និស្សិតអាហារូបករណ៍កម្ពុជា ៩ រូបត្រៀមខ្លួនបន្តថ្នាក់អនុបណ្ឌិតនៅកូរ៉េ ក្រោយវគ្គតម្រង់ទិសពី KOICA
- 2026-01-16 05:57:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និស្សិតអាហារូបករណ៍កម្ពុជា ៩ រូបត្រៀមខ្លួនបន្តថ្នាក់អនុបណ្ឌិតនៅកូរ៉េ ក្រោយវគ្គតម្រង់ទិសពី KOICA
ចន្លោះមិនឃើញ
ដើម្បីជាជំនួយមុនថ្ងៃធ្វើដំណើរទៅបន្តការសិក្សានៅប្រទេសកូរ៉េនាខែកុម្ភៈខាងមុខនេះ ការិយាល័យKOICA ប្រចាំកម្ពុជាកាលពីថ្ងៃទី ១៣ មករា ២០២៦សប្ដាហ៍នេះ បានរៀបចំវគ្គតម្រង់ទិសនិស្សិតជ័យលាភី ដើម្បីបកស្រាយយ៉ាងលម្អិតពីកម្មវិធីអាហារូបករណ៍ ការរស់នៅ និងការសិក្សានៅសាធារណរដ្ឋកូរ៉េ ការរៀបចំជីវភាពរស់នៅ សុវត្ថិភាព ព្រមទាំងនីតិវិធីរដ្ឋបាលពាក់ព័ន្ធសំខាន់ៗផ្សេងទៀត។
វគ្គនេះមានគោលបំណងបង្កើនការត្រៀមខ្លួនរបស់ទទួលអាហារូបករណ៍ឲ្យបានពេញលេញ មុនចាប់ផ្តើមដំណើរអប់រំនៅបរទេស និងពិសេសបំផុតគឺអាចទទួលបានអត្ថប្រយោជន៍ខ្ពស់បំផុតពីការសិក្សារបស់ខ្លួន។
ជ័យលាភីអាហារូបករណ៍ KOICA របស់កម្ពុជា ឆ្នាំ២០២៥ វគ្គទី២ មានចំនួន ៩នាក់ ដែលជាមន្ត្រីមកពីក្រសួង ស្ថាប័នមួយចំនួន ដែលនឹងបន្តសិក្សាថ្នាក់អនុបណ្ឌិតរបស់ពួកគេលើ ៤ជំនាញ ដូចខាងក្រោមនេះ៖
១- គោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន នៅសាលា KDI
២- គោលនយោបាយ និងហិរញ្ញវត្ថុសុខាភិបាល នៅសាកលវិទ្យាល័យ Yonsei
៣- ការគ្រប់គ្រងការប្រែប្រួលអាកាសធាតុ និងបរិស្ថាន នៅសាកលវិទ្យាល័យ Inchoen
៤- រដ្ឋាភិបាលឌីជីថល និងការគ្រប់គ្រងរដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យHandong Global
កម្មវិធីអាហារូបករណ៍ KOICA ត្រូវបានចាត់ទុកជាកម្មវិធីស្នូលមួយក្នុងយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សរបស់ KOICA ដែលផ្តោតលើការពង្រឹងសមត្ថភាពស្ថាប័ន និងការបណ្តុះបណ្តាលមេដឹកនាំអនាគតនៅប្រទេសដៃគូ តាមរយៈការផ្តល់ឱកាសសិក្សាកម្រិតខ្ពស់ និងបទពិសោធន៍អន្តរជាតិ។ គិតមកដល់ពេលនេះ មន្ត្រីរាជការកម្ពុជាចំនួន ២៤៣ នាក់ បានបញ្ចប់ ឬកំពុងបន្តការសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យនានា នៅសាធារណរដ្ឋកូរ៉េ ក្រោមកម្មវិធីអាហារូបករណ៍ KOICA។ ការអប់រំ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា។
អំឡុងវគ្គតម្រង់ទិសនេះដែរ លោក ហ៊ត ស្រ៊ឺ ប្រធានការិយាល័យបុគ្គលិក នៃការិយាល័យ KOICA ប្រចាំកម្ពុជា បានសម្ដែអការអបអរសាទរដល់និស្សិតអាហារូបករណ៍ទាំងអស់ ចំពោះការជ្រើសរើសដោយជោគជ័យ និងបានគូសបញ្ជាក់ពីតួនាទីសំខាន់របស់ពួកគេ ក្នុងនាមជាមេដឹកនាំអនាគត និងជាអ្នកជំរុញការផ្លាស់ប្តូរវិជ្ជមានក្នុងសង្គម។ លោកក៏បានបញ្ជាក់ថា កម្មវិធីអាហារូបករណ៍ KOICA ជាសញ្ញាបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមាំមួនរបស់រាជរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ក្នុងការគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការបន្ត និងការវិនិយោគលើធនធានមនុស្ស។
ទន្ទឹមគ្នានេះដែរកញ្ញា អ៊ឹង សូនីតា ប្រធានការិយាល័យ នៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន ក្រសួងពាណិជ្ជកម្ម តំណាងឲ្យក្រុមនិស្សិតទទួលបានអាហារូបករណ៍នេះដែរបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ តាមរយៈកម្មវិធីអាហារូបករណ៍នេះ និងការយកចំណេះដឹង បទពិសោធន៍ និងជំនាញដែលទទួលបាន មកអនុវត្តជាក់ស្តែង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍជាតិមាតុភូមិ ពេលត្រឡប់មកកម្ពុជាវិញនិងបញ្ចប់ការសិក្សាដោយជោគជ័យ។
វគ្គណែនាំនេះ មិនត្រឹមតែមានតួនាទីជាវេទិកាត្រៀមខ្លួនមុនចាប់ផ្តើមការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ ការបង្កើនការយល់ដឹង និងទំនាក់ទំនងរវាងអ្នកទទួលបានអាហារូបករណ៍ក្នុងជំនាន់ជាមួយគ្នា ក៏ដូចជាភាគីពាក់ព័ន្ធ។
ថ្នាក់ដឹកនាំនិងតំណាងKOICA ប្រចាំកម្ពុជាក៏បានអបអរសាទរ និងជូនពរឲ្យជ័យលាភីអាហារូបករណ៍ទាំងអស់ ទទួលបានជោគជ័យក្នុងការសិក្សា និងវិលត្រឡប់មកបម្រើប្រទេសជាតិ និងក្រសួងស្ថាប័នរបស់ខ្លួន ជាមួយនឹងជំនាញដែលបានរៀនសូត្រ ទស្សនវិស័យអន្តរជាតិ និងការប្តេជ្ញាចិត្ត ក្នុងការរួមចំណែកយ៉ាងសកម្ម ដល់ស្ថាប័នខ្លួន ដើម្បីចូលរួមអភិវឌ្ឍប្រកបដោយចីរភាពដល់ប្រទេសជាតិ៕