Zidane ៖ ​ក្រុម​ Real ​នឹង​អាច​ឈ្នះ​ពាន​បាន​ទៀត ​ដោយ​មិន​បាច់​ទិញ​នរណា​ថែម​ឡើយ

  • 2017-08-13 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Zidane ​គ្រូ​បង្វឹក​ក្រុម Real Madrid ​មិន​ចង់​ទិញ​កីឡាករ​ណា​ម្នាក់​មក​បន្ថែម​ក្នុង​ក្រុម​នោះ​ទេ បើ​ទោះ​ជា​បាន​លក់​កីឡាករ​ដូចជា James ​និង Morata ​ចេញ​ទៅ​ហើយ​ក៏​ដោយ។

គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​រូប​នេះ​បាន​ប្រាប់​ទៅ​ប្រធាន​ក្លឹប​លោក Florentino Perez ​ថា​មិន​ត្រូវ​ការ​កីឡាករ​ណា​បន្ថែម​ឡើយ ​ដោយ​គ្រាន់​តែ​រក្សា​១១​នាក់​ដំបូង​ឱ្យ​បាន​កាល​ពី​លេង​នៅ UEFA Champions League ​រដូវ​កាល​មុន​ទៅ គឺ​ក្លឹប​នឹង​អាច​ធ្វើ​អ្វី​បាន​ទាំង​អស់។ ការ​និយាយ​បែ​ប​នេះ​មាន​ន័យ​ថា ​ក្រុម​អធិរាជ​ស ​នឹង​មិន​លក់​កីឡាករ​ចេញ​ទៀត​នោះ​ទេ ​ហើយ​ក៏​មិន​ទិញ​កីឡាករ​ថ្មី​ចូល​ដែរ ​ពោល​គឺ​រក្សា​កីឡាករ​ក្នុង​ក្រុម​ទាំង​អស់​ដើម្បី​លេង​សម្រាប់​រដូវ​កាល​ថ្មី​តែ​ម្ដង។

ឆ្លើយ​តប​ចំពោះ​រឿង​នេះ​ដែរ ​លោក Perez ​ក៏​យល់​ព្រម​ជាមួយ Zidane ​ហើយ​ក៏​មិន​ព្រម​លក់​កីឡាករ​ណា​ទៅ​ដោយ​ក្លឹប​ណា​នោះ​ដែរ។ ​សេដ្ឋី​អេស្ប៉ាញ​ម្នាក់​នេះ ​បង្ហើប​ថា​លោក​អាច​ទិញ​នរណា​គេ​ក៏​បាន ​បើ​សិន​ជា​ក្លឹប​មាន​តម្រូវ​ការ ប៉ុន្តែ​បើ​ក្រុម​ទាំង​មូល​មាន​កីឡាករ​ល្អ​ទៅ​ហើយ​នោះ ​វា​គ្មាន​ហេតុផល​អ្វី​ត្រូវ​នាំ​ចូល​អ្នក​ថ្មី​នោះ​ទេ។

Zidane ​ទើប​តែ​ចូល​ដឹក​នាំ​ក្រុម Real Madrid ​បាន​ជាង​១​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​ជួយ​ក្រុម​នេះ​លើក​ពាន​ច្រើន​មែន​ទែន ​ជា​ពិសេស​នោះ​គឺ​ UEFA Champions League ​២​ដង​និង La Liga ​១​ដង។ នៅ​យប់​នេះ ពួកគេ​នឹង​លេង​ទល់​ក្រុម FC Barcelona ​ក្នុង​ពាន​រង្វាន់ Spanish Super Cup ​មួយ​ទៀត៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី