El Clasico ​យប់​នេះ ​តើ Barcelona ​ឬ Real Madrid ​ជា​អ្នក​ទឹក​ភ្នែក?

  • 2017-08-13 03:54:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើក​ឆាក​រដូវ​កាល​ថ្មី​នៅ​អេស្ប៉ាញ ​ក្រុម Barcelona ​និង​ Real Madrid ​ត្រូវ​ប៉ះ​គ្នា​ក្នុង​ពាន​រង្វាន់ Spanish Super Cup ​ជើង​ទី​១​នៅ​ម៉ោង​៣​​ទាប​ភ្លឺ​ព្រឹក​ស្អែក​នេះ​ហើយ។

ម្ចាស់​ផ្ទះ Barcelona ​នឹង​ត្រូវ​លេង​ប្រកួត​នេះ ដោយ​គ្មាន​វត្តមាន​កីឡាករ​ថ្មី​ជំនួស​តំណែង​របស់ Neymar ​នោះ​ទេ ត្បិត​អី​ពួកគេ​មិន​ទាន់​រក​បាន​នៅ​ឡើយ។ ក្រុម​អ្នក​មាន​បុណ្យ​មួយ​នេះ ​នឹង​លេង​ក្រោម​បច្ចេកទេស​ថ្មី​របស់​លោក Ernesto Valverde ​ហើយ​កីឡាករ​សំខាន់​ៗ​ដូចជា Lionel Messi ​និង Suarez ​ជា​ដើម​នោះ សុទ្ធ​តែ​អាច​ចូល​លេង​បាន​ទាំង​អស់។ ខណៈ​ដែល​តំណែង​របស់ Neymar ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​អាច​នឹង​ Paco Alcacer ឬ​ Gerard Deulofeu ​ជា​អ្នក​ជំនួស​សិន។

លោក Ernesto Valverde ​និយាយ​ចំពោះ​ទម្រង់​លេង​របស់ Real Madrid ​ថា​៖ “នរណា​ក៏​ដឹង​ថា Madrid ​ជា​ក្រុម​ល្អ ពួកគេ​មាន​កីឡាករ​ល្អ​ច្រើន។ ពួកគេ​ទើប​តែ​ឈ្នះ​ពាន European Super Cup ​ដែល​លេង​បាន​យ៉ាង​ល្អ ប៉ុន្តែ​យើង​ត្រូវ​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ដើម្បី​ឈ្នះ​ពួកគេ។ ខ្ញុំ​មិន​ផ្ដោត​លើ​ប្រកួត​មិត្តភាព​ឡើយ ព្រោះ​វា​ខុស​គ្នា​ជាមួយ​ការ​ប្រកួត​ពេល​នេះ”។

លោក Ernesto Valverde

ចំពោះ​ក្រុម Real Madrid ​វិញ ​ក្នុង​ប្រកួត​នេះ​ដែរ ​ពួកគេ​នឹង​អវត្តមាន​ខ្សែ​បម្រើ​សំខាន់​ម្នាក់ Luka Modric ​ដោយសារ​តែ​រូបគេ​ជាប់​បម្រាម​កាត​ក្រហម។ ដូច្នេះ​ក្រុម​របស់​លោក Zidane ​អាច​នឹង​ Mateo Kovacic ​មក​ជំនួស។ ស្រប​ពេល Cristiano Ronaldo ​វិញ ​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​ធម្មតា ប៉ុន្តែ​មិន​ច្បាស់​ថា​អាច​ចូល​លេង​បាន​ឬ​អត់​នោះ​ទេ ព្រោះ​រូបគេ​សម្រាក​លំហែ​កាយ​យូរ​ពេក ត្រូវ​ការ​ពេល​ហ្វឹកហាត់​ប្រមូល​កម្លាំង​មក​វិញ។

លោក Zidane

លោក Zidane ​បាន​និយាយ​ចំពោះ​ការ​ប្រកួត​ដែរ​ថា​៖ “ពួកគេ​បាន​ផ្លាស់ប្ដូរ​ច្រើន ប៉ុន្តែ Barcleona ​គឺ​នៅ​តែ Barcelona ​ដដែល។ ពួកគេ​គ្មាន​ចំណុច​ខ្សោយ​ទេ យើង​ដឹង​ពី​របៀប​ដែល​ពួកគេ​លេង។ យើង​លេង​ប្រកួត​នេះ​២​ប្រកួត ​នៅ​ដី​គេ​១ប្រកួត​និង​ដី​យើង​១​ប្រកួត។ អ្វី​ដែល​ខ្ញុំ​ចង់​បាន គឺ​ខ្ញុំ​ចង់​លេង​ពាន​រង្វាន់​នេះ​តែ​១​ជើង​ប៉ុណ្ណោះ យក​ឈ្នះ​ចាញ់​តែ​ម្ដង​”។

ចំពោះ​ជម្រើស​១១​នាក់​ដំបូង​វិញ​អាច​ជា​៖

  • FC Barcelona ៖ Ter Stegen, Semedo, Pique, Umtiti, Alba; Busquets, Rakitic, Sergi Roberto; Deulofeu, Suarez, Messi ។

  • Real Madrid ៖ Navas; Carvajal, Varane, Ramos, Theo; Casemiro, Kroos, Kovacic; Isco, Benzema, Bale ៕

អត្ថបទ៖ មុន្នីរម្យ