អាវុធ​ខ្លាំង​​របស់​ Nokia ​​ប្រើ​សម្រាប់​ផ្ដួល​ iPhone 8 និង Note 8 បង្ហាញ​ខ្លួន​ហើយ

  • 2017-08-17 02:04:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ​នេះ​ក្រុមហ៊ុន​ HMD Global ដែល​ទទួល​បាន​សិទ្ធ​ផលិត​ទូរសព្ទ​ម៉ាក​ Nokia បាន​បង្ហាញ​ចេញ​ស្មាតហ្វូន​ស៊េរី​ខ្ពស់​របស់​ខ្លួន​គឺ​ Nokia 8 ដែល​ប្រើ​សម្រាប់​ប្រជែង​នឹង​ iPhone 8 និង Note 8។

Nokia 8 នឹង​បញ្ចេញ​លក់​លើ​ទីផ្សារ​បរទេស​នា​ដើម​ខែ​កញ្ញា​​ក្នុង​តម្លៃ​ ៥៩៩ អឺរ៉ូ​ ប្រហែល​ ៧០៥ ដុល្លារ ។ ចំពោះ​លក្ខណៈ​សម្បត្តិ​របស់​ Nokia 8 នេះ​មាន​ដូច​ជា​អេក្រង់​ទំហំ​ ៥,៣ អ៊ីញ​​​កម្រិត​ Quad HD 2560 x 1440 ភីកសែល, ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​​ថ្មី​បំផុត​ Snapdragon 835, RAM ទំហំ​ ៤ GB និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ ៦៤ GB អាច​បន្ថែម​ទំហំ​បាន។

ត្បិត​ថា​បច្ចុប្បន្ន​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ភាគ​ច្រើន​មាន​ទំនោរ​ផលិត​ស្មាតហ្វូន​មិន​មាន​ប៊ូតុង​ Home និង​មាន​ស៊ុម​អេក្រង់​ស្ដើង​ ប៉ុន្តែ​ Nokia 8 ​ហាក់​មិន​បាន​ដើរ​តាម​ទំនោរ​នេះ​ឡើយ​ ដោយ​នៅ​តែ​បំពាក់​ប៊ូតុង​ Home អម​ដោយ​គ្រាប់​ចុច​ និង មាន​ស៊ុម​អេក្រង់​ធំ។ និយាយ​ពី​ការ​ឌីហ្សាញ​ Nokia 8 មាន​កម្រាស់​ ៧,៣ ម.ម, មាន​តួ​ខ្លួន​រាង​កោង, មាន​ខ្សែ​អង់តែន​នៅ​គែម​ទូរសព្ទ​លើ​/ក្រោម និង​មាន​សម្បក​ធ្វើ​ពី​អាលុយមីញ៉ូម។ ជម្រើស​ពណ៌​មាន​ដូច​ជា​ពណ៌​​ខៀវ​រលោង, ខៀវ​គ្រើម, ទង់ដែង​ និង ពណ៌​ប្រផេះ។

ចំណុច​​ខ្លាំង​របស់​ Nokia 8 ​គឺ​នៅ​ត្រង់​ប្រព័ន្ធ​កាមេរ៉ា​​ដោយ​វា​ជា​ស្មាតហ្វូន​ Android ម៉ាក​ Nokia ដំបូង​ដែល​​ប្រើ​ Sensor របស់​ Zeiss ទាំង​នៅ​លើ​កាមេរ៉ា​មុខ និង ក្រោយ មិន​តែ​ប៉ុណ្ណោះ​មាន​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​នៅ​ផ្នែក​ខាង​ក្រោយ​ទៀត​ផង។ កាមេរ៉ា​ទាំង​ ៣ គ្រាប់​សុទ្ធ​តែ​មាន​ទំហំ​ ១៣ MP ដោយ​ប្រព័ន្ធ​កាមេរ៉ា​ខាង​ក្រោយ​មាន​កាមេរ៉ា​មេ​ជា​កាមេរ៉ា​ថត​រូប​ពណ៌, មាន​​បច្ចេកវិទ្យា​រក្សា​លំនឹង​ OIS និង​មួយ​ទៀត​ជា​កាមេរ៉ា​ថត​រូប​ ស-ខ្មៅ មាន​ Aperture f/2.0 ដូច​គ្នា។ កាមេរ៉ា​ខាង​មុខ​វិញ​​ក៏​មាន​ Aperture f/2.0 ដែរ​ដោយ​​ប្រើ​ភ្លើង​អេក្រង់​ជំនួយ​ជា​ភ្លើង​ Flash ពេល​ថត​រូប​ទៀត​ផង។

Software នៃ​ការ​ថត​រូប​ហាក់​មិន​មាន​អ្វី​អស្ចារ្យ​នោះ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​ HMD បាន​បន្ថែម​មុខងារ​មួយ​ឈ្មោះ​ថា​ “Bothie Mode”។ មុខងារ​នេះ​ស្រដៀង​ទៅ​នឹង​អ្វី​ដែល​ Samsung និង LG ប្រើ​​ពី​មុន​មក​ដែរ ដោយ​អាច​ថត​វីដេអូ​ ឬ​ រូបភាព​​ដោយ​ប្រើ​កាមេរ៉ា​មុខ និង ក្រោយ​ក្នុង​ពេល​តែ​មួយ ប៉ុន្តែ​ Nokia 8 ពិសេស​ត្រង់​ថា​អាច​​ផ្សាយ​ផ្ទាល់​វីដេអូ​ទៅ​ Facebook ឬ YouTube បាន។ ​​​

​​Nokia 8 មាន​ថ្ម​ទំហំ​ ៣០៩០ mAh ដែល​អាច​ទ្រាំទ្រ​នឹង​បច្ចេកវិទ្យា​ Quick Charge 3.0 បាន​ ហើយ​មុខងារ​ផ្សេង​ទៀត​រួម​មាន​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​លើ​ប៊ូតុង​ Home។ បើ​មើល​លើ​ចំណុច​ពិសេស​ដែល​បាន​បង្ហាញ​ខាង​លើ​ Nokia 8 ហាក់​មិន​អាច​ប្រជែង​នឹង​ iPhone 8 ឬ Note 8 បាន​ឡើយ ដោយ​សារ​កង្វះ​ខាត​មុខងារ​សាក​ថ្ម​ឥត​ប្រើ​ខ្សែ, មិន​មាន​ការ​រចនា​ដែល​អាច​​ធន់​នឹង​ទឹក និង ការ​រចនា​​រូបរាង​នៅ​មិន​ទាន់​សម័យ៕

ប្រភព៖ theverge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី