Juventus លេង​មួយ​ក្បាច់​នេះ ​ក្លឹប​អ្នក​មាន​បុណ្យ​ Barca ដាច់​ផ្ងារ​តែ​ម្ដង!

  • 2017-08-10 11:43:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន Paulo Dybala ពាក់​អាវ​លេខ​១០ នា​រដូវ​កាល​ថ្មី​នេះ បើ​តាម​ការ​ផ្សព្វផ្សាយ​ជា​ផ្លូវ​ការ​តាម​បណ្ដាញ​សង្គម Twitter ​របស់​ក្លឹប​កាល​ពី​ព្រឹក​មិញ​ជា​សញ្ញា​មួយ​បញ្ជាក់​ថា កីឡាករ​វ័យ​ ២៣​ឆ្នាំ​រូប​នេះ​នឹង​មិន​ចាក​ចេញ​ពី​ក្លឹប​យក្ស​អ៊ីតាលី​ទៅ​ក្លឹប​អ្នក​មាន​បុណ្យ Barcelona ដូច​ដែល​ពាក្យ​ច​ចាម​អារាម​នោះ​ទេ។

Dybala នឹង​ប្ដូរ​លេខ​អាវ​ពី​លេខ​២១ ទៅ​លេខ​ ១០​វិញ នា​រដូវ​កាល​ថ្មី​នេះ ដែល​លេខ ១០​ គឺ​ជា​លេខ​និមិត្តរូប​យ៉ាង​សំខាន់​របស់​ក្លឹប ព្រោះ​វា​ត្រូវ​បាន​ពាក់​ដោយ​វីរបុរស​ក្លឹប​ល្បីៗ​ និង​កីឡាករ​ល្អ និង​ឆ្នើម​ៗ​ជា​ច្រើន​ដូចជា​កីឡាករ  Alessandro Del Piero, Michel Platini, Carlos Tevez និង Paul Pogba ជា​ដើម។ លេខ​អាវ​នេះ​ត្រូវ​បាន​ទុក​ឲ្យ​ទំនេរ​កាល​ពី​រដូវ​កាល​មុន បន្ទាប់​ពី​ខ្សែ​បម្រើ​សញ្ជាតិ​បារាំង Paul Pogba បាន​ចាក​ចេញ​ពី​ក្លឹប​សេះ​បង្កង់ ទៅ​ក្លឹប​បិសាច​ក្រហម Manchester United ក្នុង​តម្លៃ​ថ្លៃ​បំផុត​នា​ពេល​នោះ។ ការ​ដូរ​លេខ​​ប្រៀប​បី​ដូច​ជា​ការ​បញ្ជាក់​ពី​ភាព​សំខាន់​នៃ​កីឡាករ​វ័យ​ក្មេង​រូប​នេះ​ចំពោះ​ក្លឹប Juventus ហើយ​ក្លឹប​នេះ​ក៏​ចង់​បញ្ចប់​ពី​ពាក្យ​ច​ចាម​អារាម​ដែល​ថា​កីឡាករ​នឹង​ទៅ​ជំនួស​ Neymar ដែល​ទើប​នឹង​ចាក​ចេញ​នៅ Barca ផង​ដែរ។

តាំង​ពី​ក្លាយ​ជា​កីឡាករ​របស់​ក្លឹប​ជើង​ឯក​អ៊ីតាលី​តាំង​ពី​ឆ្នាំ ២០១៥មក Dybala បាន​អភិវឌ្ឍន៍​ខ្លួន​យ៉ាង​ខ្លាំង រហូត​ក្លាយ​ជា​កីឡាករ​ដ៏​ឆ្នើម​ និង​សំខាន់​បំផុត​សម្រាប់​ក្លឹប​យក្ស​អ៊ីតាលី​មួយ​នេះ។ ចំណែក​ឯ​ក្លឹប​អ្នក​មាន​បុណ្យ Barcelona វិញ​កំពុង​មមាញឹក​តាម​រក​អ្នក​ជំនួស​កន្លែង​របស់ Neymar បន្ទាប់​ពី​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​បាន​ចាក​ចេញ​ទៅ​ក្លឹប​មហា​សេដ្ឋី​ PSGក្នុង​ការ​ផ្ទេរ​ដ៏​ធំ​សម្បើម​បំផុត​ក្នុង​កំណត់ត្រា​បាល់​ទាត់​ជាមួយ​នឹង​ទំហំ​ទឹក​ប្រាក់ ២២២​លាន អឺរ៉ូ កាល​ពី​សប្ដាហ៍​មុន៕

ប្រភព៖ Dailymail   ប្រែសម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី