ទី​បំផុត! អ្នក​និពន្ធ​បទ "Sorry Baby” ខ្មែរ​ចេញ​មុខ​បក​ស្រាយ​ និង​សុំ​ទោស​ជា​សាធារណៈ

  • 2017-08-14 03:12:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ផ្ទុះ​រឿង​អ្នក​និពន្ធ​ និង​តារា​ចម្រៀង​​វៀតណាម​រិះគន់​ជុំ​វិញ​ការ​ចម្លង​បទ "I'm Sorry Babe” ​របស់​ពួក​គេ លោក​ វ៉ា សុភាវឌ្ឍនា ហៅ Darex Wa ដែល​ជា​អ្នក​និពន្ធ​ និង​ប្រែ​សម្រួល​បទ​នេះ​ផ្ទាល់​បាន​ចេញ​មុខ​បក​ស្រាយ​ហើយ។ ​​​​​​

លោក​បាន​សរសេរ​សារ​សុំ​ទោស​ជា​សាធារណៈ​មួយ​ថា "ខ្ញុំ​បាទ​សុំ​ធ្វើ​ការ​អភ័យ​ទោស​ ដោយ​មិន​បាន​សុំ​ការអនុញ្ញាត​ជា​មុន​ក្នុង​ការ​យក​មក​ផលិត​បន្ត​ ដោយ​ហេតុ​យល់​មិន​ដល់​សេចក្ដី​ លើ​រឿង​អភ័យ​ឯកសិទ្ធ​និង​ជា​លំហូរ​យូរយារ​មក​ហើយ​ ទើប​មាន​ការ​ធ្វេស​ប្រហែស​នេះ​កើតឡើង​ ជា​ពិសេស​គឺ​សុំ​អភ័យ​ទោស​ អ្នក​និពន្ធ​ដើម​លោក​ Bao Thach ផង​ដែរ​"

ក្នុង​នោះ​លោក​ក៏​​មាន​ថ្លែង​អំណរ​គុណ ដល់​រាល់​ការ​រិះគន់​ និង​ការ​លើក​ទឹក​ចិត្ត​ លើក​សរសើរ​ លើ​ការងារ​របស់​លោក​កន្លងមក​។

ដើម្បី​ជា​ឆ្លើយ​តប​នឹង​ការ​រិះ​គន់ នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ លោក​នឹង​បង្ហាញ​សមិទ្ធផល​ថ្មី​ជា​ Album មួយ​សម្រាប់​តារា​ចម្រៀង​ម្នាក់​ក្នុង​ផលិតកម្ម​តែ​ម្ដង។ លោក​បញ្ជាក់​ប្រាប់​ Sabay ថា​៖ "វ៉ុល​ហ្នឹង​សម្រាប់​តារា​ចម្រៀង​ម្នាក់​សុំ​លាក់​ឈ្មោះ​សិន ដែល​ចេញ​ជា​​ Original សុទ្ធ​តែ​ម្ដង​ ឥឡូវ​កំពុង​ដុត​ដៃ​ដុត​ជើង​ធ្វើ"។

វ៉ា សុភាវឌ្ឍនា បាន​ចូល​បម្រើ​ការងារ​ក្នុង​ផលិតកម្ម​ Town ​សរុប​២​ឆ្នាំ​ហើយ សម្រាប់​សមិទ្ធផល​ថ្មី​ៗ​ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​នៅ​ក្នុង​វិស័យ​តែង​និពន្ធ​នេះ គឺ បទ "យក្ខ" និង "ចប់ដោយរីករាយ" របស់ ឈិត សុវណ្ណបញ្ញា នេះ​មិន​គិត​បទ​ដែល​យក​មក​ចម្លងហើយ​ល្បី​នោះ​ទេ។

គួរ​រំលឹក​ថា នេះ​មិន​ជា​លើក​ទី​១​ទេ ដែល​កវី​និពន្ធ​ខ្មែរ​ចម្លង​ទំនុក​ភ្លេង ឬ​ទំនុក​ច្រៀង​ពី​បរទេស ពោល​គឺ​មាន​អ្នក​ចម្រៀង​ជា​ទៀត​ត្រូវ​បាន​ចេញ​លក់​លើ​ទីផ្សារ​ហើយ​ត្រូវ​ភាគី​បរទេស​ប្រតិកម្ម ​ដូចជា​ "Neu la anh” មាន​ជា​​ភាសា​ខ្មែរ​ចំនួន​២​បទ​គឺ "មនុស្ស​ស្រី​គិត​ច្រើន មនុស្ស​ប្រុស​គិត​ងាយ" របស់ ឆន សុវណ្ណរាជ និង សន ផល្លិកា ផលិតកម្ម​ហង្ស​មាស និង​ "ចង់​មាន​តំណែង​ក្នុង​បេះ​ដូង​អូន​" របស់​ នីកូ ក្នុង​ផលិតកម្ម​សាន់​ដេ។

អត្ថបទ៖ សុខណា