បានទៅលេង សៀមរាប កុំភ្លេចឆៀងចូលទស្សនា សារមន្ទីរជាតិអង្គរ កន្លែងអភិរក្សបេតិកភណ្ឌខ្មែរ!

  • 2025-04-30 07:23:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សៀមរាប៖ សារមន្ទីរជាតិអង្គរ ដែលជាមជ្ឈមណ្ឌលអភិរក្ស និងផ្សព្វផ្សាយវប្បធម៌ខ្មែរដ៏ល្បីល្បាញនៅខេត្តសៀមរាប នៅតែបន្តទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាមួយនឹងការតាំងពិពណ៌បែបទំនើប និងវត្ថុបុរាណដ៏មានតម្លៃ។ សារមន្ទីរនេះមិនត្រឹមតែជាកន្លែងបង្ហាញពីប្រវត្តិសាស្ត្រនៃអាណាចក្រអង្គរប៉ុណ្ណោះទេ ថែមទាំងជាទីតាំងសម្រាប់អ្នកស្រាវជ្រាវ និងអ្នកចូលចិត្តវប្បធម៌ខ្មែរស្វែងយល់ពីអតីតកាលដ៏រុងរឿង។

សារមន្ទីរជាតិអង្គរ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៦០ ក្នុងក្រុងសៀមរាប បានបើកដំណើរការជាផ្លូវការនៅឆ្នាំ២០០៧។ សារមន្ទីរនេះ ដាក់តាំងបង្ហាញនូវវត្ថុបុរាណជាង ១,០០០ ដែលភាគច្រើនជាស្នាដៃសិល្បៈខ្មែរពីសម័យអង្គរ។ ក្នុងនោះរួមមានរូបចម្លាក់ថ្ម ព្រះពុទ្ធរូប និងវត្ថុបុរាណផ្សេងទៀតដែលឆ្លុះបញ្ចាំងពីភាពរុងរឿងនៃអរិយធម៌ខ្មែរក្នុងសតវត្សទី៩ ដល់ទី១៤។

សារមន្ទីរនេះមានបន្ទប់តាំងពិពណ៌ចំនួន៨ ដែលបន្ទប់នីមួយៗផ្តល់នូវទស្សនៈផ្សេងៗគ្នាអំពីអាណាចក្រអង្គរ ចាប់ពីសាសនា ស្ថាបត្យកម្ម រហូតដល់ជីវិតប្រចាំថ្ងៃរបស់ប្រជាជនសម័យនោះ។ បន្ថែមពីនេះ សារមន្ទីរបានបំពាក់បច្ចេកវិទ្យាទំនើប និងមគ្គុទ្ទេសក៍អូឌីយ៉ូ ជាច្រើនភាសា ដើម្បីផ្តល់បទពិសោធន៍សិក្សាដ៏សម្បូរបែបដល់ភ្ញៀវទេសចរ។ ក្នុងឆ្នាំ២០២៤ សារមន្ទីរបានទទួលភ្ញៀវទេសចរជាង ១៥០,០០០ នាក់ ដែលភាគច្រើនជាភ្ញៀវអន្តរជាតិមកពីប្រទេសចិន កូរ៉េខាងត្បូង និងអឺរ៉ុប។

សម្រាប់អ្នកដែលមានបំណងទស្សនា សារមន្ទីរជាតិអង្គរបើកទទួលភ្ញៀវជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៨:៣០ ព្រឹក ដល់ ៦:០០ ល្ងាច។ តម្លៃសំបុត្រសម្រាប់ភ្ញៀវអន្តរជាតិគឺ ១២ ដុល្លារអាមេរិក ខណៈភ្ញៀវជាតិអាចចូលទស្សនាដោយឥតគិតថ្លៃ៕

អត្ថបទ ៖ គីម ណារ៉ាក់

អត្ថបទថ្មី