ប្រមូល​ស្រី​ស្អាត​កម្ពុជា​គ្រប់​ទិស​ទី មក​ចូល​រួម​ប្រកួត​យក​តំណែង Miss Global (វីដេអូ)

  • 2017-08-11 08:41:54
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្នុង​កិច្ចពិភាក្សា​ស្ដី​ពី​ការ​រៀបចំ​កម្មវិធី​ជ្រើសរើស​កញ្ញា​ឯក​ពិភព​លោក ឬ​ Miss Global នៅ​ក្រសួង​​ទេសចរណ៍​កាល​ពី​ព្រឹក​មិញ​នេះ លោក អឿន រតនៈ អ្នក​សម្រប​សម្រួល​កម្មវិធី​នេះ បាន​លើក​ឡើង​ថា​កម្ពុជា​នឹង​ប្រារព្ធ​កម្មវិធី​មួយ​​ ដើម្បី​ជ្រើស​រើស​ស្រី​ស្អាត​ម្នាក់​តំណាង​កម្ពុជា​ ទៅ​​ប្រកួត​ក្នុង​កម្មវិធី​លំ​ដាប់​អន្តរ​ជាតិ​ខាង​លើនេះ។

លោក​បន្ត​ថា កម្មវិធី​នេះនឹង​ប្រព្រឹត្តទៅ​អំឡុង​ខែ​តុលា ខ្ទង់​សប្ដាហ៍​ទី​២ ដោយ​មាន​គណៈ​កម្មការ​១០​រូប ៥​នាក់​ជា​ជន​ជាតិ​កម្ពុជា​ និង​៥​នាក់​ផ្សេង​ទៀត​មក​ពី​អន្តរជាតិ។

លោក​បន្ថែម​ថា ស្ថាប័ន​លោក​មាន​គម្រោង​ប្រមែប្រមូល​ស្រី​ស្អាត​កម្ពុជា​ពី​គ្រប់​ទិស​ទី​ មិន​ថា​ក្នុង​ស្រុក​ ឬ​ក្រៅ​ស្រុកឡើយ។ គោល​បំណង​នោះ គឺ​ដើម្បី​ឲ្យ​កម្ពុជា​បាន​ទទួល​បេក្ខនារី​ម្នាក់​ ដែល​មាន​ទាំង សមត្ថភាព សម្រស់ ទេពកោសល្យ ទៅ​ប្រកួត​ជា​ស្រី​ស្អាត​មក​ពី​ច្រើន​ប្រទេស​ផ្សេង​ទៀត និង​សង្ឃឹម​កម្ពុជា​អាច​ទទួល​បាន​ចំណាត់​ថ្នាក់​យ៉ាង​ហោច​ណាស់ពី​លេខ​១ ដល់​លេខ​៥​ដែរ។

លោក អឿន រតនៈ

"បេក្ខភាព​ក្រៅ​ស្រុក​ដែល​យើង​គិត​ថា​ អាច​នឹង​មក​ប្រកួត​បាន​មាន​ច្រើន​​ដូច​ជា អាមេរិក កាណាដា អូស្ត្រាលី បារាំង អាចមាន​ទៅ​ដល់​អ៊ុយក្រែន​ទៀត"។ លោក​ រតនៈ បញ្ជាក់។

ក្នុង​នោះ​លោក​បាន​បន្ថែម​ផង​ដែរ កម្មវិធី​ជ្រើស​ស្រី​ស្អាត​នេះ​ នឹង​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ចាប់​ពី​ពេល​នេះ​តទៅ ដើម្បី​ចេញ​ទៅ​ប្រកួត​ថ្នាក់​ជាតិ​ជា​បន្ត​បន្ទាប់​។ ​

ជា​មួយ​គ្នា​នោះ​ សូរ​ អេណា អតីត​បេក្ខភាព​កម្ពុជា​ដែល​ចូល​រួម​ប្រកួត​កម្មវិធី​ខាង​លើ​ កាល​ពី​ឆ្នាំ ២០១៦​ នៅប្រទេស​ភីលីពីន ក៏បានបង្ហាញពីមោទនៈភាព និង​ភាពសប្បាយ​រីក​រាយ​ ដែល​កម្ពុជា​យើង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ឆ្នាំ​នេះ។ កញ្ញាក៏បាន​ផ្ដាំ​ផ្ញើ​ទៅ​កាន់​​អ្នក​​ដែល​​ចង់​​ចូលរួម​ប្រកួត​ថា៖ " ខ្ញុំ​សូម​ផ្ដាំ​ផ្ញើ​ទៅ​កាន់​ប្អូន​ជំនាន់​ក្រោយ​ថា អ្នក​ទាំង​អស់​គ្នា​ត្រូវជឿ​ជាក់​លើ​ខ្លួន​ឯង ត្រូវ​មាន​សម្រស់​ស្រស់​ស្អាត ចំណេះ​ដឹង​ខ្ពស់​ និង​ចេះ​រក្សា​តម្លៃ​វប្បធម៌​ប្រទេស​ជាតិ​យើង"។

ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ Miss Global លើក​ទី​៥​ ឆ្នាំ ​២០១៧​ នេះ នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី​​១៨​ ខែ វិច្ឆិកា ឆ្នាំ​ ២០១៧ ខាង​មុខ ដែល​មាន​កម្ពុជា​ម្ចាស់​ផ្ទះ និង​ ឯកឧត្ដម​ ថោង ខុន រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍​ចូល​រួម​ជា​កិត្តិយស៕ ​ ​


អត្ថបទ៖ Men Sokna