់។ កន្លងមកមានជំនួយពីសប្បុរសជនមួយចំនួនដែរ តែបានតែមួយគ្រាៗតែប៉ុណ្ណោះ។
“ខ្ញុំមាននិស្ស័យខាងសិល្បៈ ខ្ញុំចង់ស្នងឪពុកម្ដាយណាស់ តែដោយសារកាតព្វកិច្ចរបស់ខ្ញុំជាគ្រូបង្រៀន ខ្ញុំត្រូវតែជួយរដ្ឋដើម្បីឱ្យកូនខ្មែរយើងចេះ ម៉្យាងខ្ញុំអាណិតក្មេងកំព្រាព្រោះខ្ញុំក៏កំព្រាដែរ។ ខ្ញុំធ្លាប់បានសម្ដែងរឿង២រឿងដែរ ទី១រឿង"ឈាមអនាថា" ទី២រឿង"កែវភ្នែកសំណព្វចិត្ត”។
ថ្ងៃទី១៥ សីហា ខាងមុខនេះលោកនឹងនាំក្មេងក្រីក្រម្នាក់ទៅសហរដ្ឋអាមេរិកដើម្បីរកជំនួយពីសហគមន៍ខ្មែរនៅទីនោះមកជួយមណ្ឌលឱ្យដំណើរការបន្តទៀត៕