មិន​ទាន់​អី​ផង មាន​សេវាកម្ម​ឡើង​ស៊េរី​ទៅ​​ iPhone 8 បាត់

  • 2017-08-10 02:38:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 8 រំពឹង​ថា​នឹង​បង្ហាញ​ខ្លួន​ក្នុង​ពេល​មួយ​ខែ​ទៀត​ ពោល​នៅ​អំឡុង​ខែ​កញ្ញា។ ប៉ុន្តែ​មាន​ហាង​មួយ​ចំនួន​នៅ​ទីក្រុង​ហូជីមិញ​ ប្រទេស​វៀតណាម​ បាន​ចាប់​ផ្ដើម​​បើក​សេវាកម្ម​​កែ​សម្បក iPhone ធម្មតា​ឡើង​ទៅ​ iPhone 8 បាត់​ទៅ​ហើយ។

អ្នក​តំណាង​ហាង​មួយ​រូប​បាន​លើក​ឡើង​ថា​សម្បក​ iPhone 8 របស់​ពួក​គេ​បាន​មក​ដល់​ទីផ្សារ​តាំង​ពី​ដើម​ខែ​សីហា​ ហើយ​បច្ចុប្បន្ន​​សេវាកម្ម​របស់​ខ្លួន​ទទួល​បាន​ការ​គាំទ្រ​គួរ​សម​ ដោយ​មួយ​ថ្ងៃ​មាន​អតិថិជន​ ៥-៧ នាក់​មក​ជាវ​សេវាកម្ម។ សម្បក​ iPhone 8 ដែល​ប្រើ​សម្រាប់​ដូរ​មាន​ពណ៌​​ខ្មៅ​រលោង, មាស, ស និង ក្រហម។ យ៉ាងណាក្ដី​សម្បក​នេះ​ដូរ​បាន​តែ​សម្រាប់​ iPhone 6, 6 Plus, 6s និង 6s Plus ដោយ​មិន​អាច​ដូរ​លើ iPhone 7 ឬ 7 Plus បាន​ព្រោះ​តែ​កាមេរ៉ា។

មួយ​វិញ​ទៀត​ការ​ដូរ​សម្បក​នេះ​ ដូរ​បាន​តែ​សម្បក​ផ្នែក​ខាង​ក្រោយ​ប៉ុណ្ណោះ​ ហើយ​ប្ដូរ​មួយ​ដង​​ត្រូវ​ចំណាយ​ប្រមាណ​ ៦១ ដុល្លារ។ តាម​ការ​សង្កេត​មើល​ទៅ​ សម្បក​​ដែល​ប្ដូរ​នេះ​មាន​ចំណុច​ដូច​គ្នា​តិច​តូច​ប៉ុណ្ណោះ​ជា​មួយ​នឹង​ iPhone 8 ដែល​លេច​ធ្លាយ​កន្លង​មក​ ក្នុង​នោះ​រួម​មាន​កាមេរ៉ា​ភ្លោះ​បញ្ឈរ ហើយ​ចំណុច​ដែល​មើល​ទៅ​ទើស​ភ្នែក​បន្តិច​គឺ​ត្រង់​ភ្លើង​ Flash ​ដែល​ស្ថិត​នៅ​ដាច់​តែ​ឯង៕

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង