ទម្លាយ​មូល​ហេតុ​ដែល​តារា​ជើង​ចាស់ ឌី សាវ៉េត សុខ​ចិត្ត​បើក​ឡាន​ខ្លួន​ឯង​ ទោះ​មាន​វ័យ​ច្រើន​ក្តី

  • 2017-08-11 02:31:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួឯក​ស្រី​ដ៏​ល្បីល្បាញ​តាំង​ពី​ទសវត្ស​៦០ អ្នក​ស្រី ឌី សាវ៉េត មិន​ត្រឹម​តែ​មាន​រូប​សម្រស់​ស្រស់​ស្អាត​តាំង​ពី​វ័យ​ក្មេង​ រហូត​ដល់​វ័យ​ចំណាស់​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​មាន​កម្លាំង​ព​លំ​មាំមួន​​ អាច​បើក​ឡាន​ដោយ​ខ្លួន​ឯង​ទៀត។

តារា​ស្រី​រីក​គ្រប់​រដូវ​រូប​នេះ​បាន​ប្រាប់ Sabay ថា​ អ្នក​ស្រី​តែង​តែ​បើក​ឡាន​ខ្លួន​ឯង​ រាល់​ពេល​ចេញ​ទៅ​ណា​មក​ណា តាំង​តែ​ពី​អ្នក​ស្រី​នៅ​វ័យ​ក្មេង​មក​ម្ល៉េះ។

ទោះ​ជា​មាន​វ័យ​ច្រើន​បន្តិច​ក្តី តារា​​ទឹក​ភ្នែក​ដ៏​មាន​ប្រជាប្រិយភាព​ វ័យ​ ៧៣ឆ្នាំរូប​នេះ មិន​បាន​ទុក​ចិត្ត​ឱ្យ​នរណា​ម្នាក់​បើក​ឡាន​ឱ្យ​ខ្លួន​ឡើយ តែ​បើ​អ្នក​នោះ​មាន​បទ​ពិសោធ​ពី ២០ ទៅ ៣០ឆ្នាំ ក្នុង​ការ​បើក​បរ​ទើប​អ្នកស្រី​​ទុក​ចិត្ត​ឱ្យ​បើក​ជូន។

“ខ្ញុំ​អត់​ទម្លាប់​ឱ្យ​គេ​បើក​ឱ្យ ខ្ញុំ​អត់​ទុក​ចិត្ត ដូច​ថា​អ៊ីចឹង​ចរាចរណ៍​ឥឡូវ​នេះ​ពិបាក​ណាស់ គេ​បើក​អត់​ដូច​យើង​បើក​ទេ អ៊ីចឹង​ខ្ញុំ​អត់​ឱ្យ​គេ​បើក​ឱ្យ​ហ្មង​។ ខ្ញុំ​ទម្លាប់​បើក​ឡាន​ខ្លួន​ឯង​តាំង​ពី​ក្មេង​មក ដូច​ជា​ទៅ​ណា​ជិត​ឆ្ងាយ​អី​ខ្ញុំ​បើក​ខ្លួន​ឯង”។

អ្នក​ស្រី​ ឌី សាវ៉េត ត្រូវ​បាន​​ទស្សនិកជន ដាក់​ងារ​ឱ្យ​ថា​ជា​តារា​រីក​គ្រប់​រដូវ​ និង​ជា​តារា​ទឹក​ភ្នែក​ដ៏​មាន​មនោសញ្ចេតនា​បំផុត។ អ្នក​ស្រី​ចាប់​ផ្ដើម​ចូល​ប្រលូក​​ក្នុង​វិស័យ​សិល្បៈ​តាំង​ពី​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​មក​ម្ល៉េះ ហើយ​បើ​គិត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ អ្នក​ស្រី​បាន​សម្ដែង​រឿង​ប្រមាណ​ជា​១០០រឿង​មក​ហើយ។ រឿង​ល្បី​ៗ​ដែល​អ្នក​ស្រី​សម្ដែង​មាន​ដូច​ជា​រឿង "ពស់​កេងកង​” ក្នុង​ទសវត្សរ៍​ទី​៦០ រឿង"បុប្ផា​អង្គរ” រឿង "អ្នក​ម្ដាយ" និង​មាន​រឿង​ជា​ច្រើន​ទៀត៕​

អត្ថបទៈ ប៉ូ សាគុន