ធនាគារ វីង លុបបំណុលដល់គ្រួសារជនរងគ្រោះពី ជម្លោះព្រំដែន
- 2026-03-10 08:18:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធនាគារ វីង លុបបំណុលដល់គ្រួសារជនរងគ្រោះពី ជម្លោះព្រំដែន
ចន្លោះមិនឃើញ
[រាជធានីភ្នំពេញ, ថ្ងៃទី១០ ខែមិនា ឆ្នាំ ២០២៦] — ក្នុងស្មារតីយោគយល់ និងតម្កល់ផលប្រយោជន៍សហគមន៍ជាធំ ធនាគារ វីង (Wing Bank) បានបន្តដើរតួនាទីជាឆ្អឹងខ្នងយ៉ាងរឹងមាំសម្រាប់ប្រជាជនកម្ពុជា ដោយបានប្រកាសលុបបំណុលជាលើកទី ២ ជូនដល់គ្រួសារដែលរងគ្រោះដោយសារជម្លោះព្រំដែន។
ការឈរនៅក្បែរប្រជាជនក្នុងគ្រាដ៏លំបាកបំផុត
កាលពីថ្មីៗនេះ ក្រុមការងារធនាគារ វីង បានចុះទៅសួរសុខទុក្ខដោយផ្ទាល់ និងនាំយកនូវដំណឹងដ៏រីករាយក្នុងការ លុបបំណុលជាលើកទី ២ ក្នុងទឹកប្រាក់សរុប ១៥០០០០ ដុល្លារ ជូនដល់គ្រួសារយោធា នៅក្នុងខេត្តចំនួន ៣ រួមមាន៖ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងព្រះវិហារ ដែលជាតំបន់រងផលប៉ះពាល់ខ្លាំងពីជម្លោះព្រំដែនកម្ពុជា-ថៃ។
គិតត្រឹមពេលនេះ ទឹកប្រាក់ដែលធនាគារ វីង បានលុបបំណុលជូនប្រជាជនបានកើនឡើងសរុបប្រមាណ ២០០០០០ ដុល្លារ ហើយ។ សកម្មភាពនេះមិនត្រឹមតែជាការជួយសម្រាលបន្ទុកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែគឺជាការអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្ដីណែនាំរបស់ ធនាគារជាតិ នៃកម្ពុជា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងស្ថានភាពចាំបាច់។
លើសពីការលុបបំណុល គឺទឹកចិត្តអាណិតស្រឡាញ់
ក្រៅពីការលើកលែងបន្ទុកបំណុល ធនាគារ វីង រួមជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ ព្រមទាំងសមាគមសិល្បករខ្មែរ ក៏បានសហការគ្នាយ៉ាងសកម្មតាមរយៈ “មូលនិធិទ្រទ្រង់ជនភៀសសឹក”។ នេះគឺជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លាប្រកបដោយសប្បុរសធម៌របស់ អ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដើម្បីនាំយកគ្រឿងឧបភោគបរិភោគ និងជំនួយមនុស្សធម៌ចាំបាច់នានា ជូនដល់គ្រួសារដែលកំពុងជួបការលំបាកខ្លាំង។
អ្វីដែលកាន់តែរំភើប និងបង្ហាញពីសាមគ្គីភាពផ្ទៃក្នុងនោះគឺ បុគ្គលិកគ្រប់លំដាប់ថ្នាក់នៃធនាគារ វីង ក៏បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនបន្ថែមទៀត ដើម្បីជាកម្លាំងចិត្ត និងក្តីសង្ឃឹមជួយដល់បងប្អូនខ្មែរនៅតំបន់ព្រំដែន ឱ្យមានលទ្ធភាពស្តារជីវភាពឡើងវិញ និងរស់នៅក្នុងសុខសន្តិភាព។
សកម្មភាពនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ធនាគារ វីង តែងតែស្ថិតនៅជាមួយអ្នក!