មីស៊ីល​កូរ៉េខាងជើង​ កំពុង​រំកិល​ទៅ​ទីតាំង​ត្រៀម​បាញ់

  • 2017-08-15 02:32:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្កាយ​រណប​ចារកម្ម​របស់​សហរដ្ឋអាមេរិក បាន​សង្កេត​ឃើញ​ថា​មីស៊ីល​កូរ៉េខាងជើង​កំពុង​រំកិល​ទៅ​កាន់​ទីតាំង​សម្រាប់​ត្រៀម​បាញ់​កោះ Guam នា​ពេល​ណា​មួយ ខណៈ​ដែល​កង​កម្លាំង​សហរដ្ឋអាមេរិក​កំពុង​ស្ថិត​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត។

ព័ត៌មាន​ចុង​ក្រោយ​នេះ ចាប់​ផ្ដើម​បង្ហោះ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិកJames Mattis បាន​លើក​ឡើង​ថា ការ​​ប្រឈម​មុខ​គ្នា​កាន់​តែ​ខ្លាំង អាច​ឈាន​ដល់​ការ​ផ្ទុះ​សង្គ្រាម។ ភាព​តាន​តឹង​បាន​កើន​កម្ដៅ​​តាំង​ពី​ថ្ងៃ​ទី៩ ខែ​សីហា បន្ទាប់​ពី​ប្រធានាធិបតី​ទី៤៥ របស់​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ គំរាម​វាយ​ប្រហារ​ក្រុង​ព្យុងយ៉ាង ឯ​កូរ៉េខាងជើង​ក្រោម​របប គីម ជុងអ៊ុន គំរាម​បាញ់​មីស៊ីល​ទៅ​កាន់​កោះ Guam។

មុន​នេះ​បន្តិច សារព័ត៌មាន​រដ្ឋ​កូរ៉េ បាន​ផ្សាយ​ថា ប្រធានាធិបតី​វ័យ​ក្មេង គីម ជុងអ៊ុន កំពុង​រៀប​ចំ​យុទ្ធសាស្ត្រ​យ៉ាង​ប្រុង​ប្រយ័ត្ន​បំផុត ដើម្បី​ត្រៀម​កម្ទេច Guam ឲ្យ​ឆាប​ឆួល​ក្នុង​ភ្លើង។ មេ​ដឹក​នាំ​វ័យ ៣៣​ឆ្នាំ បាន​និយាយ​ថា លោក​នៅ​ចាំ​មើល​អាកប្បកិរិយា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីងតោន​បន្តិច​ទៀត តែ​ការ​សម្រេច​ចិត្ត​នឹង​ធ្វើ​ឡើង​ភ្លាមៗ បើ​អាមេរិក​នៅ​តែ​បង្ក​សកម្មភាព​ដ៏​គ្រោះ​ថ្នាក់​របស់​ខ្លួន។

មីស៊ីល​ដែល​កូរ៉េខាងជើង​កំពុង​ប្រកាស​ក្ដែងៗ​សម្ញែង​ពិភពលោក អាច​ជា Hwasong HS-12 ប៉ុន្តែ​វា​គ្មាន​សមត្ថភាព​ហោះ​ដល់​ដែន​ដី​គោក​របស់​សហរដ្ឋអាមេរិក​ឡើយ។ យ៉ាង​ណា​ក្ដី មូលដ្ឋាន​ទ័ព​នៅ​កោះ Guam និង​ជប៉ុន គឺ​ជា​ទីតាំង​កំពុង​រង​ការ​គំរាម​កំហែង​ខ្លាំង​បំផុត ហើយ​​ជា​គោល​ដៅ​ដែល​កូរ៉េខាងជើង​គំរាម​វាយ​ប្រហារ​ពាក់​កណ្ដាល​ខែ​នេះ៕

Hwasong HS-12

ប្រភព៖ News.com.au   ប្រែ​សម្រួល៖ គង់ វិសាល