លែង​ហ៊ាន​​ឲ្យ​គេ​ខ្ចី ឬ ខ្ចី​​កាស​គេ​​ហ្មង បើ​ដឹង​ហេតុផល​ដ៏​គគ្រិច​​នេះ

  • 2017-08-16 07:02:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជឿ​ថា​អ្នក​​ប្រាកដ​ជា​ធ្លាប់​ត្រូវ​មិត្តភ័ក្ដិ​ខ្ចី​កាស ឬ ធ្លាប់​ខ្ចី​កាស​មិត្តភ័ក្ដិ​ប្រើ​ជា​មិន​ខាន​ឡើយ។ ​បន្ទាប់​ពី​ដឹង​ពី​ហេតុផល​​ដ៏​គួរ​ឲ្យ​រអើម​មួយ​អ្នក​ច្បាស់​ជា​លែង​ធ្វើ​រឿង​នេះ​ជា​មិន​ខាន។​​​

ផ្អែក​តាម​ការ​សិក្សា​​របស់​វិបសាយ​ BuzzFeed ឲ្យ​ដឹង​ថា​ត្រចៀក​របស់​​មនុស្ស​មាន​ពោរ​ពេញ​ដោយ​​កោសិកា​ងាប់, បាក់តេរី​ រួម​ទាំង​អាចម៍​ត្រចៀក​ផង​ដែរ ប៉ុន្តែ​វា​មិន​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ឡើយ។ អ្វី​ដែល​ជា​បញ្ហា​ខ្លាំង​​គឺ​នៅ​លើ​កាស​​​ស្ដាប់​ដែល​ដាក់​ជាប់​ត្រចៀក​ ដោយ​សារ​កាស​ទទួល​យក​សារធាតុ​គ្រប់​បែប​យ៉ាង​ពី​បរិស្ថាន​ជុំវិញ​​ប្រមូល​ផ្ដុំ​ជា​កំណ, ភាព​ស្អិត​ រួម​ទាំង​សំណើម​ផង​ដែរ។

ប្រសិន​បើ​កំណ​​គ្រប​ពេញ​លើ​កាស​ស្ដាប់​ វា​អាច​ជា​ស្រទាប់​​មួយ​ដែល​ឃុំ​បាក់តេរី​ ទប់​ស្កាត់​​មិន​ឲ្យ​ចេញ​ទៅ​ណា ដូច​នេះ​វា​អាច​រស់​នៅ​លើ​កាស​នេះ ហើយ​លូត​លាស់​បែក​ខ្ញែក​​កាន់​តែ​ច្រើន។

ដូច​រំលឹក​ខាង​លើ​ថា​បាក់តេរី​ដែល​មាន​ស្រាប់​នៅ​ក្នុង​ត្រចៀក​មិន​ប៉ះពាល់​អ្វី​ដល់​សុខភាព​មនុស្ស​ឡើយ ប៉ុន្តែ​បើ​ចំនួន​បាក់តេរី​នេះ​កើន​ឡើង​លើស​ធម្មតា​ដោយ​សារ​ការ​ពាក់​កាស​ នោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​បាន ដូច​ជា​បញ្ហា​សើ​ស្បែក​ជា​ដើម។ ជា​ដំណោះ​ស្រាយ​ដើម្បី​កុំ​ឲ្យ​កាស​ស្ដាប់​របស់​អ្នក​មាន​ជាប់​សារធាតុ​មិន​ល្អ​ អ្នក​អាច​ទុក​ដាក់​វា​ក្នុង​ប្រអប់​ឲ្យ​បាន​ត្រឹម​ត្រូវ និង ប្រើ​តែ​ម្នាក់​ឯង​បាន​ហើយ៕​​​​​​

ប្រភព៖ buzzfeed   ប្រែ​សម្រួល៖ សុខហេង